ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អាជីវករលក់ចំណីអាហារចល័ត គួរពង្រឹងគុណភាពនិងអនាម័យ ដើម្បីស្ថិរភាពមុខរបរ និងកេរ្តិ៍ឈ្មោះម្ហូបខ្មែរ
18, May 2024 , 10:00 am        
រូបភាព
ដោយ៖ ញ៉ សុខហឿន
 
ភ្នំពេញ៖ អាជីវករលក់អាហារចល័ត ពិសេសនៅតំបន់កម្សាន្តដែលប្រជុំដោយភ្ញៀវទេសចរ គួរតែពង្រឹងគុណភាព អនាម័យ និងគិតគូរពីសុវត្ថិភាពរបស់អតិថិជន។ ក្រៅពីនេះ សាធារណជន ក៏ជំរុញឱ្យអាជ្ញាធរ ពង្រឹងសណ្តាប់ធ្នាប់ និងរៀបចំទីតាំងលក់ដូរ សម្រាប់អាជីវករលក់ដូរចំណីអាហារចល័តផងដែរ ដើម្បីធានានូវរបៀបរៀបរយ និងរក្សាសោភ័ណភាព​ទីតាំងទេសចរណ៍។ ​ការពង្រឹងគុណភាព និងអនាម័យ ចំណីអាហារចល័ត មិនត្រឹមតែជួយធានានូវនិរន្តរភាពមុខរបររបស់អាជីវករលក់ដូរតូចតាចនោះទេ ប៉ុន្តែតាមរយៈម្ហូបអាហារ ដែលមានគុណភាព និងសុវត្ថិភាព ក៏រួមចំណែក​ដល់មុខមាត់ និងកេរ្តិ៍ឈ្មោះម្ហូបខ្មែរដែរ។

ការលក់ដូរចំណីអាហារចល័តតាមដងផ្លូវ គឺជាសកម្មភាពអាជីវកម្មខ្នាតតូចបំផុត និង​ដែល​ពេញ​​​និយមនៅកម្ពុជា។ នៅរាជធានីភ្នំពេញ ការលក់ដូរចំណីអាហារចល័ត មិនត្រឹមតែ​ចូលរួមចំណែក​​​​ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការទាក់ទាញ​​ទេសចរ និងបង្ហាញចំណីអាហារដ៏សម្បូរបែបរបស់កម្ពុជាផងដែរ។ 
 
ទោះជាយ៉ាងនេះក្តី គេនៅសង្កេតឃើញការការលក់ចំណីអាហារចល័តនៅតាមទីតាំងមួយចំនួន ពិសេសនៅទីតាំងប្រជុំដោយទេសចរ តួយ៉ាងនៅ​ចំណុច​ទន្លេចតុមុខ ទីតាំងមុខព្រះបរមរាជវាំង សួនច្បារវត្តបុទុមវតី និងសួនច្បារវិមានឯករាជ្យជាដើម នៅមិនទាន់​មាន​​របៀបរៀបរយ និងការគិតគូរពីអនាម័យ គុណភាព និងសុវត្ថិភាព​សម្រាប់​អ្នកបរិភោគនៅឡើយ។ ម្ហូបអាហារចល័តដែលមានលក់នៅតំបន់ទាំងនេះ មានដូចជានំបញ្ចុក, បបរ, ពងទាកូន, ម្ជូរ, បង្អែម ភេសជ្ជៈ និងនំចំណីអាហារសម្រន់ផ្សេងៗទៀត។ 
 


