ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូលសមាសភាពពីវិស័យឯកជន ទៅក្នុងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរវាងផ្នែកសាធារណៈ និងផ្នែកឯកជន ក្នុងការ ផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែមិថុនា ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងអនុញ្ញាតឱ្យវិស័យឯកជន អាចចូលរួមពេញលេញជាមួយរាជរដ្ឋាភិបាល ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា។
ក្រសួងទេសចរណ៍ បញ្ជាក់ដូច្នេះ៖ «ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងដើរតួនាទីជាយន្តការស្ថាប័នដែល មានលក្ខណៈអំណោយផល និងបើកទូលាយ ដោយអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមពេញលេញជាមួយ រាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ "រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ទាំងលើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា»។
![](https://image.thmeythmey.com/pictures/2024/07/01/img__1_.jpg)
បើតាមក្រសួងទេសចរណ៍ វិស័យទេសចរណ៍ មានការវិឌ្ឍយ៉ាងលឿន ដែលទាមទារភាពបត់បែនខ្ពស់ ដើម្បីធានាបាននូវនិរន្តរភាព បរិយាបន្ន និងភាពធន់ ហើយ ការដាក់ឱ្យដំណើរការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងចូលរួចំណែកយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» របស់ក្រសួងទេសចរណ៍ ព្រមទាំងសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ឈានមុខនិងរស់រវើក។
សូមជម្រាបថា សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ មានតំណាងមកពី ស្ថាប័នសាធារណៈសំខាន់ៗចំនួន៨ និងតំណាងពីផ្នែកឯកជនចំនួន៧។ សម្រាប់ក្រសួងទេសចរណ៍ សមាសភាពដែលមានលក្ខណៈចម្រុះទាំង១៥ ស្ថាប័ននេះ បានបង្ហាញពីការគិតគូរ គ្រប់ជ្រុងជ្រោយ និងការចូលរួមយ៉ាងពេញលេញក្នុងការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋ និងឯកជន ដើម្បីរួមគ្នាបង្កើនភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងដាក់ចេញនូវដំណោះស្រាយជាកញ្ចប់ ក្នុងគោលដៅអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
![](https://image.thmeythmey.com/pictures/2024/07/01/img__2_.jpg)
បើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល សមាភាពតំណាងមកពីវិស័យសាធារណៈ មាន លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន។ ចំណែកសមាជិក មានលោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោកស្រី ខៀវ សុផានី រដ្ឋលេខាធិការក្រសួងការបរទេស, លោក ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌, លោក ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងលោក ជា អូន រដ្ឋលេខាធិការប្រចាំការរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ដោយឡែកផ្នែកឯកជនវិញ មាន លោក គិត ម៉េង តំណាងសភាពាណិជ្ជកម្មកម្ពុជា, លោក លី យ៉ុងផាត់ តំណាងសមាគមឧកញ៉ាកម្ពុជា, លោក ឌិន សុមេធារិទ្ធ តំណាងសហព័ន្ធទេសចរណ៍កម្ពុជា, លោក Cyril GIROT តំណាងក្រុមហ៊ុន សូស៊ីយេត, លោក Lu Wei តំណាងក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែតផត, លោក Zhan Yuhong តំណាងក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ និងលោក ណម វិស្សុត តំណាងក្រុមហ៊ុន អ៊ែរអេស៊ា ជាសមាជិក៕
![](https://image.thmeythmey.com/pictures/2024/07/01/img__3_.jpg)