ជាតិ
លោក ហេរ តូប៉ូកូស្ស៊ី ចេះសម្ដែង«ហ៊ី» និងផ្សព្វផ្សាយវប្បធម៌ខ្មែរ នៅចិន
12, May 2024 , 8:59 am        
រូបភាព
លោក ហេរ តូប៉ូកូស្ស៊ី បានទៅសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាវិទ្យា នៅប្រទេសចិន តាំងពីឆ្នាំ២០១៤មក។ បច្ចុប្បន្ន លោក កំពុងបន្តថ្នាក់បណ្ឌិតជំនាញភាសាវិទ្យានេះ។ និស្សិតខ្មែររូបនេះ អាចប្រើប្រាស់ភាសាចិនបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះ យុវជនរូបនេះ អាចចេះសម្ដែងល្ខោន ឬហ៊ីចិនថែមទៀតផង។ ជាពិសេសផ្សព្វផ្សាយវប្បធម៌ខ្មែរ ឱ្យអន្តរជាតិបានស្គាល់ តាមរយៈរៀបចំពិព័រណ៍ និងកម្មវិធីនានា នៅក្នុងប្រទេសចិន។



កាលពីខែមេសាកន្លងមកនេះ កូស្ស៊ី បានសម្ដែងឈុតឆាកល្ខោន ឬហ៊ីចិន តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋចិន China Central Television (CCTV) ។ ក្នុងការសម្ដែងនេះ កូស្ស៊ី ជាតួអង្គ ហួង ចុង មេទ័ពឆ្នើមរបស់ លីវ ប៉ី ក្នុងចំណោមមេទ័ពខ្លាទាំង៥។ ត្រង់ឈុតឆាកនោះ កូស្ស៊ី បានច្រៀងជាភាសាចិន ដោយរៀបរាប់ពីការប្ដេជ្ញាចិត្តរបស់មេទ័ព ដែលបានទទួលបញ្ជាពី លីវ ប៉ី ចេញទៅធ្វើសង្គ្រាមនៅក្នុងសមរភូមិ។
 
សូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក ហេរ តូប៉ូកូស្ស៊ី និស្សិតថ្នាក់បណ្ឌិតជំនាញភាសាវិទ្យា ដែលកំពុងសិក្សានៅប្រទេសចិន ដូចតទៅ៖

 

ល្ខោន ឬហ៊ីចិន ដែលលោក កូស្ស៊ី សម្ដែងនេះ មានឈ្មោះថា «ហ៊ីប៉េកាំង»។ បើតាមលោក កូស្ស៊ី ហ៊ីប៉េកាំងនេះ ត្រូវការបច្ចេកទេសប្រើសំឡេងធ្ងន់ និងខ្ពស់ ក្នុងការស្រែកច្រៀង ដែលវាជាការពិបាកមួយ សម្រាប់ កូស្ស៊ី ។ ពិបាកត្រង់ថា យុវជនវ័យជិត៣០ឆ្នាំរូបនេះ អាចស្រែកច្រៀងត្រឹមសំឡេងទាប និងស្រាលប៉ុណ្ណោះ។
 
ដំបូងឡើយ និស្សិតថ្នាក់បណ្ឌិតជំនាញភាសាវិទ្យារូបនេះ បានដាក់ពាក្យសម្ដែងល្ខោន ឬហ៊ីចិននេះ ក្នុងទម្រង់ «ហ៊ីកន្ដាំង» ទេ ដោយសារតែហ៊ីកន្ដាំង ត្រូវប្រើបច្ចេកទេសសំឡេងទាប និងស្រាល ក្នុងការស្រែកច្រៀង សមតាមសមត្ថភាពខ្លួន ។ ប៉ុន្តែអ្នករៀបចំកម្មវិធីបែរជាជ្រើសរើសឱ្យ កូស្ស៊ី សម្ដែង«ហ៊ីប៉េកាំង» ទៅវិញ។ ដោយសារតែចង់ដឹងពីសមត្ថភាពខ្លួននោះ យុវជនសម្បុរស កូនខ្មែរកាត់ចិនរូបនេះ ក៏សម្រេចចិត្តសាកល្បងសម្ដែង ហើយក៏ដំណើរការទៅដោយរលូន ដ្បិតមិនសូវបានល្អ១០០ភាគរយ ដូចអ្នកជំនាញសម្ដែងរបស់ជនជាតិចិនក្តី។ បើតាមលោក កូស្ស៊ី ល្ខោន ឬហ៊ីចិន មានទម្រង់ច្រើនប្រភេទ ដូចល្ខោនខ្មែរដែរ។
 
ក្រៅពីសម្ដែង និងច្រៀងល្ខោនប៉េកាំងហើយ យុវជនខ្មែររូបនេះ ក៏មានឱកាសផ្សព្វផ្សាយវប្បធម៌ខ្មែរ បង្ហាញទៅអន្តរជាតិ តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋចិន CCTV នេះដែរ។ អ្នករៀបចំកម្មវិធី បានផ្ដល់ឱកាសឱ្យ កូស្ស៊ី យកវប្បធម៌ ប្រពៃណី ឬស្នាដៃណាមួយ ដែលខ្លួនពេញចិត្ត មកបង្ហាញដល់ទស្សនិកជន តាមកញ្ចក់ទូរទស្សន៍បាន ក្រោយពេលសម្ដែងចប់។ ពេលនោះ កូស្ស៊ី ក៏បានភ្នក់គិតដល់វប្បធម៌ខ្មែរ ហើយក៏សម្រេចចិត្តនាំយកម្កុដនាងរបាំក្បាច់បុរាណទម្រង់១០០ឆ្នាំ(ខ្មុក) នៃរបាំព្រះរាជទ្រព្យ ទៅបង្អួតបង្ហាញលើឆាកអន្តរជាតិ។ កូស្ស៊ី ក៏បានប្រើប្រាស់ភាសាចិន រៀបរាបពីគុណតម្លៃម្កុដនាង និងទម្រង់របាំខ្មែរ ទៅកាន់ទស្សនិកជនផងដែរ។
 
ក្រៅពីមានឱកាសបង្ហាញតម្លៃវប្បធម៌ខ្មែរលើឆាកអន្តរជាតិ តាមកញ្ចក់ទូរទស្សន៍រដ្ឋចិនហើយ បេក្ខបណ្ឌិតជំនាញភាសាវិទ្យារូបនេះ ក៏តែងតែសកម្មភាពក្នុងការរៀបចំកម្មវិធីនានា ដូចជាការតាំងពិព័រណ៍ និងសង្ក្រាន្តឆ្នាំថ្មី តាមរយៈរូបភាព និងការស្លៀកពាក់បែបខ្មែរបុរាណ នាសម័យកាលនីមួយៗ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ដល់និស្សិតបរទេស ដែលកំពុងសិក្សានៅប្រទេសចិនទៀតផង៕ 

Tag:
 ហេរ តូប៉ូកូស្ស៊ី
  ល្ខោន
  ហ៊ីចិន
© រក្សាសិទ្ធិដោយ thmeythmey.com