ជាតិ
យុវជនសំរាមលោក សាន ដារ៉ាវីត បង្កើតសាលាបង្រៀនក្មេងក្រីក្រឥតគិតថ្លៃ
14, Jul 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ លោក សាន ដារ៉ាវីត ដែលមហាជនភាគច្រើនស្គាល់ថាជា យុវជនសំរាម ពេលនេះកំពុងបង្កើតសាលាបង្រៀនក្មេងក្រីក្រឥតគិតថ្លៃមួយកន្លែង ក្នុងភូមិព្រែកករទាំង ខណ្ឌដង្កោ។ កុមារ ដែលឪពុកម្តាយគ្មានលទ្ធភាពបញ្ជូនទៅសាលា ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅចូលថ្នាក់សិក្សានេះ។

 
មានផ្ទះស្នាក់នៅក្បែរទីតាំង ដែលកំពុងសាងសង់បុរីមួយកន្លែង លោក សាន ដារ៉ាវីត បានសង្កេតឃើញថា មានក្មេងៗជាច្រើនបានមកតាមឪពុកម្តាយ ដែលមកធ្វើការជាជាងសំណង់ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយសារជីវភាពលំបាក ឪពុកម្តាយកុមារទាំងនោះ មិនមានលទ្ធភាពបញ្ជូនកូនទៅសាលាឡើយ។ 


លោក សាន​ ដារ៉ាវី ដែលជាគ្រូបង្រៀនក្មេងៗ និង្តល់សម្ភារៈសិក្សាឥតគិតថ្លៃ។ រូបភាពពីហ្វេសប៊ុកផេក យុវជនសំរាម 
 
ជារឿយៗ លោក ដារ៉ាវីត បានយកសំលៀកបំពាក់ ស្បែកជើង អាហារ និងសម្ភារៈមួយចំនួនផ្តល់ឱ្យកុមារទាំងនោះ។ លោកបានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ ពីស្ថានភាពរបស់ក្មេងៗដូច្នេះ ៖«ខ្ញុំមើលឃើញពីភាពក្រីក្ររបស់ពួកគាត់។ ឪពុកម្តាយរបស់ពួកគាត់ក្រ ចំណាកស្រុកមកពីឆ្ងាយ មកធ្វើការនៅភ្នំពេញ កូនរត់មកតាម ហើយអត់បានរៀនសូត្រ។ ខ្ញុំសួរនាំគាត់ទៅ គាត់ថាសុំដីគេនៅ រកតែតង់ប្រក់ដំបូលមិនចង់បាន»។ 
 
ដោយសារសង្កេតឃើញពីភាពខ្វះខាតនេះហើយ ទើបជំរុញចិត្តយុវជនសំរាម បង្កើតសាលាបង្រៀនឥតគិតថ្លៃដល់កុមារ ដែលជាកូនជាងសំណង់នោះ។
បច្ចប្បន្ន សិស្សចំនួន ៥នាក់ កំពុងទទួលការបណ្តុះបណ្តាលពីលោកគ្រូ សាន ដារ៉ាវីត ដោយពួកគេទទួលបានសម្ភារៈសិក្សា អាហារ ២ពេល សំលៀកបំពាក់ កង់ និងកាដូផ្សេងៗទៀត។ ក្មេងៗ នឹងទទួលបានការអប់រំលើចំណេះដឹងទូទៅដូចសាលារដ្ឋ រួមបញ្ចូលទាំងភាសាអង់គ្លេស និងសកម្មភាពជាច្រើនផងដែរ។ 

ក្មេងទទួលបានកង់ពីលោក សាន ដារ៉ាវីត។ រូបភាពពី៖ ហ្វេសប៊ុកផេក យុវជនសំរាម
 
ក្រោយពីបង្រៀនបានមួយរយៈ លោកសង្កេតឃើញថា ក្មេងៗបាននាំគ្នាមកច្រើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះលោកក៏បានពង្រីកថ្នាក់រៀនឱ្យកាន់តែធំ។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ លោកនឹងទទួលសិស្សចុះចូលរៀនជាថ្មីម្តងទៀត ដោយថ្នាក់រៀននោះ អាចដាក់សិស្សបានពី ២០ ទៅ២៥នាក់។ 
 
ជាការពិតណាស់ ការបង្រៀនក្មេងៗពិតជាមិនងាយស្រួលឡើយ ជាពិសេស លោកមិនធ្លាប់មានបទពិសោធពីមុនមក។ ដ្បិតឪពុកម្តាយរវល់នឹងការងារប្រចាំថ្ងៃ ក្មេងៗភាគច្រើន ខ្វះការអប់រំ និងមានទម្លាប់មិនល្អមួយចំនួន ដែលលោកគ្រូរូបនេះ ត្រូវបង្រៀនបន្ថែមច្រើន។ 
 
ក្មេងៗ ដែលបានចុះឈ្មោះចូលរៀន ជាមួយលោក សាន ដារ៉ាវីត។ រូបភាពពី៖ ហ្វេសប៊ុកផេក យុវជនសំរាម

«ពួកគាត់រាងពិបាកបង្រៀន។ ពួកគាត់ចង់រៀន តែពួកគាត់ចូលចិត្តសុំ។ ពួកគាត់មិនបានទទួលអប់រំទូន្មានពីឪពុកម្តាយ ហើយចូលចិត្តរៀនបណ្តើ ចង់បាននេះ ចង់បាននោះបណ្តើ។ ប៉ុន្តែពេលដែលយើងព្យាយាមពន្យល់ណែនាំគាត់ពីរបៀបរស់នៅ ពីការសម្អាតខ្លួន ក៏គាត់ចាប់ផ្តើមយល់ និងចាប់ផ្តើមចង់ស្អាត ចង់រៀន»។
 
ការលំបាកទាំងនេះ បានធ្វើឱ្យលោក សាន ដារ៉ាវីត ហត់នឿយរហូតចង់បោះបង់ការបង្រៀនម្តងៗដែរ។ យ៉ាងណាមិញ លោកក្រឡេកមើលការខំប្រឹងកន្លងមក បានធ្វើឱ្យលោកមានអារម្មណ៍សោកស្តាយ បើសិនលោកដាច់ចិត្តមិនបន្តបង្រៀនក្មេងៗ។ ជាដំណោះស្រាយ លោកបានប្រកាសស្វែងរកគ្រូបង្រៀនស្ម័គ្រចិត្ត ដែលអាចឆ្លៀតពេលជួយបង្រៀនពួកគេបាន។ ជាលទ្ធផល មានលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តជាច្រើន បានចូលក្រុមតេឡេក្រាម(Telegram)គ្រូបង្រៀនស្ម័គ្រចិត្ត។ តទៅមុខ លោក ដារ៉ាវីត នឹងរៀបកាលវិភាគបង្រៀនឱ្យកាន់តែងាយសម្រាប់គ្រូបង្រៀនស្ម័គ្រចិត្ត ឆ្លាស់វេនគ្នាបង្រៀនក្មេងទាំងនោះតាមពេលវេលាសមស្រប៕
 
លោក សាន ដារ៉ាវីត ជាមួយក្មេងៗ ។ រូបភាពពី៖ ហ្វេសប៊ុកផេក យុវជនសំរាម


Tag:
 យុវជនសំរាម
  សាន ដារ៉ាវីត
  ក្មេង
  ក្រីក្រ
 បង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com