ជាតិ
រដ្ឋបាលខេត្តពោធិ៍សាត់ ឱ្យពលរដ្ឋដែលពាក់ព័ន្ធនៅតំបន់អន្ទង់អាំង សហការរុះរើចេញ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់
× គិតមកទល់ពេលនេះ មានពលរដ្ឋចំនួន ៧២គ្រួសារ ដែលបានយល់ព្រមចាកចេញពីតំបន់អន្ទង់អាំង (ភ្នំ១៥០០) ក្នុងភូមិសាស្ត្រ ភូមិដីក្រហម ឃុំអន្លង់រាប។ ការរៀបចំតំបន់អន្ទង់អាំង (ភ្នំ១៥០០) ឱ្យទៅជាតំបន់បៃតង ក្នុងស្រុកវាលវែងនេះ មានពលរដ្ឋចំនួន៩៨គ្រួសារជាប់ពាក់ព័ន្ធ ហើយតម្រូវឱ្យយល់ព្រមរុះរើចេញ។
ដើម្បីពន្លឿនការងារ រៀបចំតំបន់អន្ទង់អាំងនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រាប់ឱ្យពលរដ្ឋដែលពាក់ព័ន្ធ បន្តសហការជាមួយនឹងអាជ្ញាធរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៥ ខែមិថុនា។
បើតាមសេចក្តីជូនដំណឹងដដែល រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រាប់ប្រជាពលរដ្ឋ ៦៧គ្រួសារ ដែលព្រមចាកចេញពីតំបន់អន្ទង់អាំង ត្រូវបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីត្រៀមរុះរើ ចាកចេញទៅទីតាំងថ្មី ដែលរដ្ឋបាលខេត្តរៀបចំជូន។ ក្រៅពីត្រៀមរើចេញ ពលរដ្ឋទាំង៦៧គ្រួសារ ក៏ត្រូវចូលរួមដាំដើមឈើស្តារឡើងវិញ នៅតាមចន្លោះដីដែលគ្មានដំណាំ ឬដីទំនេរដែលធ្លាប់ កាន់កាប់កន្លងមក។
ពលរដ្ឋចំនួន ៥គ្រួសារទៀត ក៏បានយល់ព្រមចាកចេញដែរ។ ប៉ុន្តែពលរដ្ឋទាំង៥គ្រួសារ នេះ ទទួលបានការអនុញ្ញាតឱ្យបន្តប្រមូលផលទុរេនរយៈពេល៣ឆ្នាំ ដើម្បីរំលស់ទុនដែលបានវិនិយោគ។ ទន្ទឹមនឹងការត្រៀមចាកចេញទៅរស់នៅទីតាំងថ្មី ពលរដ្ឋទាំង៥គ្រួសារនេះ ក៏តម្រូវឱ្យដាំដើមឈើនៅចន្លោះដីដែលគ្មានដំណាំ និងមិនត្រូវសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីបន្ថែមឡើយ។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ ពួកគេក៏អាចកាន់កាប់ និងអាស្រ័យផល នៅទីតាំងថ្មីជាបណ្តោះអាសន្ន រហូតដល់បោះបង់ទីតាំងចាស់ ទើបមានសិទ្ធិស្នើសុំធ្វើបណ្ណកម្មសិទ្ធិលើទីតាំងថ្មីបាន។
ចំណែកឯពលរដ្ឋចំនួន ៣១គ្រួសារ ដែលមិនទាន់យល់ព្រមចាកចេញពីតំបន់អន្ទង់អាំង អាជ្ញាធរខេត្ត ទុករយៈពេល៣០ថ្ងៃទៀតឱ្យសម្រេចចិត្ត ហើយដាក់ពាក្យស្នើសុំគោលនយោបាយដីធ្លី មករដ្ឋបាលខេត្តពោធិ៍សាត់។ ករណីផុតកំណត់ នៅតែមិនព្រមសម្រេចចិត្តរុះរើចាកចេញ ឬដាក់ពាក្យស្នើសុំគោលនយោបាយដីធ្លីទេ ពលរដ្ឋទាំងនោះ ត្រូវទទួលខុសត្រូវ លើការខាតបង់ប្រយោជន៍ផ្សេងៗដោយខ្លួនឯង ព្រមទាំងត្រូវប្រឈមក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។
កាលពីចុងខែមីនា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត បានប្រកាសឱ្យអាជ្ញាធរ រៀបចំនិងរក្សាទេសភាពធម្មជាតិនៅផ្លូវអន្ទង់អាំង ឱ្យទៅជាតំបន់បៃតង ដើម្បីបម្រើប្រយោជន៍ក្នុងវិស័យទេសចរណ៍ និងទុកជាមរតកធម្មជាតិតជំនាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com