ជាតិ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
11, May 2024 , 8:09 pm        
រូបភាព
កំណាយស្រាវជ្រាវព្រែកស្រមោចដំណាក់កាលទី២ នាខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។
កំណាយស្រាវជ្រាវព្រែកស្រមោចដំណាក់កាលទី២ នាខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។
សៀមរាប៖ អស់កាលយូរលង់មកហើយ ដែលគ្មានឯកសារណាបញ្ជាក់ពីប្រវត្តិ និងតួនាទី លម្អិតនៃព្រែកជីកស្រមោច ដែលគេស្គាល់ថា ជាព្រែកជីកបុរាណដ៏ធំ មានទទឹងរហូតដល់​៣០០ម៉ែត្រ និងជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧។




កន្លងមកនរវិទូ អាំង ជូលាន ធ្លាប់បានសរសេរខ្លីពីព្រែកជីកនេះ ដោយចុះផ្សាយនៅក្នុងបណ្ដាញ​ព័ត៌មានវប្បធម៌ នាឆ្នាំ២០០៥-២០០៦ និងមួយទៀតសារណា​និស្សិតបញ្ចប់​​ការសិក្សាផ្នែកបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំ២០០០-២០០១ ស្ដីពីសហគមន៍នៅតាមព្រែកជីកបុរាណ​ពីកំពង់ឃ្លាំងទៅភ្នំគូលែន។ ក្រៅពីនេះ ពុំធ្លាប់មានឯកសារណានិយាយក្បោះក្បាយពីព្រែកជីកនេះទេ។ 
 
តើព្រែកជីកនេះជីកនៅពេលណា? បើគេជីកដើម្បីទាញទឹកមកប្រើប្រាស់ ហេតុអ្វីក៏ធំបែបនេះ? តើគេជីកដើម្បីដឹកកុលាលភាជន៍ពីលើភ្នំគូលែនមកទន្លេសាប ឬមួយសម្រាប់ដឹកថ្មពីតំបន់អូរថ្មដាប់ មកបឹងទន្លេសាប រួចរំកិលថ្មទាំងនោះ តាមស្ទឹងសៀមរាបទៅកាន់តំបន់អង្គរសម្រាប់សង់ប្រាសាទ?  ទាំងនេះសុទ្ធសឹងជាចម្ងល់​របស់អ្នកស្រាវជ្រាវ ដែលចង់ដឹងពីប្រភពនៃព្រែកជីក តើមានប្រភពចាប់ពីណា​ដល់ណា និងមានតួនាទីបែបណាឱ្យប្រាកដ? 
 
ព្រែកស្រមោច, គន្លងសំពៅ ឬផ្លូវសំពៅ
 
នៅឆ្នាំ២០២៣ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានលើកគម្រោងស្រាវជ្រាវនៅព្រែកស្រមោច ហើយមកដល់ឆ្នាំ២០២៤នេះ ជាដំណាក់កាលទី២ ដែលគេបន្តកំណាយនៅតាមខ្នងទំនបន់ព្រែកជីក និងបាតព្រែកនេះ ក្នុងបំណងបន្តស្វែងរកតឹកតាងនានា នៃរចនាសម្ព័ន្ធ ពិសេសការតាំងទីសហគមន៍​មនុស្ស នៅតាមខ្នងទំនប់បុរាណនេះ។
 
អ្នកស្រាវជ្រាវ និងអ្នកស្រុកហៅព្រែកជីកនេះ តាមតំបន់ភូមិសាស្រ្តមួយៗ។ ផ្នែកដែលនៅមានទឹក ហើយគេនៅអាចធ្វើចរាចរបាន ស្ថិតនៅប៉ែកខាងក្រោមក្នុងភូមិសាស្រ្តឃុំកំពង់ឃ្លាំង គេហៅថា «ព្រែកស្រមោច» ចំណែកផ្នែកដែលគោករីងទឹកក្លាយជាវាលស្រែ ចាប់ពីផ្លូវជាតិលេខ៦ ឡើងទៅជើងរហូតដល់ម្ដុំភូមិស្ទឹង ឃុំសំរោង អ្នកស្រុកហៅថា «គន្លងសំពៅ ឬផ្លូវសំពៅ» ដែលទីនោះនៅមានទំនប់សងខាងមើលឃើញច្បាស់ ទោះជាព្រែកលែងមានទឹក ហើយទៅជាដីវាល តាំងពីយូរយារមកហើយក៏ដោយ។ 
 
