បន្ទុកចំណាយ និងកង្វះពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំ ជាមូលហេតុចម្បងដែលនាំឱ្យយុវជនថៃប្រមាណ៤៤ភាគរយ មានទំនោរមិនចង់មានកូន ក្រោយចំណងអាពាហ៍ពិពាហ៍។ នេះបើយោងតាមលទ្ធផលថ្នាក់ជាតិមួយ។
បន្ទាប់ពីរៀបការបាន៤ឆ្នាំ Sira Kitpinyochai និង Boontarika Namsena មានអារម្មណ៍សប្បាយរីករាយជាមួយការចិញ្ចឹមសត្វឆ្មាចំនួន ១១ក្បាល។ អ្នកទាំងពីរមានគំនិតបោះបង់ការមានកូនតាំងពីមុនពេលរៀបការ។ លោកស្រី Boontarika Namsena ជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលផ្សារទំនើបបាននិយាយថា «ការចិញ្ចឹមកូន គឺដូចជាបន្ទុកមួយដោយមានការចំណាយច្រើនពេក»។ ស្វាមីរបស់លោកស្រី គឺលោក Sira Kitpinyochai ជាពាណិជ្ជករភាគហ៊ុនដែលតែងតែនៅក្នុងការិយាល័យ ១០-១២ម៉ោងក្នុងមួយថ្ងៃអះអាងថា អ្នកទាំងពីរមិនមានពេលដើម្បីមើលថែកូនឡើយ។
ស្រដៀងគ្នា កញ្ញា Anchalee Chaichanavijit នាយកប្រតិបត្តិនៃសមាគមទីផ្សារថៃបាននិយាយថា នាងបើកចិត្តចង់មានស្នេហា ប៉ុន្តែមិនចង់មានកូនទេ។ Anchalee ព្រួយបារម្ភថា ការចិញ្ចឹមកូននឹងត្រូវការប្រាក់ ពេលវេលា និងកម្លាំងបន្ថែម។ «ខ្ញុំមិនចង់មានកូនទេ ពីព្រោះជីវិតខ្ញុំ បានបង្រៀនពីភាពលំបាកគ្រប់គ្រាន់ហើយ»។ នេះបើតាមសារព័ត៌មានសិង្ហបុរី CNA ។
![](https://image.thmeythmey.com/pictures/2024/06/24/a.png)
កញ្ញា Anchalee Chaichanavijit (ឈរ) ។ រូបភាព ៖ CNA
ទស្សនៈនៃការមិនចង់មានកូនកំពុងឆ្លុះបញ្ចាំងពីការគិតរបស់យុវជនថៃភាគច្រើន។ ការស្ទង់មតិរបស់វិទ្យាស្ថានជាតិសម្រាប់ការអភិវឌ្ឍន៍ថៃ(NIDA)បង្ហាញថា អត្រា ៤៤ភាគរយ មិនមានបំណងចង់មានកូនទេ។
ហេតុផលចម្បងៗដែលនាំឲ្យយុវជនគិតបែបនេះ ដោយសារការចំណាយលើការចិញ្ចឹមកូន ការព្រួយបារម្ភអំពីផលប៉ះពាល់នៃស្ថានភាពសង្គមលើកុមារ និងមិនចង់មានបន្ទុកមើលថែទាំក្មេង។
គំនិតទាំងនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរនៅក្នុងអត្រាកំណើតរបស់ថៃមានត្រឹមតែ ១,០៨ កាលពីឆ្នាំមុន ដែលជាប់ចំណាត់ថ្នាក់ចុងក្រោយនៅអាស៊ីអាគ្នេយ៍។ ប្រសិនបើនិន្នាការនេះនៅតែបន្ត ប្រជាជនថៃត្រូវបានប៉ាន់ប្រមាណថាអាចកាត់បន្ថយពាក់កណ្តាលពី ៦៦លាននាក់ ទៅ៣៣លាននាក់ក្នុងរយៈពេល ៦០ឆ្នាំខាងមុខ។
នៅឆ្នាំ១៩៧០ ថៃបានចាប់ផ្តើមកម្មវិធីផែនការគ្រួសារក្នុងគោលបំណងកាត់បន្ថយកំណើនប្រជាជន និងជំរុញសេដ្ឋកិច្ច ហើយទទួលបានជោគជ័យបន្ទាប់ពីរយៈពេល ៦ឆ្នាំ។ វានៅតែត្រូវបានអនុវត្តរហូតមកដល់សព្វថ្ងៃ ដែលស្ត្រីរៀបការរួចចំនួន ៣ភាគ៤ បានប្រើប្រាស់វិធានការពន្យារកំណើត។
ថៃបានរក្សាអត្រាអាពាហ៍ពិពាហ៍អស់មួយទសវត្សរ៍មកហើយ ប៉ុន្តែគូស្វាមីភរិយាបានជ្រើសរើសមិនមានកូនជាបណ្ដោះអាសន្ន ឬជាអចិន្ត្រៃយ៍។ គូស្វាមីភរិយាទាំងនេះត្រូវប្រឈមមុខនឹងភាពចាស់ដោយអត់មានកូន ខណៈចំនួនមនុស្សលើសពី ៦០ឆ្នាំមានចំនួន ១ភាគ៥ នៃចំនួនប្រជាជនសរុប។
លោក Thawatchai Potin រស់នៅទីក្រុងបាងកក ដែលជាអ្នកជួសជុលកង្ហារតាំងពីអាយុ ២៥ឆ្នាំ ហើយបន្តរហូតដល់អាយុ ៧៤ឆ្នាំ។ លោកនិយាយថា ៖« ខ្ញុំមិនអាចរស់នៅដោយគ្មានការងារធ្វើបានទេ»។ អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ លោកត្រូវសន្សំស៊ុតទុកដើម្បីរស់ ព្រោះប្រសិនបើលោកត្រឡប់ទៅស្រុកកំណើតវិញ Thawatchai មានអារម្មណ៍ថាលោកជាបន្ទុកដល់កូនៗ»។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃបង្ហាញថា អត្រា ៤១,៤ភាគរយនៃមនុស្សចាស់មានប្រាក់សន្សំតិចជាង ១៥០០ដុល្លារ និងអត្រា ៧៨,៣ភាគរយរកបានតិចជាង ៣០០០ដុល្លារក្នុងមួយឆ្នាំ។ ទន្ទឹមនេះ មនុស្សចាស់ម្នាក់ត្រូវការប្រាក់ប្រហែល ១២៩ពាន់ដុល្លារ ប្រសិនបើចង់ចូលនិវត្តន៍នៅក្នុងទីក្រុង។
កន្លងមក រដ្ឋាភិបាលថៃបានបែងចែកថវិកាជាង២លានដុល្លារ ដើម្បីផ្តល់ប្រាក់ដល់មនុស្សចាស់។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់ រដ្ឋាភិបាលនឹងប្រឈមមុខនឹងសម្ពាធថ្មី។
ការផ្លាស់ប្តូរអត្រាប្រជាសាស្រ្តនេះ នឹងតម្រូវឱ្យមានការចំណាយលើការថែទាំមនុស្សចាស់ជាច្រើន រួមទាំងថ្នាំ ហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ និងការព្យាបាលរាងកាយ។ យោងតាមការប៉ាន់ប្រមាណមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ នឹងមានយ៉ាងហោចណាស់ ២៨ភាគរយនៃចំនួនប្រជាជននៅឆ្នាំ ២០៣៣ ៕