ជាតិ
ក្រសួងអប់រំ អំពាវនាវឱ្យសប្បុរជនជួយឧបត្ថម្ភរង្វាន់លើកទឹកចិត្តដល់សិស្សពូកែ
15, May 2024 , 10:59 am        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ រូបពី ក្រសួងអប់រំ
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ រូបពី ក្រសួងអប់រំ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យសាធារជនទាំងអស់ ចូលរួមជួយឧបត្ថម្ភជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិឡា។ ជ័យលាភី នឹងប្រកាសនៅថ្ងៃទី១៦ឧសភានេះ។

 
បើតាមសេចក្ដីអំពាវនាវរបស់ក្រសួងអប់រំ ការប្រឡងសិស្សពូកែ មានគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹង និងជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ។ ​ក្រសួងអប់រំ តែងតែរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ជារៀងរាល់ឆ្នាំ។
 
ក្នុងឆ្នាំនេះ ការប្រឡងបានប្រព្រឹត្តទៅកាលថ្ងៃទី១៣ឧសភា ហើយពិធីបិទការប្រឡងចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី នឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ឧសភានេះ នៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ 
 
«ដើម្បីធ្វើឱ្យពិធីនេះកាន់តែអធិកអធម ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការអំពាវនាវចំពោះ សម្តេច ឯកឧត្តមលោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនក្នុងប្រទេស និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភជាថវិកា ជាសម្ភារសម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែមដល់ជ័យល់ភីសិស្សពូកែទូទាំងប្រទេស និងគណៈកម្មការរៀបចំ សំដៅជំរុញចលនានេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំបន្តបន្ទាប់»។ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានអំពាវនាវបែបនេះ ហើយបញ្ជាក់ថា ថវិកានិងសម្ភារ ដែលចូលរួមសូមផ្ញើឬប្រគល់ទៅនាយកដ្ឋានកិច្ចការប្រឡង ស្ថិតនៅអគារលេខ ១៦៩ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ឬតាមទូរសព្ទ ០១២ ៨៤៣ ៤៧៥/ ០៧៧ ៩៩៤ ២០០ និង ០១៧ ៩៤១ ៤១៩៕ 

Tag:
 អប់រំ
  សិស្សពូកែ
© រក្សាសិទ្ធិដោយ thmeythmey.com