 
អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ លោក ទិន ទីណា ដែលជាប្រធានគម្រោងស្រាវជ្រាវ «ប្រភព និងតួនាទៅព្រែកជីកបុរាណ (ព្រែកស្រមោច) លើកឡើងថា គម្រោងស្រាវជ្រាវនេះ បានប្រើប្រាស់រូបថតពីលើអាកាស ដែលថតដោយលោក V. GolouBew ជនជាតិបារាំង ដែលបោះពុម្ពក្នុងឆ្នាំ១៩៤១ និងរូបភាពពីលើអាកាសតាមរយៈ Google Earth។ តាមរយៈរូបភាពទាំងនោះបានបង្ហាញថា ព្រែកស្រមោចសណ្ដូកតាមទិសខាងជើងទៅត្បូង ចេញពីភូមិសាស្រ្តភូមិសំរោង ឃុំសំរោង ឆ្ពោះទៅត្បូងកាត់តាមផ្លូវជាតិលេខ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក រហូតដល់ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដល់បឹងទន្លេសាប។ 
 
ទោះកន្លងមកមានការអះអាងថា ព្រែកជីកនេះ លាតសន្ធឹងពីភ្នំគូលែន ដល់បឹងទន្លេសាបក៏ដោយ តែលទ្ធផលនៃការស្រាវជ្រាវក្នុងដំណាក់កាលទី១របស់អ្នកបុរាណវិទូ បានរកឃើញថា ព្រែកជីកនេះ អាច​នៅត្រឹម​ម្ដុំវត្តសំរោង ចុះមកត្បូងតែប៉ុណ្ណោះ មិនដល់ភ្នំគូលែនទេ ហើយគេមិនបានប្រទះស្លាកស្នាម​បន្តទៀតទេ គឺបាត់ដាននៅត្រឹមនេោះតែម្ដង។ 
 
លោក ទិន ទីណា បានបន្ថែមថា ព្រែកជីកស្រមោចនេះ មានប្រវែងសរុប ២៣គីឡូម៉ែត្រ ដោយកន្លែងខ្លះ មានទទឹងពី៣០០ម៉ែត្រ ខ្លះទៀតមានទទឹង១៥០ម៉ែត្រ គឺរួមតូចនៅផ្នែកខាងចុង​នៃបឹងទន្លេសាប ហើយមានកម្ពស់ជាង៤ម៉ែត្រ។ ត្រង់ចំណុចនេះបុរាណវិទូលោក ទិន ទីណា យល់ថា ទំនប់នេះអាចមានកម្ពស់ខ្ពស់ជាងនេះ នៅពេលសាងសង់ថ្មីៗ។ 
 
ប្រភពទឹក
 
ប្រភពទឹកដែលទាញទម្លាក់ចូលព្រែកជីកស្រមោច អ្នកស្រាវជ្រាវបានសន្និដ្ឋានថា អាចមានប្រភព ២សំខាន់ៗ។ ទី១ ប្រភពទឹកពីភ្នំគូលែន ដែលស្ថិតនៅខាងជើងវាលរាបអង្គរ ហើយមកជួបគ្នា​នៅច្រកទំនប់​​​ត្រាចពក មុននឹងហូរចូលព្រែកជីក។ ទី២ ប្រហែលឡើងមកពីទន្លេសាប​ច្រាលចូលក្នុងព្រែក។ បើគេពិនិត្យមើលស្ថានភាពព្រែកសព្វថ្ងៃ នារដូវវស្សា ព្រែកស្រមោចមាន​ទឹកពាក់កណ្ដាល និងអាចឱ្យទូក ឬកាណូតចរាចររហូតមកដល់ម្ដុំវត្តសុវណ្ណសិលា។ 
 
ផ្នែកខាងលើ ចាប់ពីភូមិថ្នល់ចែកឡើងទៅជើង បាតព្រែកនេះគោតរីងស្ងួតអស់ និងក្លាយជាវាលស្រែ ដែលប្រជាជននៅតំបន់នោះបង្កបង្កើនស្រូវរាល់ឆ្នាំ។ តែគេនៅអាចឃើញពោះព្រែកបានច្បាស់ រីឯតាមខ្នងទំនប់ មានដើមឈើដុះខ្ពស់អមសងខាង និងផ្ទះសម្បែងពលរដ្ឋ ដែលខ្លះសង់យូរមកហើយ ខ្លះទៀតក៏ទើបសង់ថ្មី ចន្លោះមួយៗ។ ចំណែកនៅផ្នែកខាងត្បូងឆ្ពោះទៅទន្លេសាប ទឹកនៅមានខ្លះតាមបាតព្រែកជីកនេះ ពិសេសនារដូវវស្សា ឬរដូវទឹកឡើង។ 
 

