ជាតិ
រចនាសម្ព័ន្ធប្រាសាទនាគព័ន្ធ នឹងរឹងមាំឡើងវិញ ដោយសារអ្នកជំនាញខ្មែរ
26, Jun 2024 , 6:59 pm        
រូបភាព
ក្រុមបច្ចេកទេសជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលផ្នែកខ្លះ នៃប្រាសាទនាគព័ន្ធ ក្នុងរមណីយដ្ឋានអង្គរ។ រូបភាពអាជ្ញាធរជាតិអប្សរា៕
ក្រុមបច្ចេកទេសជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលផ្នែកខ្លះ នៃប្រាសាទនាគព័ន្ធ ក្នុងរមណីយដ្ឋានអង្គរ។ រូបភាពអាជ្ញាធរជាតិអប្សរា៕
ដោយ៖ អោត រត់ 

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលរចនាសម្ព័ន្ធទីតាំងមួយចំនួន នៃប្រាសាទនាគព័ន្ធ ដែលរងការខូចខាតធ្ងន់ធ្ងរ។ ចំណុចដែលអ្នកជំនាញកំពុងជួសជុល គឺផ្នែកជណ្ដើរ និងកម្រាលជុំវិញដំបូលបង្ហូរទឹក នៃប្រាសាទនាគព័ន្ធ។ នេះបើតាមអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៦ មិថុនា។



រចនាសម្ព័ន្ធ នៃនាគព័ន្ធ ស្ថិតនៅលើកោះបួនជ្រុងមួយ កណ្ដាលបារាយណ៍។ បើមើលទៅលើចំណុចកណ្ដាល នៃប្រាសាទនេះ គឺមានប្រាង្គទោលមួយសង់លើខឿនមូល និងពាត់ដោយទឹក (ស្រះធំ)។ នៅតាមទិសធំៗទាំង៤ មានស្រះតូចៗ៤ទៀត។ ស្រះធំ និងតូចភ្ជាប់គ្នា ដោយហោមួយ ដែលមានចំពួយបង្ហូរទឹក។
 
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា បច្ចុប្បន្នជណ្ដើរនៃប្រាសាទនេះ មានការបាក់ស្រុត ដោយសារកត្តាអាយុកាល រុក្ខជាតិដុះចាក់ចូលគ្រឹះ។ ការណ៍នេះ បណ្ដាលឱ្យរចនាសម្ព័ន្ធសំណង់រងការពុកផុយ, ទឹកដែលហូរនាំដីខ្សាច់ខាងក្នុងសំណង់ចេញទៅក្រៅ ធ្វើឱ្យថ្មរមៀលចេញពីទីតាំងដើម ដែលនាំឱ្យជណ្តើរបាត់លំនឹង។

 ក្រុមបច្ចេកទេសជំនាញ នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលផ្នែកខ្លះ នៃប្រាសាទនាគព័ន្ធ ក្នុងរមណីយដ្ឋានអង្គរ។ រូបភាពអាជ្ញាធរជាតិអប្សរា៕ 
 
ប្រភពខាងលើបន្ថែមទៀតថា ផ្នែកកម្រាលនៃប្រាសាទវិញ ទឹកហូរលិចពីលើកម្រាលចុះទៅក្រោមថ្ម ធ្វើឱ្យចំណុចមួយនៃជ្រុងអាគ្នេយ៍ បានបាក់ស្រុត ធ្លាក់ចូលទឹកទាំងស្រុងធ្វើឱ្យបាត់លំនឹង។ 
 
ប្រភពដដែលបានស្រង់សម្ដី លោក​​ ជា សារិទ្ធ បុរាណវិទូថា ដំណើរការជួសជុលបានចាប់ផ្ដើមតាំងពីដើមខែឧសភា ឆ្នាំ២០២៤មក ដោយផ្ដោតលើការជួសជុលពង្រឹងជណ្តើរខាងលិច នៃស្រះខាងកើត និងកម្រាលជុំវិញដំបូល​ ទបង្ហូរទឹកខាងកើត។ ផ្នែកទី២ ជួសជុលជណ្តើរខាងត្បូងនៃស្រះខាងជើង និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងជើង។ 
  
ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា។ រូបភាពអាជ្ញាធរជាតិអប្សរា៕

ផ្នែកទី៣ ជួសជុលជណ្តើរខាងកើតនៃស្រះខាងលិច និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងលិច។ លោក ជា សារិទ្ធ ពន្យល់ពីការជួសជុលដូច្នេះ៖ «វិធីសាស្ត្រនៃការជួសជុល គឺធ្វើទៅតាមផ្នែកណាដែលរងការខូចខាត និងទ្រុឌទ្រោមខ្លាំងតែប៉ុណ្ណោះ»។
 
បើតាមអាជ្ញាធរជាតិអប្សរា ក្រោយជួសជុលពង្រឹងគ្រឹះដីខ្សាច់ ដីច្រាំងស្រះ ទម្រជណ្តើរ និងទម្រកម្រាល នឹងត្រូវរៀបផ្គុំជណ្តើរ និងកម្រាលឡើងវិញ៕

ផ្នែកខ្លះ នៃប្រាសាទនាគព័ន្ធ ដែលរងការខូចខាត ក្នុងរមណីយដ្ឋានអង្គរ។ រូបភាពអាជ្ញាធរជាតិអប្សរា៕ 

Tag:
 ThmeyThmey
  ប្រាសាទនាគព័ន្ធ
 ​ជួសជុល
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com