ជាតិ
សេដ្ឋកិច្ច
កម្ពុជា បាននាំចេញផលិតផលជលផលជិត​៤០តោន ​ទៅចិន នៅដើមឆ្នាំ២០២៤
01, Jul 2024 , 6:59 pm        
រូបភាព
កម្ពុជា សម្រេចបានការនាំចេញផលិតផលជលផលប្រមាណ ៣៨តោន ទៅ​ទីផ្សារចិន នៅ​ដើមឆ្នាំ២០២៤នេះ ក្រោយពីប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា កាលពីឆ្នាំ ២០២០។ នេះបើតាមការលើកឡើងរបស់ លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅក្នុង«ទិវាមច្ឆជាតិ»លើកទី១៩ ដែលប្រារព្ធឡើង​នៅ​បឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ កក្កដា​នេះ។

 
លោក ឌិត ទីណា គូសបញ្ជាក់ថា នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបានផលវារីវប្បកម្ម​ទាំង​ទឹក​សាប និងសមុទ្រ ៣១៤ពាន់តោន ដែលជាការរួមចំណែកកាត់បន្ថយសម្ពាធ​លើ​ធនធាន​ជល​ផលធម្មជាតិ កាត់បន្ថយការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយសេដ្ឋកិច្ច​ជាតិ​។ 
 
ជាមួយគ្នានេះ កម្ពុជាសម្រេចបានការនាំចេញ ផលិតផលជលផលទាំងស្រស់ និងកែច្នៃ​រួចជិត ៣ពាន់តោន ក្នុងឆ្នាំ២០២២ និងជាង ៣ ៥០០តោន ក្នុងឆ្នាំ២០២៣ ទៅប្រទេសជិត​ខាង។ ទន្ទឹមនោះ កម្ពុជាក៏បាននាំចេញផលិតផលជលផល៥០តោន ក្នុងឆ្នាំ២០២៣ និង​៣៨​តោន កាលពីដើមឆ្នាំ២០២៤ ទៅកាន់ប្រទេសចិនដែរ ក្រោយពីប្រទេសទាំងពីរ បាន​ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរួមគ្នា កាលពីឆ្នាំ២០២០។ 
 
បើតាមរដ្ឋមន្រ្តី ទាំងនេះ គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធ ​ជាមួយដៃគូអភិវឌ្ឍ​នានា លើការពង្រឹងគុណភាព សុវត្ថិភាព និងការកែច្នៃផល ផលិតផលជលផលកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងបរទេស។ ជាមួយគ្នានេះ ការកែច្នៃដោយសហគ្រាសធុន តូច និងមធ្យមក្នុងស្រុក នឹងជួយដោះស្រាយបញ្ហាទីផ្សាររបស់ប្រជានេសាទ សម្រាប់ផល​ផលិតផលផលដែលប្រមូលបានពីធម្មជាតិ និងវារីវប្បកម្មដែលងាយបាត់បង់គុណភាពផង និងផ្តល់នូវជម្រើសផលិតផលជលផលដែលមានគុណភាព អនាម័យ និងសុវត្ថិភាព សម្រាប់អ្នកទទួលទានក្នុងស្រុកផង។
 
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម​ បរិមាណត្រីទឹកសាបដែលប្រមូលបាន​ក្នុងឆ្នាំ២០២៣ មានចំនួន ៤២៦ពាន់តោន កើនឡើង៥ភាគរយ ធៀបនឹងឆ្នាំ២០២២៕ 
 

Tag:
 កសិកម្ម
  ជលផល
  ឌិត ទីណា
  ទិវាមច្ឆជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com