អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកលី សៀនឡុង លាលែងតំណែងជាផ្លូវការ និងត្រៀមផ្ទេរតំណែងនៅថ្ងៃស្អែក
14, May 2024 , 11:29 am        
រូបភាព
លោក លី សៀនឡុង (ឆ្វេង) ប្រគល់លិខិតស្នើសុំលាលែងពីតំណែងទៅលោក ប្រធានាធិបតី Tharman Shanmugaratnam ។ រូបភាព ៖ ហ្វេសប៊ុក / Lee Hsien Loong
លោក លី សៀនឡុង (ឆ្វេង) ប្រគល់លិខិតស្នើសុំលាលែងពីតំណែងទៅលោក ប្រធានាធិបតី Tharman Shanmugaratnam ។ រូបភាព ៖ ហ្វេសប៊ុក / Lee Hsien Loong
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានដាក់លិខិតស្នើសុំទៅប្រធានាធិបតី លោក Tharman Shanmugaratnam ដើម្បីលាលែងពីតំណែងចាប់ពីថ្ងៃទី ១៥ ខែឧសភា។ លោក ឡរ៉ែន វង់ ជានាយករដ្ឋមន្រ្តីថ្មី។

 
«ខ្ញុំសរសេរលិខិតដើម្បីជម្រាបជូនឯកឧត្តមថា ខ្ញុំនឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៥ ខែឧសភា»។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានសរសេរក្នុងលិខិតមួយច្បាប់ផ្ញើជូនលោកប្រធានាធិបតី Tharman Shanmugaratnam នៅថ្ងៃទី ១៣ ឧសភា។ 
 
នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​បាន​និយាយ​ថា ដំបូង​ឡើយ​លោក​មាន​គម្រោង​ប្រគល់​តំណែង​ទៅ​ឲ្យអ្នកស្នងបន្ទាប់ ​នៅ​ពេល​លោក​មាន​អាយុ ៧០ ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ កាលវិភាគនេះត្រូវបានពន្យារពេល ដោយសារឥទ្ធិពលនៃជំងឺរាលដាលកូវីដ-១៩។
 
នៅខែមេសា ឆ្នាំ២០២២ លោក ឡរ៉ែន វង់ ដែលមានតួនាទីជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ត្រូវបានជ្រើសរើសជាអ្នកដឹកនាំជំនាន់ទី៤ នៃគណបក្សសកម្មភាពប្រជាជន (PAP)កំពុងកាន់អំណាច ដើម្បីត្រួសត្រាយផ្លូវឱ្យលោកក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោកលី សៀនឡុង។
 
«២ឆ្នាំបានកន្លង តាំងពីពេលនោះមក លោក ឡរ៉ែន វង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីដឹកនាំសិង្ហបុរី។ ខ្ញុំបានផ្តល់អនុសាសន៍ជាផ្លូវការថា លោកប្រធានាធិបតីនឹងអញ្ជើញលោក ឡរ៉ែន វង់ ដែលទទួលបានការទុកចិត្តពីសមាជិកសភាភាគច្រើន មកបង្កើតរដ្ឋាភិបាលបន្ទាប់»។ លោក លី បានសរសេរលើលិខិតបែបនេះ។ 



លោកប្រធានាធិបតី Tharman ក៏បានផ្ញើលិខិតឆ្លើយតបទៅលោក លី ដោយប្រកាសថា លោកនឹងតែងតាំងលោក វង់ ជានាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី១៥ ខែឧសភា។
 
«ជំនួសមុខឲ្យប្រជាជនសិង្ហបុរីទាំងអស់ សូមអរគុណចំពោះការបម្រើរដ្ឋាភិបាលរយៈពេល៤ទសវត្សរ៍ ព្រមទាំង២០ឆ្នាំក្នុងឋានៈជានាយករដ្ឋមន្ត្រី»។ លោកប្រធានាធិបតី Tharman បានផ្ញើលិខិតឆ្លើយតបមួយទៅកាន់លោក លី សៀនឡុង​ បែបនេះ។ 
 
ប្រធានាធិបតីសិង្ហបុរីរូបនេះបានបន្ថែមថា លោក ឡរ៉ែន វង់ នឹងតែងតាំងលោក លី ជារដ្ឋមន្ត្រីជាន់ខ្ពស់។ លោក Tharman បានសរសេរថា ៖« ខ្ញុំប្រាកដថាបទពិសោធ និងអនុសាសន៍របស់លោកនឹងជួយក្រុមអ្នកដឹកនាំថ្មីរបស់យើង នៅពេលដែលពួកគេឈានទៅដំណាក់កាលជាប្រវត្តិសាស្ត្របន្ទាប់ និងធ្វើឲ្យសិង្ហបុរីកាន់តែប្រសើរឡើង» ។
 
លោក លី សៀនឡុង មានអាយុ ៧២ឆ្នាំ កាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរីតាំងពីឆ្នាំ ២០០៤។ ខុសពីលោក លី សៀនឡុង ដែលជាកូនប្រុសរបស់អតីតមេដឹកនាំ លី​ ខ្វាន់យូ លោក វង់ មកពីគ្រួសារសាមញ្ញ មានឪពុកជាអ្នក​គ្រប់​គ្រង​លក់​ទំនិញ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ ហើយ​ម្ដាយ​​ធ្លាប់​ធ្វើ​ជា​គ្រូបង្រៀន។
 
លោក វង់ បានសិក្សានៅអាម៉េរិកដោយទទួលអាហារូបករណ៍ពីរដ្ឋាភិបាលសិង្ហបុរី មុនពេលត្រឡប់មកស្រុកវិញដើម្បីធ្វើជាមន្ត្រីរាជការក្នុងឆ្នាំ ១៩៩៧។ លោកធ្លាប់ធ្វើជានាយកអាជ្ញាធរទីផ្សារថាមពលសិង្ហបុរី បន្ទាប់មកបានក្លាយជាលេខាផ្ទាល់របស់លោក លី។ នៅឆ្នាំ ២០១១ លោក វង់ ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភាលើកដំបូង។  
 
លោក វង់ បានជាប់ឆ្នោតជាថ្មីក្នុងការបោះឆ្នោតសភាពីរអាណត្តិក្នុងឆ្នាំ ២០១៥ និង ២០២០ ហើយត្រូវបានដំឡើងឋានៈជារដ្ឋមន្ត្រីផ្សេងៗ។ នៅពេលជំងឺកូវីដ-១៩ ផ្ទុះឡើងក្នុងឆ្នាំ ២០២០ លោកត្រូវបានជ្រើសរើសជាសហប្រធាននៃគណៈកម្មាធិការឆ្លើយតបជំងឺកូវីដ-១៩ ដែលប្រព័ន្ធផ្សព្វផ្សាយបង្ហាញមុខលោកជាញឹកញាប់ និងធ្វើឲ្យលោកកើនប្រជាប្រិយភាពខ្លាំងឡើង។ 
 
ការបោះឆ្នោត​សកល​នៅ​សិង្ហ​បុរី​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំក្រោយ​។ លទ្ធភាពនៃការបរាជ័យរបស់ PAP មានកម្រិតទាបណាស់ ពីព្រោះបក្សនេះបានបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងអស់រយៈពេលជាងកន្លះសតវត្សមកហើយ៕ 
 

Tag:
 សិង្ហបុរី
  លី សៀនឡុង​
© រក្សាសិទ្ធិដោយ thmeythmey.com