ជាតិ
រដ្ឋ នឹងរៀបចំបណ្ណសមធម៌ឱ្យអ្នកបម្រើសេវាកម្សាន្តនៅទូទាំងប្រទេស
10, Jul 2023 , 12:10 pm        
រូបភាព
លោក ហេង សុផានណារិទ្ធ អគ្គនាយរង ប.ស.ស។
លោក ហេង សុផានណារិទ្ធ អគ្គនាយរង ប.ស.ស។
ដោយ:
រដ្ឋាភិបាល នឹងរៀបចំបណ្ណសមធម៌ឱ្យអ្នកបម្រើសេវាកម្សាន្តនៅទូទាំងប្រទេស ស្របតាមសេចក្ដីប្រកាសស្ដីពីការផ្ដល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដែលចុះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។



លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានបញ្ជាក់ថា បណ្ណសមធម៌នេះ មានអត្ថប្រយោជន៍ច្រើនដល់ពលរដ្ឋក្រីក្រ ដោយទៅទទួលសេវានៅតាមមន្ទីរពេទ្យនានា មិនតម្រូវឱ្យបង់ប្រាក់ឡើយ ពោលគឺដ្ឋាភិបាលជាអ្នកទទួលបន្ទុកទាំងស្រុង ដើម្បីកាត់បន្ថយភាពក្រីក្រ។
  
លោក វន ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)។ រូបភាព៖ IDEF

លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖ «ដើម្បីទទួលបានបណ្ណសមធម៌នេះ និយោជិក ឬម្ចាស់សហគ្រាស គ្រឹះស្ថានវិស័យសេវាកម្សាន្ដទេសចណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលិករបស់ខ្លួន ដើម្បីបញ្ជូនទៅរដ្ឋបាលខេត្តក្រុងស្រុកខណ្ឌ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវមុនស្នើទៅបេឡាជាតិសន្តិសុខសង្គមចុះបញ្ជី និងចេញលិខិតបណ្ណសមធម៌»។
 
អគ្គនាយករងបេឡាជាតិសន្តិសុខសង្គមរូបនេះ បន្តថា ក្រៅពីផ្ដល់បណ្ណសមធម៌ជូនបុគ្គលិកលើសេវាកម្សន្តទេសចរណ៍ រដ្ឋាភិបាល ក៏បានដាក់ឱ្យដំណើរការសាកល្បងរបបសន្តិសុខសង្គមតាមរបបវិភាគទានស្ម័គ្រចិត្ត។ ដូច្នេះអ្នកដែលមានលទ្ធភាព អាចស្នើសុំចុះបញ្ជីនៅ ប.ស.សដោយខ្លួនឯងបាន។
 
វិភាគទានចុះបញ្ជីបណ្ណសមធម៌នេះ គឺមានអត្ថប្រយោជន៍ច្រើន ដូចជាការទទួលសេវាព្យាបាល ពិគ្រោះជំងឺក្រៅ ការសម្រាលកូន និងសេវាថែទាំមុននិងក្រោយសម្រាល និងសេវាផ្សេងៗ ដែលបេឡាជាតិសន្តិសុខសង្គម បានសហការគ្នាជាមួយមន្ទីរពេទ្យ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាឡើយ។ ស្ត្រីទាំងនោះ ក៏នឹងទទួលបានប្រាក់បំណាច់មាតុភាព ១ ២៦០,០០០រៀល នាពេលសម្រាលកូន ស្របតាមគោលការណ៍របស់រដ្ឋាភិបាល។ នេះបើតាមលោក ហេង សុផាន់ណារិទ្ធ។
 
លោក វន ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA) បាននិយាយថា រដ្ឋាភិបាលបានយកចិត្តទុកដាក់លើការផ្ដល់បណ្ណប.ស.ស និងបណ្ណសមធម៌ ដល់ប្រជាពលរដ្ឋនេះ ជាការប្រសើរណាស់។ តែយ៉ាងណាលោកយល់ថា ក្រៅពីអ្នកបម្រើការងារកម្សាន្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ រដ្ឋាភិបាលគួរតែអនុវត្តការផ្ដល់បណ្ណសមធម៌ ឱ្យបានទូលំទូលាយ ដល់អ្នកប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀត ជាពិសេសអាជីវករ និងពលរដ្ឋរស់នៅតាមសហគមន៍ក្រីក្រផ្សេងៗទៀត ដែលពួកគេគ្មានលទ្ធភាពទៅទទួលសេវាសុខភាព។ 
 
លោក វន ពៅ បានបញ្ជាក់ថា៖«បើរដ្ឋាភិបាលអនុវត្តមូលនិធិសមធម៌សុខាភិបាលលើអ្នកលក់ដូរតាមដងផ្លូវ ដែលគាត់ពុំទាន់មានលទ្ធភាពបង់ប្រាក់ធ្វើបណ្ណ ប.ស.ស និងជនដដៃទៀត នៅតាមជនបទ ទីក្រុង ដែលគ្មានលទ្ធភាពបង់ ពួកគេគួរតែមានប្រព័ន្ធជំនួយសង្គមរបស់រដ្ឋាភិបាលគឺ បណ្ណសមធម៌»។
 
បណ្ណមូលនិធសមធម៌ ជាជំហានថ្មីមួយ ដែលរដ្ឋាភិបាល ទើបតែអនុវត្តសម្រាប់បុគ្កលិកបម្រើការលើសេវាកម្សាន្តតែប៉ុណ្ណោះ។
 
បច្ចុប្បន្ន អ្នកធ្វើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចុះបញ្ជីបណ្ណ ប.ស.ស ដោយខ្លួនឯង មានជាង ២០០០នាក់ ក្នុងនោះមានអ្នករត់កង់បី អ្នកលក់ដូរតាមដងផ្លូវ និងជាង១០០នាក់ទៀត ជាអ្នកធ្វើការងារតាមផ្ទះ ដែលអ្នកខ្លះថៅកែបានបង់ប្រាក់បណ្ណ ប.ស.ស ឱ្យពួកគេ និងខ្លះទៀតបង់ប្រាក់ដោយខ្លួនឯង។ នេះបើតាមប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA)៕
 

Tag:
 សេដ្ឋកិច្ច
  បសស
© រក្សាសិទ្ធិដោយ thmeythmey.com