ជាតិ
អ្នកជំនាញធ្វើកំណាយក្នុងកំពែង​អង្គរវត្ត ដើម្បីសិក្សា​ទីតាំងដែលមានមនុស្ស​រស់​នៅ និង​ការ​ផ្លាស់​ប្ដូរសាសនា
15, Jul 2023 , 3:29 pm        
រូបភាព
កិច្ចពិធីសាសនាមុនការធ្វើកំណាយស្រាវជ្រាវនៅកំពែងអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា
កិច្ចពិធីសាសនាមុនការធ្វើកំណាយស្រាវជ្រាវនៅកំពែងអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា
 ដោយ៖ ថោង ប្រណី
 
សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយ សាកលវិទ្យាល័យហាវ៉ៃ និង​សាកល​វិទ្យា​ល័យ កាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក បានធ្វើកំណាយបុរាណវិទ្យារួមគ្នា នៅទីទួល​វិហារ​​បុរាណ ស្ថិតនៅទិសនិរតីក្បែរប្រាង្គប្រាសាទអង្គរវត្ត ដើម្បីសិក្សាអំពីការរស់​នៅក្នុង​ទីក្រុង​អង្គរ ការប្រែប្រួលផ្សេងៗនៅពេលមានការផ្លាស់ប្ដូរសាសនា និងការប្តូរទីក្រុងពីតំបន់អង្គរ ទៅ​ភាគខាងត្បូង។

 
បុរាណវិទូនៃសាកលវិទ្យាល័យហាវ៉ៃ និងជាប្រធានគម្រោងស្រាវជ្រាវ លោក​ ហេង ពិភាល់ បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនេះ គឺធ្វើឡើងនៅលើរចនាសម្ពន្ធនៃខឿន ព្រះ​វិហារបុរាណ។ តាមរចនាបថនៃសន្លឹកសីមា អាចឱ្យយើងកំណត់អាយុកាលទួលវិហារនេះ​ទៅ​​អំឡុងសតវត្សរ៍ទី១៤ ដល់ទី១៦។ មានន័យថា ​ព្រះវិហារបុរាណនៃពុទ្ធសាសនា​ថេរវាទ​​នេះ ត្រូវបាន​កសាងក្នុងបរិវេណប្រាសាទ ដែលឧទ្ទិស​​ដល់អាទិទេពធំ នៃព្រហ្មញ្ញ​សាសនា គឺ​ព្រះវិស្ណុ ឬព្រះនរាយណ៍។ 
 
​លោក​ ហេង ពិភាល់ បានលើកឡើងពីលទ្ធផលស្រាវជ្រាវពីមុនៗមកថា ​ នៅ​ក្នុងបរិវេណ​ប្រាសាទអង្គរវត្ត គឺជាកូនក្រុងមួយ​របស់​រាជធានីអង្គរ ដូច្នេះហើយទើបខ្មែរ ពិសេស​អ្នក​សៀមរាបនិយមហៅថា «អង្គរតូច»។ កូន​ក្រុង​នេះ មានប្រព័ន្ធទួល ស្រះ និងផ្លូវខ្វាត់ខ្វែង​ជា​ក្រឡា​ចត្រង្គ។
 
ប្រសិនជាមើល តាមស្នាមក្រឡាចត្រង្គរបស់ក្រុងនេះ គេឃើញថា ទួល​ព្រះវិហារ​ធ្វើនៅលើ​ទួលដែលធ្លាប់​ជា​ទួលផ្ទះ​មានមនុស្សរស់នៅ តាំងពីសតវត្សរ៍ទី១២មកម៉្លេះ។ ដូច្នេះហើយ អ្នកស្រាវជ្រាវចម្រុះ​ស្ថាប័ន​ចង់ដឹងថា តើទីតាំងដែលមានមនុស្សរស់នៅនេះ អាចបន្សល់​​ភស្តុតាងអ្វីខ្លះ ទាក់ទងជាមួយនឹង​ការ​ផ្លាស់ប្តូរសាសនា ពីព្រហ្មញ្ញ និងពុទ្ធសាសនា​មហា​យាន ​ទៅជាពុទ្ធសាសនាថេរវាទដែលពលរដ្ឋខ្មែរកំពុង​ប្រណិបនត៍​សព្វថ្ងៃនេះ​ នៅចុង​សម័យ​អង្គរនោះ? នេះជាការរៀបរាប់បន្ថែមរបស់ប្រធានគម្រោងស្រាវជ្រាវ លោក​ ហេង ពិភាល់ ដោយលោកបន្ថែមដូច្នេះ៖ «តាមការស្រាវជ្រាវ ព្រះវិហារបុរាណនៃពុទ្ធសាសនា​ថេរវាទ​​នេះ ត្រូវគេទុកចោលយូរ ធ្វើឱ្យមានខូចខាតនូវរចនាសម្ព័ន្ធអស់ ព្រមទាំងមានដី​ចាក់​បង្គរ​​លប់​ពីលើស្ទើរទាំងស្រុង ទើបពុំដឹងថា តើព្រះវិហារនេះ គេសាងសង់ពីអ្វីខ្លះ? មាន​រូប  រា​ង​យ៉ាងម៉េច? តើធ្លាប់មានអ្វីខ្លះនៅទីតាំងនេះ? »។
 
ក្រុមអ្នកស្រាវជ្រាវ បានប្រមូលយកសំណាកធ្យូង និងសំណាក​ផ្សេងៗនៅ​បាត​រណ្តៅ​កំ​ណាយ យកទៅវិភាគដើម្បីកំណត់អាយុកាល និងកំណត់ដឹងថា ​​ ព្រះវិហារដែល​សាងសង់​នៅ​លើទួលបុរាណនេះ កើតមានតាំងពីជំនាន់​ណាមក។ ក្រុមអ្នកស្រាវជ្រាវឱ្យដឹងទៀតថា នៅ​បរិវេណនៃប្រាសាទអង្គរវត្ត ឃើញមាន​ស្លាកស្នាមខឿនព្រះវិហារ ​នៃពុទ្ធសាសនា​​ថេរវាទ សម័យបុរាណចំនួន២ គឺទី១នៅទិសនិរតី និងមួយទៀតនៅទិសពាយ័ព្យ ដែល​បច្ចុប្បន្ននៅមានសំណង់បុស្បុកតម្កល់ព្រះពុទ្ធរូបមួយអង្គ៕
 

Tag:
 កំណាយ
  កំពែងអង្គរ
  សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com