យុវជន ញ៉ូវ ចន ដែលតែងតែទៅដើរកម្សាន្តនៅមាត់ទន្លេ នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃសម្រាក ដើម្បីបន្ថយភាពតានតឹងពីការងារ និងការសិក្សានោះ យល់ឃើញថា អាជ្ញាធរ​គួរតែរៀបចំឱ្យអ្នកលក់ដូរនៅតំបន់នេះ ឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យតំបន់ទេសចរណ៍ទាំងនេះ មានសណ្តាប់ធ្នាប់ និងផ្តល់ភាពស្រួលសម្រាប់អ្នកលក់ និងអ្នកទិញ។ មិនតែប៉ុណ្ណោះ អាជ្ញាធរពាក់ព័ន្ធ ក៏ត្រូវអប់រំ និងណែនាំពីស្តង់ដារអនាម័យ និងការរៀបចំនំចំណីឱ្យមានសោភ័ណភាព ទាក់ទាញ និងផ្តោតលើគុណភាព-អនាម័យ ទៅដល់អ្នកលក់ដូរទាំងអស់ដែរ។ យុវជន ញ៉ូវ ចន រៀបរាប់ដូច្នេះ៖ «ខ្ញុំចង់ឃើញអ្នកលក់នៅតាមមាត់ទន្លេ មានទីតាំងមួយពិតប្រាកដ។ មានន័យថា គាត់នៅលក់​តែមួយកន្លែង គាត់អត់មានចល័តទៅណាទេ។ ដូច្នោះ​ងាយស្រួល​សម្រាប់អ្នក​មក​កម្សាន្ត។ ឧទាហរណ៍​ថាឃ្លានម្ជូរ ​ឬ​មួយក៏ឃ្លានទឹក ​អ្នកទេសចរ​អាចដើរទៅទិញ​ខ្លួនឯង​។ ដូច្នោះ​សណ្ដាប់ធ្នាប់មើលទៅអត់រញ៉េរញ៉ៃ ហើយបង្កើននូវអនាម័យចំណីអាហារដែរ»។
 
និស្សិតរូបនេះ មិនចង់ឃើញសោះ សកម្មភាពអ្នកលក់ដូរ ដើរតាមអង្វរភ្ញៀវឱ្យទិញនំ ចំណីរបស់ខ្លួន ដូចដែលរូបគេធ្លាប់ជួបប្រទះ។ សកម្មភាពបែបនេះ បានរំខានអារម្មណ៍របស់យុវជន​ ចន ដែលត្រូវការរំសាយកង្វល់ និងភាពតានតឹង នៅទីតាំងកម្សាន្តនេះ។ ​«នៅពេលមកអង្គុយ គឺមានអ្នកលក់ក្មេងអីចឹង ហើយគាត់មកសួរនាំច្រើន ​នៅ​ពេលដែលយើងប្រាប់ថាអត់ទិញ ហើយតែគាត់នៅតែអត់ទៅ។ បើយើងអត់ទិញ​គាត់ ឈរចាំទាល់ឱ្យយើងទិញបានគាត់ព្រមចេញទៅ។ ដល់ពេលចឹង ធ្វើឱ្យប៉ះពាល់អារម្មណ៍យើងដែរ»។​ យុវជន ញ៉ូវ ចន បន្ថែមដូច្នេះ។
 
ការលក់ដូរ មានភាព​អនាធិបតេយ្យ និងខ្វះអនាម័យ ពិសេសការទុកដាក់សំរាម គឺជារូបភាព​ដែល​ កញ្ញា សុខ ណាស្រ៊ីន អ្នកចូលចិត្តដើរកម្សាន្តនៅម្ដុំមាត់ទន្លេ មួយរូបទៀតមើលខើញ​។ យុវតីរូបនេះ ក៏ចង់ឱ្យមានការរៀបចំទីតាំងលក់ដូរ សម្រាប់អ្នកលក់អាហារចល័តនៅតំបន់ទេសចរណ៍នេះ ឱ្យមានសណ្តាប់ធ្នាប់ដែរ។ «បើសិនជាការលក់តាម street food មានការរៀបចំដែលមានសណ្ដាប់ធ្នាប់ គឺជាការល្អ ព្រោះ​ងាយ​ស្រួលក្នុងការទិញដែរ។ ហើយមាននូវសណ្ដាប់ធ្នាប់ទៀត ដែលជាកន្លែងមនុស្ស គ្រប់គ្នា​ អាចដើរទិញយ៉ាងមានភាពងាយស្រួល»។ យុវតី សុខ ណាស្រ៊ីន ចង់បានបែបនេះ។
​លោកស្រី រស់ រតនៈ ដែលគេស្គាល់ថាជាចុងភៅ​ (Chef Nak) ដ៏ល្បីល្បាញម្នាក់ ​បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ការលក់ដូរអារហារតាមដងផ្លូវ (street food) គឺជាការ​បង្ហាញ​ភាពសម្បូរបែបនៃម្ហូបអាហារ និងវប្បធម៌ខ្មែរ ដែលនឹងផ្ដល់បទពិសោធន៍នៃការភ្លក់មុខម្ហូបថ្មី ប្លែកៗសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ ការលក់ដូរអារហារតាមដងផ្លូវ ឬអាហារចល័តនេះ ក៏ជាការចូលរួមចំណែក ក្នុងការថែរក្សានូវវប្បធម៌ប្រពៃណី ឬក៏រូបមន្ត​នៃ ការធ្វើម្ហូបខ្មែរ ព្រមទាំងចូលរួមជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិដែរ។
 