ផ្នែកខ្លះនៃបាតព្រែកស្រមោច
 
នៅប៉ែកខាងក្រោម ចាប់ពីថ្នល់ចែកចុះមកបឹងទន្លេសាប ខ្នងទំនប់នេះបានរងនូវការខូចខាត ការឈូសឆាយពង្រាបធ្វើជាភូមិឋាន និងខ្លះទៀត ត្រូវបានជីកយកអាចម៍ដីធ្វើឡឥដ្ឋ។ នៅតំបន់នោះ សម្បូរឡឥដ្ឋណាស់ ហើយឥដ្ឋដំដែកក៏មានភាពល្បីល្បាញផងដែរ ថាផលិតមានគុណភាពល្អ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពកាប់យកអាចម៍ដីតាមខ្នងទំនប់ត្រូវបានទប់ស្កាត់ ដោយអាជ្ញាធរជាតិអប្សរា ហាមមិនឱ្យពលរដ្ឋយកមកប្រើប្រាស់ទៀត។ 
 
ក្រៅពីផ្ទះសម្បែង ឬឡឥដ្ឋ តាមខ្នងទំនប់ព្រែកស្រមោច ក៏មានការរៀបចំជាវត្តអារាម ចេតិយ និងឈាបនដ្ឋានផង។ យ៉ាងណា ដោយសារទំនប់នេះលែងដំណើរការយូរមកហើយផង ទើបកើតរឿងទាំងនេះ។ ហើយការតាំងទីរបស់សហគមន៍មនុស្សនៅតំបន់នេះទៀតសោត គឺមានយូរលង់មកហើយដែរ។
 
ជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ 
 
ដ្បិតថា គេមិនដឹងអាយុកាលពិតប្រាកដនៃព្រែកជីកនេះក៏ពិតមែន តែអ្នកស្រាវជ្រាវខ្លះបានសន្និដ្ឋានថា ព្រែកនេះអាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចមុននោះយូរផង។

ក្រោយមកប្រហែលជា​ព្រែកជីកនេះ មានដំណើរការរអាក់រអួល និងខូចខាតដោយអន្លើផងនោះ ទើបក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានធ្វើផ្លូវ និងមានទាំងស្ពានមួយចំនួនផង ដែលសព្វថ្ងៃនេះក្លាយជាផ្លូវជាតិលេខ៦ កាត់ព្រែកជីកឱ្យដាច់ជាពីរផ្នែក នៅត្រង់ចំណុច «ថ្នល់ចែក» ម្ដុំភូមិថ្នល់ចែក ឃុំដំដែក ស្រុកសូទ្រនិគម គឺខាងកើតផ្សារដំដែកបន្ដិច។ 
 
ក្រៅពីនេះ អ្នកស្រុករស់នៅតាមទំនប់ព្រែកជីកក្នុងភូមិសាស្រ្តថ្នល់ចែក ឃុំដំដែក និងឃុំសំរោង មួយចំនួន នៅចាំតៗគ្នាថា ព្រែកស្រមោច ថ្នល់សំពៅ គន្លងសំពៅ ឬព្រៃថ្នល់ ជាផ្លូវទឹកបុរាណមួយ ដែលមានសំពៅ​ចរាចរចុះទៅចន្លោះពីទន្លេសាប ទៅដល់ភ្នំគូលែន ដែលពួកគេនិទានតៗគ្នារហូតមក។ រីឯអ្នកស្រុកខ្លះទៀត ក៏នៅជឿថាព្រែកជីកនេះ ជាផ្លូវដឹកជញ្ជូនថ្មទៅសាងសង់ប្រាសាទនៅតំបន់អង្គរដែរ។ តែរហូតមកដល់ពេលនេះ គេមិនទាន់ប្រទះឃើញស្លាកស្នាមនៃការដឹកជញ្ជូនថ្មនេះទេ។ លោក ទិន ទីណា បញ្ជាក់ថា ប្រសិនពិតជាផ្លូវទឹកដឹកថ្មពីអូរថ្មដាប់មែន នោះអាចមានដុំថ្មធ្លាក់តាមព្រែកជីកខ្លះ តែការស្រាវជ្រាវកន្លងមក ឬក៏ការសាកសួរអ្នកភូមិ ពួកគេមិនធ្លាប់បានឃើញដុំថ្មណាមួយ​ខុសប្រក្រតីក្នុងព្រែកនេះឡើយ។
 
