ជាតិ
ការប្រើប្រាស់ឌីជីថល នៅតែជាបញ្ហាសម្រាប់ពលរដ្ឋ ![](https://image.thmeythmey.com/pictures/2024/06/27/c.jpg)
×![]()
ដោយ៖ ញ៉ សុខហឿន
ភ្នំពេញ៖ ការយល់ដឹងពីការប្រើប្រាស់ឌីជីថល ការចែករំលែកមាតិកា និងព័ត៌មានមិនពិត នៅលើបណ្ដាញសង្គម នៅតែជាបញ្ហាប្រឈម នៅក្នុងចំណោមប្រជាជន ៩០ ភាគរយ ដែលប្រើប្រាស់ឌីជីថលនៅកម្ពុជា។ ហេតុនេះ ទើបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីបង្កើតនូវក្របខ័ណ្ឌសមត្ថភាពអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ( អ.ឌ.ប.ព)សម្រាប់ពលរដ្ឋ នៅក្នុងសម័យបច្ចេកវិទ្យា។
លោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា ការបង្កើតនូវក្របខណ្ឌ ( អ.ឌ.ប.ព) នេះ នៅក្នុងគោលបំណង លើកស្ទួយការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ទៅដល់ប្រជាពលរដ្ឋ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅកម្ពុជា។
«យើងមានគោលដៅធ្វើយ៉ាង ណាឱ្យអត្រាប្រជាពលរដ្ឋកម្ពុជាមានកម្រិតអ.ឧ.ប.ព មូលដ្ឋាន កើនដល់ ៥០ភាគរយ ក្នុងឆ្នាំ២០៣០។ ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ ហើយ នឹងប្រើប្រាស់មជ្ឈមណ្ឌលនេះ ផ្សារភ្ជាប់ជាមួយកម្មវិធីលើកកម្ពស់កម្រិតអក្ខរកម្ម បន្ទាប់ទៀត»។ នេះបើតាមលោក ជុន វ៉ាត់ ថ្លែងនៅក្នុងសិក្ខាសាលា នៅទីស្ដីការក្រសួង នាថ្ងៃ២៧ ខែមិថុនា។
លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានបញ្ជាក់ថា នៅក្នុងកិច្ចសហការរួមគ្នា ក្នុងការបណ្តុះបណ្តាលប្រជាពលរដ្ឋឱ្យមានជំនាញ និងចំណេះដឹងខាងផ្នែកឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ពិតជាមានសារៈសំខាន់ ក្នុងធានាថា ពួកគេអាចចូលរួមក្នុងដំណើរវិវត្តនៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ «យូណេស្កូប្តេជ្ញាចិត្តនឹងបន្តធ្វើការជាមួយដៃគូរពាក់ព័ន្ធ ទាំងអស់នៅក្នុងយុទ្ធនាការថ្នាក់ជាតិ និងការបណ្តុះបណ្តាល សមត្ថភាព រួមទាំងការសាកល្បងវិធីសាស្ត្រវាយតម្លៃក្រមសីលធម៌បញ្ញាសិប្បនិម្មិតដែរ»។ នេះបើតាមលោក Sardar ។
តាមរយៈគម្រោងនេះកន្លងមក ប្រតិបត្តិករទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល ប្រឹងប្រែងបណ្ដុះបណ្ដាល និងអភិវឌ្ឍយុវជន ជនមានពិការភាព ជនជាតិដើមភាគតិច ដើម្បីប្រែក្លាយពួកគេទៅជា «ពលរដ្ឋឌីជីថល»។
សូមរំលឹកថា អក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន(អ.ឌ.ប.ព.) គឺជាសំណុំសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធ ឌីជីថល និងដំណើរជ្រើសរើស វាយតម្លៃ រៀបចំបង្កើត និងចែករំលែកមាតិកាព័ត៌មាន លើប្រព័ន្ធទាំងនោះ ក្នុងកិច្ចការប្រចាំថ្ងៃ និងអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានពីប្រភពផ្សេងៗ ប្រកបដោយភាពវិជ្ជមាន ការត្រិះរិះពិចារណា ក្រមសីលធម៌ ប្រសិទ្ធភាព និង ការទទួលខុសត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com