កីឡាអន្តរជាតិ
អន្តរជាតិ
លេចជ្រាបទឹកភ្លៀងនៅ Old Trafford! ក្លិប Man Utd ទទួលស្គាល់បញ្ហា
14, May 2024 , 5:29 pm        
រូបភាព
ក្លិប Manchester United បានប្រកាសទទួលស្គាល់ពីបញ្ហាលេចជ្រាបទឹកភ្លៀងពីដំបូលកីឡដ្ឋាន Old Trafford ថា ជាបញ្ហាដែលពិបាកទប់ស្កាត់ជាមុន។ ការប្រកាសទទួលនេះ ធ្វើឡើង បន្ទាប់ពីរូបភាពទឹកភ្លៀងធ្លាក់លេចជ្រាបចេញពីដំបូលកីឡដ្ឋាន ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម និងសារព័ត៌មានជាច្រើនលើពិភពលោក អំឡុងការប្រកួតដែលបិសាចក្រហមចាញ់ Arsenal លទ្ធផល ១-០ ក្នុងជំនួបលីគ កាលពីថ្ងៃទី១២ ខែឧសភា។



តាមរយៈសម្តីរបស់ប្រភពនៃក្លិប Man United បានប្រាប់ទៅកាន់ទូរទស្សន៍ ESPN បញ្ហាដែលក្លិបបានជួបប្រទះថ្មីនេះ នឹងក្លាយជាមូលហេតុបន្ថែមមួយទៀត សម្រាប់សហម្ចាស់ក្លិប លោក Sir Jim Ratcliffe ត្រូវគិតគូបន្ថែមចំពោះការអភិវឌ្ឍកីឡដ្ឋាន Old Trafford។
 
ក្រោយពេលបញ្ចប់ការប្រកួតដែល Man United ចាញ់ក្រុមកំពូលតារាង Arsenal លទ្ធផល ១-០ វីដេអូមួយត្រូវគេបង្ហោះលើបណ្តាញសង្គម បង្ហាញពីមេឃភ្លៀងធ្លាក់យ៉ាងខ្លាំង នៅកីឡដ្ឋាន Old Trafford។ នៅត្រង់កន្លែងអង្គុយ ក្រោមដំបូលចន្លោះទីតាំងអង្គុយតំបន់ខាងកើត (East Stand) និងតំបន់អង្គុយឈ្មោះ Sir Alex Ferguson បានលេចជ្រាប់ទឹកភ្លៀងធ្លាក់មកពីដំបូល រយៈពេលជិត ២ម៉ោង។
 
មិនត្រឹមតែប៉ុណ្ណោះ រូបភាពដែលទឹកភ្លៀងបានលេចជ្រាបតាមក្រោមកៅអីអង្គុយ និងតាមបង្អួចក្នុងកីឡដ្ឋាន ក៏ដូចជាការបង្ករឱ្យមានភក់នៅលើទីលានថែមទៀត ក៏ត្រូវបានគេបង្ហោះពេញបណ្តាញសង្គម។
 
ការអះអាងបន្ថែមទៀតពីប្រភពនៃក្លិបបិសាចក្រហមដដែល អ្នកគាំទ្រដែលចូលទស្សនាការប្រកួតរវាង Man United និង Arsenal បានចាកចេញពីកីឡដ្ឋានដោយសុវត្ថិភាព។ Arsenal យកឈ្នះការប្រកួតក្នុងទឹកដី Old Trafford ដើម្បីបន្តដំណើរប្រជែងពានទល់ក្រុម Manchester City រហូតដល់សប្តាហ៍ចុងក្រោយនៃក្របខណ្ឌ Premier League។
 
ក្លិបបិសាចក្រហម ក៏បានទទួលស្គាល់ចំពោះបញ្ហានេះ ហើយថែមទាំងបញ្ជាក់ថា បញ្ហាបង្ហាញពីតម្រូវការរបស់ក្លិប Man United ដើម្បីឱ្យមានកីឡដ្ឋានល្អប្រសើរឡើងវិញ។
លោក Ratcliffe ដែលជាម្ចាស់ភាគហ៊ុនមួយផ្នែករបស់ក្លិប Man United ស្ថិតនៅក្នុងការប្រកួតបានឃើញពីបញ្ហាផ្ទាល់ភ្នែកផងដែរ។ មហាសេដ្ឋីអង់គ្លេស វ័យ ៧១ឆ្នាំ  បានចំណាយទុនប្រមាណ ២៧,៧ភាគរយ (១,៧ពាន់ដុល្លារ) វិនិយោគលើក្លិបបិសាចក្រហមកាលពីខែកុម្ភៈ ត្រូវបានគេរំពឹងថា អាចនឹងគិតគូពីជម្រើសសាងសង់កីឡដ្ឋានថ្មីដែលនៅក្បែកីឡដ្ឋាន Old Trafford ឬក៏អាចជជែកពីការជួសជុល និងអភិវឌ្ឍកីឡដ្ឋានដែលមានវ័យចំណាស់នេះ ឱ្យប្រសើរឡើងវិញ៕

Tag:
 Man United
© រក្សាសិទ្ធិដោយ thmeythmey.com