គម្រោងស្រាវជ្រាវដំណាក់កាលទី២
 
នៅដើមឆ្នាំ២០២៤នេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានបន្តកំណាយស្រាវជ្រាវនៅទីតាំងភូមិថ្មី ឃុំកំពង់ឃ្លាំង នៅស្ថិតនៅប៉ែកខាងក្រោមជិតតំបន់បឹងទន្លេសាប។ បុរាណវិទូ លោក ឆាយ រចនា ដែលស្ថិតនៅកន្លែងកំណាយបានឱ្យដឹងថា កំណាយលើកនេះមានបំណងតែមួយដូចកំណាយលើកទី១ ដែរ គឺដើម្បីស្វែងយល់បន្ថែមពីព្រែកជីកស្រមោច។ ពិសេសកំណាយនៅខ្នងព្រែកខាងកើតពេលនេះ ដើម្បីស្វែងយល់ពីការតាំងទីរបស់ប្រជាជន និងពេលវេលាដែលពួកគេរស់នៅទីនេះ។ 
 
សំបកខ្យងដែលប្រទះឃើញក្នុងរណ្ដៅកំណាយលើកទី២
 
ក្នុងការស្រាវជ្រាវនេះដែរ ក្រុមការងារបានបើករណ្ដៅកំណាយនៅទីតាំងផ្សេងៗគ្នា និងបានខួងដីកាត់ព្រែក ដើម្បីចង់ដឹងពីជម្រៅបាតព្រែក និងការចាក់បង្គរស្រទាប់ដី។ តាមការបញ្ជាក់ពីលោក ឆាយ រចនា និន្នន័យដែលបានដឹងខ្លះៗកំឡុងពេលនេះ គឺបាតព្រែកជីកនេះ អាចមានជម្រៅជាង៧ម៉ែត្រ ហើយដីដែលចាក់បង្គរមានដីភក់នៅស្រទាប់ក្រោម បន្ទាប់មកមានដីខ្សាច់ ដែលអាចដឹងថា មានចរន្តទឹកហូរនៅទីនោះបាន។ 
 
ចំណែកបុរាណវិទូ លោក វិទូ ភិរម្យ បានបង្ហាញទិន្នន័យខ្លះៗពីកំណាយលើកទី២នេះ។ គេបានប្រទះឃើញស្លាកស្នាម កុលាលភាជន៍ សំបកខ្យង​និងសម្ភារប្រើប្រាស់ខ្លះដែលកប់ក្នុង​រណ្ដៅកំណាយ។ ហើយតាមរយៈនោះបានបញ្ជាក់ថា ទីតាំងដែលនៅជិតមាត់ទន្លេនេះ មានសហគមន៍មនុស្ស​រស់នៅច្រើនពេល។ ហើយបើផ្អែកលើការរកឃើញកុលាលភាជន៍ មានលាបទឹកថ្នាំពណ៌ក្រហម (Red slip) បញ្ជាក់ថា ភាជន៍នេះផលិតនៅចុងសម័យមុនអង្គរ ឬដើមសម័យអង្គរ។
 
អ្នកស្រាវជ្រាវរូបនេះពន្យល់ថា ហេតុផលដែលមានសហគមន៍មនុស្សរស់នៅច្រើន ដ្បិតតំបន់នេះនៅជិតមាត់ទន្លេ សម្បូរត្រី ដែលជាប្រភពអាហារសំខាន់។ មួយទៀតគឺទាក់ទងនឹងពាណិជ្ជកម្ម ដែលអាចជាតំបន់កំពង់ផែឬប៉ូលសេដ្ឋកិច្ចមមាញឹក ទើបមនុស្សចូលមករស់នៅជាសហគមន៍ធំ។
 
មកដល់ចំណុចនេះ អាថ៌កំបាំងព្រែកជីកស្រមោច បានលេចជាពន្លឺខ្លះៗហើយ។ ទោះមិនទាន់បានច្រើន តែក៏មានទិន្នន័យខ្លះៗដូចជាភូមិសាស្រ្តព្រែកជីក និងការតាំងទីរបស់សហគមន៍​តាមខ្នងទំនប់នេះជាដើម។ ប៉ុន្តែមូលហេតុចម្បងនៃការជីកព្រែកដ៏ធំមួយនេះ នៅតែជាមន្ទិល ដែលឱ្យអ្នកស្រាវជ្រាវបន្តរុករកបន្តទៀត៕
 
សំបកខ្យងដែលប្រទះឃើញក្នុងរណ្ដៅកំណាយលើកទី២
 

 ព្រែកស្រមោចដែលក្លាយជាវាលស្រែរបស់ពលរដ្ឋនៅភូមិថ្នល់ចែក ឃុំសំរោង  ស្រុកសូទ្រនិគម។



Tag:
 ព្រែកស្រមោច
  ព្រែកជីកបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com