ជាតិ
អត្ថបទពាណិជ្ជកម្ម
មន្ទីរពេទ្យអន្តរជាតិ អរៀនដា និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ចុះអនុស្សរណៈយោគយល់គ្នាលើការផ្ដល់សេវាសុខភាព
26, Jun 2024 , 3:09 pm        
រូបភាព
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤៖ មន្ទីរពេទ្យអន្តរជាតិ អរៀនដា(Orienda International Hospital) និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education PLC.) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងគោលបំណងសហការគ្នាលើការផ្តល់សេវាសុខភាពជូនដល់សិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក។
 
ពិធី​ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ​បាន​ធ្វើ​ឡើងនៅ​​មន្ទីរពេទ្យអន្តរជាតិ អរៀនដា ​រាជធានី​ភ្នំពេញ ក្រោមអធិបតីភាព អ្នកស្រី គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិអរៀនដា, លោកវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកនៃស្ថាប័នទាំងពីរ ភ្ញៀវកិត្តិយស និងអ្នកព័ត៌មានជាតិ-អន្តរជាតិជាច្រើនរូប។
 
អនុស្សរណៈយោគយល់គ្នានេះ ផ្ដោតសំខាន់លើសេវាកម្មថែទាំសុខភាពមួយដែលត្រូវផ្តល់ជូនសិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក រួមមានដូចជា ការពិនិត្យសុខភាពមុនចូលបម្រើការងារ ការពិនិត្យសុខភាពទូទៅ ការពិនិត្យសុខភាពប្រចាំឆ្នាំ ការចាក់វ៉ាក់សាំងជំងឺផ្សេងៗ ការព្យាបាលជំងឺ និងកម្មវិធីយល់ដឹងអំពីការថែទាំសុខភាពជាដើម។
  


អ្នកស្រី គួន ធីតា បានបង្ហាញអំពីសុទិដ្ឋិនិយមចំពោះកិច្ចសហការនេះថា៖ «យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការផ្តល់ជូនសេវាកម្មព្យាបាលប្រកបដោយគុណភាព និងការទទួលខុសត្រូវវិជ្ជាជីវៈខ្ពស់ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺនាពេលបច្ចុប្បន្នរបស់មន្ទីរពេទ្យយើងខ្ញុំ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងកាត់បន្ថយអត្រាអ្នកជំងឺប្រជាជនកម្ពុជាដែលចេញទៅស្វែងរកសេវាសុខាភិបាលក្រៅប្រទេស ហើយក្លាយជាដៃគូថែទាំសុខភាពរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាយូរអង្វែង។
 
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានសម្តែងការអបអរសាទរចំពោះភាពជាដៃគូថ្មីនេះ ដោយលោក បានមានប្រសាសន៍ថា៖ «“យើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីរបស់យើង ជាមួយមន្ទីរពេទ្យ អន្តរជាតិ អរៀនដា ដែលនឹងផ្តល់ជូននូវសេវាថែទាំសុខភាពដ៏មានគុណភាពខ្ពស់ ចាំបាច់សម្រាប់សុខុមាលភាពសិស្សានុសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ទាំងអស់។»
  


លោក បានគូសបញ្ជាក់ទៀតថា៖ «ការសហការគ្នាជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា មានគោលបំណងលើកកម្ពស់ការអប់រំផ្នែកសុខភាព ស្របពេលដែលកម្ពុជាកំពុងជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ តាមរយៈការរៀបចំកញ្ចប់សេវាកម្មសុខភាពនៅមន្ទីរពេទ្យ ដែលអាចស្រាវជ្រាវ និងស្វែងរកសេវាថែទាំជំងឺដោយផ្ទាល់។»
 
សូមបញ្ជាក់ថា ទន្ទឹមនឹងកំណើននៃចំនួនសាខារបស់សាលារៀន បុគ្គលិក សិស្សានុសិស្ស ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នឹងបន្តបំពេញបេសកកម្មរបស់ខ្លួន ព្រមទាំងសហការគ្នាជាមួយ មន្ទីរពេទ្យ អន្តរជាតិ អរៀនដា តាមរយៈការបណ្តុះបណ្តាល និងការរៀបចំសិក្ខាសាលានានា ដើម្បីពង្រីកការយល់ដឹងអំពីសារៈសំខាន់នៃសុខភាព និងសុវត្ថិភាពនៅក្នុងសហគមន៍៕
 
(អត្ថបទពាណិជ្ជកម្ម)
 














© រក្សាសិទ្ធិដោយ thmeythmey.com