ជាតិ
សិល្បះ
ក្រសួងវប្បធម៌ បញ្ជាក់ពីនិយមន័យពាក្យ ដែលប្រើប្រាស់ក្នុងសិល្បៈ
24, Jun 2024 , 9:29 pm        
រូបភាព
រូបតំណាង (រូបពីហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
រូបតំណាង (រូបពីហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីវាក្យសព្ទដែលប្រើក្នុងប្រកាស ស្ដីពី ក្រមសីលធម៌នៃអ្នកសិល្បៈ ដើម្បីផ្សព្វផ្សាយដល់សាធារណជន ឱ្យបានយល់ពីនិយមន័យ ដែលបានកំណត់ដោយក្រសួង។



ក្រមសីលធម៌នៃអ្នកសិល្បៈ សំដៅដល់បណ្ដុំវិធាន ឬវិន័យសម្រាប់ចង្អុលបង្ហាញ ឱ្យអ្នកដែលកំពុងធ្វើសកម្មភាព ពាក់ព័ន្ធនឹងវិស័យសិល្បៈ វប្បធម៌ ឱ្យប្រតិបត្តិតែអំពើល្អ វៀរចាកអំពើអាក្រក់ ដើម្បីទទួលបានកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។ នេះបើតាមក្រសួងវប្បធម៌។
 
ក្រសួង ក៏បានកំណត់ពាក្យគុណធម៌ សំដៅដល់កិរិយា នៃការប្រព្រឹត្តទៅប្រកបដោយសេចក្ដីល្អ បរិសុទ្ធ អាណិត ប្រណី និងជាកិរិយា ដែលចម្រើនឡើង ដល់ការតបស្នង ចំពោះអ្នកដែលមានឧបការគុណមកលើខ្លួន។ ដោយឡែក ប្រឌិតញាណ សំដៅដល់គំនិតច្នៃប្រឌិតថ្មីៗ ដែលទាក់ទងនឹងវិស័យសិល្បៈវប្បធម៌។ ចំណែក មនសិការ សំដៅដល់ការកំណត់ទុកនៅក្នុងចិត្ត ដំណើរយកចិត្តទុកដាក់។ វប្បធម៌ សំដៅដល់ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា ផ្នត់គំនិត បច្ចេកវិទ្យា និងឥរិយាបថនៃសង្គមមនុស្ស ឬ ជាតិសាសន៍មួយ។
 
សម្រាប់ពាក្យ វប្បធម៌អវិជ្ជមាន សំដៅដល់អំពើដែលពាក់ព័ន្ធ នឹងវិស័យវប្បធម៌ទាំងឡាយណា ដែលអាចនឹងនាំឱ្យមានព្យសនកម្ម ដល់វប្បធម៌ប្រពៃណីដ៏ល្អរបស់ជាតិ។ វោហារសព្ទ សំដៅដល់ពាក្យសម្ដី ថ្វីមាត់ដែលបានបន្លឺឡើង។ សច្ចធម៌ សំដៅដល់កិរិយា នៃការប្រព្រឹត្តទៅប្រកបដោយ សេចក្ដីពិតនិងទៀងត្រង់។ សីលធម៌ សំដៅដល់កិរិយា នៃការប្រព្រឹត្តទៅដោយវៀរចាកនូវអំពើអាក្រក់ ប្រកាន់យកតែអំពើល្អទាំងកាយ វាចា និងចិត្ត។ នេះបើតាមក្រសួង។ 
 
សុចរិតធម៌ សំដៅដល់ការប្រព្រឹត្ត អំពើល្អទាំងកាយ វាចា និងចិត្ត (កាយសុចរិត វចីសុចរិត មនោសុចរិត)។ អ្នកសិល្បៈ សំដៅដល់ជនដែលមានចំណេះដឹង និងបានធ្វើសកម្មភាពពាក់ព័ន្ធទៅនឹង ផ្នែកតូរ្យតន្ត្រី ចម្រៀង រាំ របាំ វោហារសព្ទ និងផលិតផលសិល្បៈវប្បធម៌។ អ្នកបង្កើតស្នាដៃ សំដៅដល់អ្នកនិពន្ធ ឬ ជនដែលបានបង្កើតតូរ្យតន្ត្រី របាំ ចម្រៀង វោហារកោសល្យ ប្រឌិតញាណ និងផលិតផលសិល្បៈវប្បធម៌។ អ្នកសម្ដែង សំដៅដល់អ្នកសិល្បៈ អ្នករបាំ អ្នកតន្ត្រី អ្នកចម្រៀង អ្នកបញ្ចេញកាយវិការ និងអ្នកប្រើប្រាស់វោហារសព្ទ៕
 

Tag:
 សិល្បៈ
  វប្បធម៌
  ក្រមសីលធម៌
  ក្រសួងវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com