ជាតិ
សេដ្ឋកិច្ច
សំណុំរឿង ឡេង ចាន់ណា​! សម្តេច ហ៊ុន ម៉ាណែត ប្រគល់សិទ្ធិឱ្យលោក គី តិច ការពារពលរដ្ឋ
15, May 2024 , 10:29 am        
រូបភាព
លោកស្រី ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
លោកស្រី ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤
ករណីបោកប្រាស់ពលរដ្ឋពីអ្នកស្រី ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនប្រ៊ីលានស៊ីធី​​ ​​ ត្រូវបានសម្តេច ហ៊ុន ម៉ាណែត ប្រគល់សិទ្ធិឱ្យលោក គី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាលដោះស្រាយ ដើម្បីការពារផលប្រយោជន៍ជនរងគ្រោះ។ ការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រីនាពេលនេះ ជាការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា។

 
« ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយ ដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ»។ ​នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នៅលើទំព័រហ្វេសប៊ុក មុននឹងចេញដំណើរទៅបំពេញបេសកកម្មនៅប្រទេសកូរ៉េខាងត្បូង​ នាថ្ងៃទី១៥ឧសភានេះ។ 
 
មុននឹងសម្រេចប្រគល់ភារកិច្ចឱ្យលោក គី តិច ជួយពលរដ្ឋរងគ្រោះនេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាកម្លាំងមានសមត្ថកិច្ចស៊ើបអង្កេត និងស្រាវជ្រាវ ដោយរកឃើញថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី  ជាការបោកប្រាស់ដែលមានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។
 
អត្ថបទទាក់ទង
 
ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនេះ, សម្តេចបានបញ្ជាកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ និងឃាត់ខ្លួនអតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកមួយចំនួនបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន កាលថ្ងៃទី១២ មីនា ២០២៤។ លើសពីនេះ រដ្ឋាភិបាលនៅបន្តតាមដានករណីនេះ ជាប្រចាំ និងប្រគល់ភារកិច្ចឱ្យសមត្ថកិច្ចពាក់ព័ន្ធ បន្តការស្រាវជ្រាវ និង សហការគាំទ្រដល់ដំណើការរបស់តុលាការគ្រប់រូបភាព ដែលច្បាប់អនុញ្ញាត ដោយធ្វើយ៉ាងណារួមគ្នា ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់។
 
សម្តេច ហ៊ុន ម៉ាណែត បន្តរៀបរាប់យ៉ាងដូច្នេះ៖ «យើងនឹងបន្តខិតខំរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយសមស្រប ជូនប្រជាពលរដ្ឋ ទៅតាមនីតិវិធីច្បាប់ជាធរមាន»។
 
សូមជម្រាបថា សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ​បានសម្រេចឃុំខ្លួនលោកស្រី ឡេង ចាន់ណា និងបក្ខពួក ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារ។ អ្នកទាំងនោះ ត្រូវបានប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ, បទ «សម្អាតប្រាក់» តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ បន្ថែមលើសពីនេះ បក្ខពួករបស់លោកស្រី ឡេង ចាន់ណា ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការ៕

© រក្សាសិទ្ធិដោយ thmeythmey.com