សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កម្ពុជា​ ជាទីផ្សារនាំចេញជីកសិកម្មរបស់វៀតណាមធំបំផុត
16, May 2024 , 2:19 pm        
រូបភាព
រូបភាព ៖ CongThuong
រូបភាព ៖ CongThuong
គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៤ កម្ពុជាជាទីផ្សារនាំចេញជីកសិកម្មធំជាងគេរបស់វៀតណាម ជាមួយនឹងបរិមាណ ១៤៥ ៧៩៣តោន ស្មើនឹងតម្លៃជាង ៥៩លានដុល្លារ។ នេះបើតាមសារព័ត៌មានវៀតណាម CongThuong នាថ្ងៃទី១៥ ខែឧសភា។

 
តាមការបញ្ជាក់អគ្គនាយកដ្ឋានគយវៀតណាម រយៈពេល ៤ខែឆ្នាំនេះ ការនាំចេញជីវៀតណាមមានតម្លៃជាង ២៥២លានដុល្លារ ស្មើនឹង ៦២៤ ៤៦២តោន កើនឡើង ១៦,២ភាគរយជាបរិមាណ និងតម្លៃកើនឡើង ៨,៧ភាគរយ បើធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ ២០២៣។
 
ទាក់ទងនឹងទីផ្សារជីកសិកម្មពិភពលោក ប្រទេសផលិតធំៗដូចជាចិន និងរុស្ស៊ី កំពុងពង្រីកការនាំចេញផលិតផលនេះ។ ចាប់តាំងពីចិនចេញការហាមប្រាមលើការនាំចេញអ៊ុយរ៉េ បណ្តាប្រទេសអាស៊ីកំពុងប្រញាប់ប្រញាល់ស្វែងរកប្រភពផ្គត់ផ្គង់ជំនួសថ្មី។ 
 
បើនិយាយពីទីផ្សារជីវៀតណាមវិញ ៤ខែឆ្នាំនេះ កម្ពុជាបានកាន់កាប់តំណែងជាអតិថិជនកំពូលជាមួយនឹងទិន្នផល ១៤៥ ៧៩៣តោនស្មើនឹងជាង ៥៩លានដុល្លារ ដែលថយចុះបរិមាណ ៣ភាគរយ និងតម្លៃ ៩ភាគយបើធៀប​នឹងគ្រាដូចគ្នា​ឆ្នាំ​មុន​។ តម្លៃនាំចេញឈានដល់ជាមធ្យម ៤០៦ដុល្លារក្នុងមួយតោន ធ្លាក់ចុះ ៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
 
ក្រៅតែពី​កម្ពុជា កូរ៉េខាងត្បូងជាទីផ្សារនាំចេញជីវៀតណាមធំជាងគេទីពីរ។​ កំណើននៃការនាំចូលជីរបស់កូរ៉េខាងត្បូង ដោយសារតែចិនបានផ្អាកជាបណ្តោះអាសន្ននូវនីតិវិធីគយសម្រាប់ការនាំចេញអ៊ុយរ៉េទៅកាន់ប្រទេសនេះចាប់ពីថ្ងៃទី៣ខែធ្នូ ឆ្នាំ២០២៣។ 
 
បន្ថែមពីនេះ ទីផ្សារសំខាន់ទាំង២នេះ ប្រទេស និងដែនដីផ្សេងទៀតកំពុងកើនឡើងយ៉ាងខ្លាំងនូវការនាំចូលជីពីវៀតណាម រួមមាន ហ្វីលីពីន ឡាវ តៃវ៉ាន់ មីយ៉ាន់ម៉ា ម៉ាឡេស៊ី។ 
 
នៅឆ្នាំ២០២៤ អ្នកជំនាញព្យាករថា ការផ្គត់ផ្គង់ជីនឹងកាន់តែតឹងតែងឡើង ដោយសារតែប្រទេសផ្គត់ផ្គង់ធំៗពីររបស់ពិភពលោកគឺ ចិន និងរុស្ស៊ី ដាក់កម្រិតលើការនាំចេញ។ នេះអាចបណ្តាលឱ្យតម្លៃជីនៅឆ្នាំ ២០២៤ កើនឡើងបន្តិចបើធៀបនឹងឆ្នាំមុន។ 
 
សមាគមជីអន្តរជាតិ (IFA) បានព្យាករថា ការប្រើប្រាស់ជីសកលនៅឆ្នាំនេះនឹងកើនឡើង ៤ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលឈានដល់ ១៩២,៥លានតោន៕

Tag:
 វៀតណាម​
  កម្ពុជា
  ជី
© រក្សាសិទ្ធិដោយ thmeythmey.com