តែយ៉ាងណា ​ចុងភៅរូបនេះ ​ក៏បានបង្ហាញក្តីបារម្ភចំពោះសណ្តាប់ធ្នាប់ និងអនាម័យ គុណភាពរបស់ចំណីអាហារលក់ដូរចល័តនេះដែរ។ ចុងភៅ រស់ រតនៈ ​ព្រួយថាកង្វះចំណេះដឹងពីសុវត្ថិភាពចំណីអាហារ អាចធ្វើប៉ះពាល់ដល់កេរ្តិ៍ឈ្មោះម្ហូបខ្មែរ ដែលមុខមាត់ប្រទេសជាតិថែមទៀត។ ចុងភៅ រស់ រតនៈ និយាយ៖ «​ពេលខ្លះខ្ញុំក៏មានការបារម្ភ ត្រង់ថាប្រជាជន និងអ្នកលក់អារហារតាម​ដងផ្លូវមួយចំនួនមិនទាន់មានការយល់ដឹង ឬការយល់ដឹងនៅមានកម្រិតនៅឡើយ​អំពីគុណភាព ភាពទៀងទាត់  អនាម័យ និងសុវត្ថិភាពចំណីអាហារ  ដែលអាចបង្កឱ្យអ្នកបរិភោគ ទាំងភ្ញៀវជាតិ និងជាពិសេសភ្ញៀវអន្តរជាតិ មិនសប្បាយចិត្ត មានជំងឺ ហើយពេលខ្លះ អាចធ្វើឱ្យមានការយល់ឃើញខុសជារួមចំពោះ ម្ហូបខ្មែរ យើងតែម្តង»។
 
ចុងភៅ រតនៈ ជំរុញឱ្យអាជ្ញាធរបន្តពង្រឹង និងពង្រីកការ​ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង​ពីសុវត្ថិភាព​ចំណីអាហារ ដល់អ្នកប្រកបរបរលក់ដូរចល័ត ដើម្បីស្ថិរភាពមុខរបររបស់ពួកគាត់ និងចូលរួមលើកមុខមាត់ប្រទេស តាមរយៈម្ហូបអាហារ។ «គួរផ្សព្វផ្សាយ និងលើកកម្ពស់ឱ្យបានទូលំទូ​លាយនូវការអនុវត្តល្អៗដែលមានស្រាប់ និងជាគំរូល្អដល់អ្នកលក់ដទៃទៀត ហើយក៏ជួយបង្កើនការយល់ដឹងបន្ថែមដល់ប្រជាជន ឬអ្នកលក់ដូរតាមដងផ្លូវ នូវគុណភាព អនាម័យ និងសុវត្ថិភាពចំណីអាហារ ក៏ដូចជា​ការផ្តល់នូវគ្រឿងបរិក្ខារអនាម័យ ដូចជាទឹកស្អាត ធុងសំរាម កន្លែងលាងដៃជាដើម»៕

Tag:
 ចំណី
  អាហារ
  លក់ដូរ
  ម្ហូបខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com