ជាតិ
ប្រធានអង្គការមនុស្សចាស់ ចង់ឱ្យរដ្ឋាភិបាលពិចារណាផ្ដល់បណ្ណសមធម៌មនុស្សចាស់
10, Jul 2023 , 10:23 am        
រូបភាព
ដោយ:
លោក ទុំ វីរ៉ា ប្រធានអង្គការមនុស្សចាស់ បានសង្កេតឃើញមនុស្សចាស់មួយចំនួន កំពុងស្ថិតក្នុងការរស់នៅលំបាក ខ្វះការមើលថែពីកូនៗ ហើយត្រូវទទួលបន្ទុកមើលចៅ និងថែទាំផ្ទះសម្បែងឱ្យកូនៗទៅវិញ។



បច្ចុប្បន្នការផ្ដល់សេវាសាធារណនានា រដ្ឋាភិបាលបានអភិវឌ្ឍច្រើនហើយ តែមិនបានផ្ដោតទៅលើមនុស្សចាស់ច្រើននោះទេ ដោយមនុស្សចាស់ភាគច្រើមមានបញ្ហាសុខភាព និងពិបាករកប្រាក់ចំណូលចិញ្ចឹមខ្លួនឯង។ នេះបើតាមលោក ទុំ វីរ៉ា ប្រធានអង្គការមនុស្សចាស់ បានប្រាប់សារព័ត៌មានថ្មីៗ ។
  
លោក ទុំ វីរ៉ា ប្រធានអង្គការមនុស្សចាស់។ រូបភាព៖ អង្គការមនុស្សចាស់

លោក វីរ៉ា បានបន្តថា មនុស្សចាស់ដែលរស់នៅក្នុងគ្រួសារក្រីក្រ ទទួលបានបណ្ណសមធម៌ តែសម្រាប់មនុស្សចាស់ខ្លះ ដែលរស់នៅក្នុងគ្រួសារកម្រិតមធ្យម មិនទទួលបានកិច្ចគាំពារសង្គមនោះទេ ខណៈពួកគេមិនអាចរកចំណូលដោយខ្លួនឯង ហើយពេលឈឺស្កាត់មិនហ៊ានសុំថវិកាពីកូនទៅពេទ្យ។ ទាំងអស់នេះ គឺជាផលលំបាករបស់មនុស្សចាស់។
 
នៅដើមឆ្នាំ២០២២ មនុស្សចាស់ៗនៅភ្នំពេញថ្មី ក្នុងរាជធានីភ្នំពេញ គឺមានបញ្ហាគ្មានអ្នកមើលថែ និងមិនមានបណ្ណសមធម៌ដើម្បីទៅពិនិត្យសុខភាព។ នេះបើតាមការចុះស្រាវជ្រាវរបស់លោក ទុំ វីរ៉ា ។
 
លោក បន្តថា៖«ខ្ញុំបានសួរពួកគាត់(មនុស្សចាស់) ប្រសិនបើរដ្ឋផ្ដល់ជាថវិកា និងបណ្ណសមធម៌យកមួយណា! គាត់ប្រាប់ថា ចង់បានបណ្ណសមធម៌ ដែលជាអាទិភាពដើម្បីយកទៅប្រើប្រាស់ ពេលទៅទទួលសេវាសាធារណផ្សេងៗ»។
 
បើតាមលោក វីរ៉ា មនុស្សចាស់មួយចំនួនមិនសូវមានកិច្ចគាំពារសុខភាពនោះទេ ដោយភាគច្រើនរំពឹងលើការមើលថែពីកូនៗទាំងស្រុង។ ប៉ុន្តែលោកសង្កេតឃើញថា កូនចៅ មិនសូវបានមើលថែដិតដល់ ព្រោះរវល់ធ្វើការងាររៀងខ្លួនៗ ហើយមនុស្សចាស់ទាំងនោះ ភាគច្រើនត្រូវទទួលបន្ទុកមើលថែចៅៗ និងចិញ្ចឹមសត្វពាហនៈ ជាដើម។ ប្រធានអង្គការរូបនេះ បានបញ្ជាក់បន្តថា ៖«មនុស្សចាស់ភាគច្រើនខ្វះការថែទាំ នៅពេលមានជំងឺឈឺស្កាត់ គឺគាត់ពិបាក! អាណិតគាត់មែនទែន»។
 
លោក ទុំ វីរ៉ា បានបន្ថែមថា រដ្ឋាភិបាលគួរតែពិចារណា និងរៀបចំគាំទ្រដល់មនុស្សចាស់ ដោយផ្ដល់បណ្ណសមធម៌ សម្រាប់ពួកគេ។ បច្ចុប្បន្ន កម្ពុជាពុំទាន់មានមណ្ឌលសម្រាប់មនុស្សចាស់ជរានោះទេ តែរដ្ឋាភិបាលបានបង្កើតមណ្ឌលបណ្ដុះបណ្ដាលចំណេះវិជ្ជាដល់មនុស្សចាស់ ដើម្បីយកជំនាញបើករបរចិញ្ចឹមជីវិត។
 
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានលើកឡើងថា រដ្ឋាភិបាល បានយកចិត្តទុកដាក់ពីសុខមាភាពជីវភាពជនងាយរងហានិភ័យ ទើបបង្កើតឱ្យមានក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម។ ក្នុងនោះរួមមានប្រព័ន្ធជំនួយសង្គម សម្រាប់អ្នករងហានិភ័យការងារ ដែលបច្ចុប្បន្នមាននៅក្រសួងសង្គមកិច្ច អតីតយុជននិងយុវនិតិសម្បទារ និងមួយទៀតជាប្រព័ន្ធសន្តិសុខសង្គម សម្រាប់បុគ្គលដែលមានលទ្ធភាពបង់វិភាគទាន ដោយបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
  
លោក ហេង សុផានណារិទ្ធ អគ្គនាយរង ប.ស.ស។

លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា៖«សម្រាប់មនុស្សចាស់ លើសអាយុ ៦០ឆ្នាំខាង បសស មិនផ្តល់ជូនទេ តែគាត់អាចទទួលបានប័ណ្ណសមធម៌  គឺបណ្ណដែលចេញដោយក្រសួងផែនការ»។
 
លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា អ្នកទទួលបានបណ្ណសមធម៌ គឺមានអត្ថប្រយោជនច្រើន ដោយបុគ្គលនោះទៅទទួលសេវាផ្សេងៗនៅក្នុងសហគមន៍ ជាពិសេសមន្ទីរពេទ្យដែលសហការជាមួយរដ្ឋាភិបាល មិនតម្រូវឱ្យយកថ្លៃសេវាពីមនុស្សចាស់ទាំងនោះទេ ។ លើសពីនេះ មនុស្សចាស់ដែលមានសមធម៌ក្នុងដៃ នឹងទទួលបានថវិកាមកវិញ ពេលទៅពិនិត្យសុខភាពម្ដងៗ។
 
សូមជម្រាបថា នៅឆ្នាំ២០២០ អង្គការមនុស្សចាស់ បានចុះសម្ភាសមនុស្សចាស់ដោយផ្ទាល់ចំនួន ៦៨០នាក់ ដែលស្ថិតនៅក្នុងភូមិចំនួន ២០០ភូមិ ក្នុងនោះរួមមាន ខេត្តបាត់ដំបង កំពង់ធំ សៀមរាប បន្ទាយមានជ័យ និងភ្នំពេញ៕
 

Tag:
 មនុស្សវ័យចាស
© រក្សាសិទ្ធិដោយ thmeythmey.com