ជាតិ
រដូវកាលសាវម៉ាវ! ម្ចាស់ចម្ការម្នាក់នៅស្រុកចំការលើ បើកប៊ូហ្វេសាវម៉ាវម្នាក់១ម៉ឺនរៀល ![](https://image.thmeythmey.com/pictures/2024/05/11/z0.jpg)
×![]()
ភ្នំពេញ៖ ចម្ការតាថន ជាឈ្មោះចម្ការមានផ្លែឈើដាំដុះច្រើនមុខ ដែលមានទីតាំងនៅស្រុកចំការលើ ខេត្តកំពង់ចាម។ លោក ថន ចាន់ធឿន ម្ចាស់ចម្ការតាថន បានលើកឡើងថា នេះជាឆ្នាំទី៣ហើយ ដែលលោក បើកកម្មវិធីប៊ូហ្វេសាវម៉ាវ ដោយ១ម្នាក់មានតម្លៃ ១ម៉ឺនរៀល និងអាចបរិភោគតាមចិត្ត មិនកំណត់ម៉ោងនោះឡើយ។
ចម្ការ មានអាយុកាលជាង៣០ឆ្នាំនេះ និងមានផ្ទៃដី ១៨ហិកតា គឺជាមុខរបរលក្ខណៈគ្រួសាររបស់សមាជិក«ចម្ការតាថន»។ ក្រៅពីដំណាំសាវម៉ាវ ចម្ការតាថន មានទាំង ដំណាំទុរេន មង្ឃុត ម៉ាក់ប្រាង និងបំពេញរាជ្យជាដើម។ ដោយឡែក អតិថិជន អាចចូលកម្សាន្តក្នុងចម្ការ ដើម្បីដើរបេះផ្លែសាវម៉ាវ តាមចំណង់ ដោយគ្រាន់តែបង់ប្រាក់តម្លៃ ១ម៉ឺនរៀលប៉ុណ្ណោះ។
លោក ថន ប៊ុនធឿន បានប្រាប់សារព័ត៌មានឌីជីថលThmeyThmey ថា កម្មវិធីប៊ូហ្វេនេះ លោកបានបើកតាំងពីថ្ងៃ៨ ឧសភាមក ដែលជារដូវកាលប្រមូលផលសាវម៉ាវ។ តាមរយៈការបង្ហោះលើហ្វេសប៊ុកផេកកន្លងមក គឺទទួលបានការគាំទ្រច្រើន និងមានភ្ញៀវមកជារៀងរាល់ថ្ងៃ។ ចម្ការនេះ បើកស្វាគមន៍ភ្ញៀវ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៦ល្ងាច។
«ភ្ញៀវភាគច្រើនជាអ្នកចម្ងាយ ខ្លះមកពីព្រៃវែង កំពង់ធំ ភ្នំពេញ និងខេត្តផ្សេងៗទៀត។ ភ្ញៀវមានរាល់ថ្ងៃ ប៉ុន្តែថ្ងៃដែលសម្បូរភ្ញៀវច្រើនជាងគេ គឺថ្ងៃសៅរ៍ អាទិត្យ។ ហើយក្រៅពី សាវម៉ាវ យើងក៏មានប៊ូហ្វេទុរេន ដោយម្នាក់១០ដុល្លារ តែត្រូវកក់ទុកមុន ព្រោះយើងជាអ្នកប៉ះទុរេនឱ្យគាត់។ ភ្ញៀបមិនអាចប៉ះខ្លួនឯងបានទេ។» លោក ថន ប៊ុនធឿន ម្ចាស់ចម្ការតាថន ពន្យល់បែបនេះ។
ម្ចាស់ចម្ការរូបនេះ បន្ថែមថា ទិន្នផលស្ទើរតែគ្រប់មុខក្នុងឆ្នាំនេះរៀងធ្លាក់ចុះជាងឆ្នាំមុន ព្រោះកត្តាអាកាសធាតុ ប៉ុន្តែតម្លៃគឺមិនខុសពីឆ្នាំមុននោះឡើយ។ សាវម៉ាវ ១គីឡូក្រាម មានតម្លៃ១ម៉ឺនរៀល ចំណែកទុរេន មានតម្លៃចាប់ពី២០០០០រៀល ទៅ ២៦០០០រៀល។ លោក បន្តថានាឆ្នាំនេះ ការនាំចេញឱ្យឈ្មួញ នឹងកាត់បន្ថយ ព្រោះលោក ចង់ទុកទិន្នផលទំាងនេះ សម្រាប់ឱ្យអតិថិជន មកជាវនៅចម្ការរបស់លោកផ្ទាល់ច្រើនជាង៕
![](https://image.thmeythmey.com/pictures/2024/05/11/z__4_.jpg)
Tag:
ThmeyThmey
សាវម៉ាវ
ថន ប៊ុនធឿន
ចំការលើ
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com