ជាតិ
បាក់ឌុប
សិស្សនិទ្ទេស A ១៦៩១នាក់ ទទួលបានហ្គាឡាក់ស៊ីថេប កាក់រូបហង្ស និងថវិកា២លានរៀល ពីសម្ដេច ហ៊ុន ម៉ាណែត ![](https://image.thmeythmey.com/pictures/2024/01/09/front.jpg)
×![]()
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី៩ មករា។ សិស្សឆ្នើមទាំងនេះ ក៏បានទទួលរង្វាន់ពីប្រមុខរដ្ឋាភិបាលទៀតផង។
សិស្សនិទ្ទេសA ទាំងអស់នេះ មានសិស្ស ១ ៦៧៣ ជាបេក្ខជនដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ។ ចំណែកសិស្សចំនួន១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ នាសម័យប្រឡង ២០ តុលា ២០២៣។
សម្ដេច ហ៊ុន ម៉ាណែត បានផ្ដល់រង្វាន់លើកទឹកចិត្តដល់ពួកគេ រួមមាន ហ្គាឡាក់ស៊ីថេបមួយគ្រឿង, កាក់រូបហង្សមួយសន្លឹក, សៀវភៅអានមួយប្រអប់ មានសៀវភៅក្រមង៉ុយ និងសៀវភៅបណ្ឌិតអ៊ូចុង និងថវិកា២លានរៀល។
![](https://image.thmeythmey.com/pictures/2024/01/09/a__1_.jpg)
ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូបង្រៀន ដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ ក៏ទទួលបានកាក់រូបហង្សមួយសន្លឹក, សៀវភៅអានមួយប្រអប់ មានសៀវភៅក្រមង៉ុយ និងសៀវភៅបណ្ឌិតអ៊ូចុង និងថវិកា១លានរៀល។ ចំណែកសាលារៀន ចំនួន៤២៨ ក៏ទទួលបានថវិកា៣លានរៀល ពីសម្ដេច ហ៊ុន ម៉ាណែត។
សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាអាចអភិវឌ្ឍន៍ទៅមុខបាន គឺត្រូវការធនធានមនុស្ស ដែលជាចំណុចអាទិភាពមួយ ដែលត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។
![](https://image.thmeythmey.com/pictures/2024/01/09/a__2_.jpg)
បើតាមប្រមុខរដ្ឋាភិបាល យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានចាត់ទុក « ការអភិវឌ្ឍមូលធនមនុស្ស» គឺជាកត្តាចម្បង ដោយក្នុងនោះ មានការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ចំណុចទាំងនេះ គឺជាកិច្ចការអាទិភាពទី១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៥ នៃបញ្ចកោណទី១ ដែលមានគោលដៅផ្តោតលើការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងបណ្តុះបណ្តាល ប្រកបដោយគុណភាព និងជំនាញខ្ពស់ ដើម្បីជាកាតាលីករក្នុងសេដ្ឋកិច្ចជាតិ ក៏ដូចជាគោលដៅនាំកម្ពុជាឆ្ពោះទៅសម្រេចបាននូវមហិច្ឆិតា ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើការអប់រំ និងការបង្កើតធនធានមនុស្ស ជាគោលនយោបាយអាទិភាព និងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ តាមរយៈការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់តាំងពីឆ្នាំ២០១៤ មក ក្រោមទិសស្លោក “អ្នកចេះ គឺជាប់”។ សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា លទ្ធផលសិស្សនិទ្ទេសA នេះ ជានិមិត្តរូបនៃភាពជោគជ័យ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនផ្ទាល់ និងក៏ជាស្នាដៃមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ-អ្នកគ្រូ ជាពិសេសការជួយគាំទ្រយ៉ាងពេញទំហឹងរបស់ឪពុកម្តាយ និងអាណាព្យាបាល៕
![](https://image.thmeythmey.com/pictures/2024/01/09/a__3_.jpg)
![](https://image.thmeythmey.com/pictures/2024/01/09/a__4_.jpg)
Tag:
ហ៊ុន ម៉ាណែត
អប់រំ
និទ្ទេសA
© រក្សាសិទ្ធិដោយ thmeythmey.com