ជាតិ
សុខភាព
ស្ត្រីពីររូប កំពុងជួយសហគមន៍អ្នកកើតជំងឺរបេងនៅកម្ពុជា
29, Jun 2024 , 10:29 pm        
រូបភាព
 អ្នកស្រី វ៉ាត លីដា និងអ្នកស្រី ញ៉ក់ កង ជាថ្នាក់ដឹកនាំនៃសមាគមបណ្ដាញអ្នកជំងឺរបេងកម្ពុជា (TBpeople Cambodia) ស្ថិតក្នុងកិច្ចប្រជុំថ្នាក់តំបន់ ស្ដីពីជំងឺរបេង និងការគ្របដណ្ដប់សុខភាពជាសកល នៅថ្ងៃ២១មិថុនា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។
អ្នកស្រី វ៉ាត លីដា និងអ្នកស្រី ញ៉ក់ កង ជាថ្នាក់ដឹកនាំនៃសមាគមបណ្ដាញអ្នកជំងឺរបេងកម្ពុជា (TBpeople Cambodia) ស្ថិតក្នុងកិច្ចប្រជុំថ្នាក់តំបន់ ស្ដីពីជំងឺរបេង និងការគ្របដណ្ដប់សុខភាពជាសកល នៅថ្ងៃ២១មិថុនា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។
សៀមរាប៖ ពីអតីតអ្នកកើតជំងឺរបេង វ៉ាត លីដា និង ញ៉ក់ កង ជាស្ត្រីកម្ពុជា២រូបកំពុងចូលរួមបញ្ចប់ជំងឺរបេងនៅកម្ពុជា និងជួយទៅដល់អ្នកកើតជំងឺរបេង។ ធ្លាប់ឆ្លងកាត់ភាពឈឺចាប់ និងបទពិសោធន៍ជាច្រើនកន្លងមក ស្ត្រីទាំងពីរអ្នកនេះប្ដេជ្ញារួមដៃគ្នាបញ្ចប់ជំងឺរបេងនៅកម្ពុជា។


 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាកិច្ចសម្ភាសដូចខាងក្រោម៖ 

 

អ្នកស្រី វ៉ាត លីដា និងអ្នកស្រី ញ៉ក់ កង ជាអតីតអ្នកជំងឺរបេង ដែលឆ្លងពីក្រុមគ្រួសារ។ តែបច្ចុប្បន្នពួកគេបានជាសះស្បើយពីជំងឺឆ្លងប្រភេទនេះហើយ។ មិនត្រឹមតែជាពីជំងឺនេះនោះទេ តែស្ត្រីទាំង២នេះ កំពុងដឹកនាំស្ថាប័នមួយ ដែលជួយដល់អ្នកកើតជំងឺរបេងនៅកម្ពុជា។ 
 
សមាគមបណ្ដាញអ្នកជំងឺរបេងនៅកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា «TB People Cambodia»។ សមាគមមួយនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដើម្បីជួយជួយដល់ជនរងគ្រោះ ឬអ្នកកើតជំងឺរបេង ក្រោមការជ្រោមជ្រែងពីអង្គការខាណាកម្ពុជា (KHANA Cambodia) និងជំនួយមូលនិធិពី មូលនិធិសកល (The Global Fund to Fight AIDS, Tuberculosis and Malaria) 
 
បេសកកម្ម ដ៏ធំនិងចម្បងរបស់សមាគមមួយនេះ គឺចូលរួមបញ្ចប់ជំងឺរបេងនៅកម្ពុជា និងជួយដល់អ្នកកំពុងរងគ្រោះពីជំងឺឆ្លងរបេង នៅកម្ពុជា។ បច្ចុប្បន្ន មានសមាជិកបណ្ដាញ នៃTB People មានជាង៣ពាន់នាក់ ក្នុងនោះស្ត្រីមានជាង ១៣០០នាក់ នៅតាមតំបន់គោលដៅក្រុង ស្រុក សង្កាត់ចំនួន១១ ក្នុងរាជធានី-ខេត្តចំនួន៧។ 

ស្ត្រីពីររូប កំពុងជួយសហគមន៍អ្នកកើតជំងឺរបេងនៅកម្ពុជា
 
អ្នកស្រី វ៉ាត លីដា ប្រធាន TBpeople Cambodia ពន្យល់ថាការងាររបស់ស្ថាប័នខ្លួនគឺស្វែងរក និងចងក្រងក្រុមអ្នកកើតជំងឺរបេង ដើម្បីឱ្យពួកគេទទួលបានការលើកទឹកចិត្ត ការមើលថែ និងព្យាបាលជំងឺ និងការចុះផ្សព្វផ្សាយពីជំងឺរបេង។ 
 
អ្នកស្រីបញ្ជាក់ទៀតដូច្នេះ៖ «TBpeople កន្លងមកក៏ធ្លាប់ចូលរួមរាល់កិច្ចប្រជុំថ្នាក់ជាតិ និងថ្នាក់ស្រុក ដើម្បីពាំនាំបញ្ហាពីសហគមន៍ ទៅថ្នាក់ជាតិ ដើម្បីរកដំណោះស្រាយ»។ 
អ្នកស្រី ញ៉ក់ កង ជាស្ត្រីដឹកនាំមួយរូបទៀតក្នុងស្ថាប័នជួយដល់អ្នករបេង។ ក្រៅពីជាអនុប្រធាន TBpeople អ្នកស្រីក៏ជាប្រធានគណៈកម្មាការសម្របសម្រួលមូលនិធិសកលផងដែរ។ 
អ្នកស្រីបានបន្ថែមពីលើអ្នកស្រី វ៉ាត លីដា ទៀតថា៖ «តួនាទីរបស់យើង គឺពិនិត្យ និងតាមដានរាល់កម្មវិធីជាតិ(ពាក់ព័ន្ធនឹងរបេង)។ ក្រៅពីចុះប្រជុំជាមួយមន្ទីរពាក់ព័ន្ធ យើងក៏ចុះប្រជុំប្រមូលព័ត៌មានក្នុងតំបន់អ្នកតំណាងរស់នៅ ថាតើពួកគាត់មានបញ្ហាអ្វីអត់? ប្រសិនបើមានយើងរាយការណ៍ទាំងអ្នកអនុវត្តន៍កម្មវិធី»។ 
 
ជាស្ត្រីនិងធ្លាប់ឆ្លងកាត់បទពិសោធ នៃការឆ្លងជំងឺរបេង បានជម្រុញឱ្យស្ត្រីទាំងពីរនេះ មានមហិច្ចតាធំជួយដល់អ្នកដែលកើតជំងឺរបេង ទទួលបានការព្យាបាល និងជាសះស្បើយពីជំងឺដូចពួកគេដែរ។ មិនថាអ្នកស្រីលីដា ឬអ្នកស្រី កង ឡើយពួកគេចង់ឃើញសហគមន៍មួយ គ្មានជំងឺរបេង៕ 
 

សកម្មភាពការងារ TBpeople cambodia។


សកម្មភាពការងារ TBpeople cambodia។


សកម្មភាពការងារ TBpeople cambodia។


សកម្មភាពការងារ TBpeople cambodia។

 

Tag:
 ជំងឺរបេង
  ជំងឺឆ្លង
  វ៉ាត លីដា
  ញ៉ក់ កង
© រក្សាសិទ្ធិដោយ thmeythmey.com