អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្រ្តីតែមួយគត់ក្នុងក្បាលម៉ាស៊ីនដឹកនាំវៀតណាម លាលែងពីតំណែង
17, May 2024 , 11:19 am        
រូបភាព
លោកស្រី ជឿង ធិម៉ៃ ។ រូបភាព ៖ VNA
លោកស្រី ជឿង ធិម៉ៃ ។ រូបភាព ៖ VNA
លោកស្រី ជឿង ធិម៉ៃ ស្រ្តីតែម្នាក់គត់ក្នុងជួរការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម បានលាលែងពីតំណែងរបស់ខ្លួនហើយ។ ការលាលែងពីតំណែងជាលេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្សពីសំណាក់លោកស្រី ជឿង ធិម៉ៃ ជាការបន្ថែមភាពរង្គោះរង្គើនយោបាយវៀតណាមមួយកម្រិតទៀត បន្ទាប់ពីការបាត់បង់តំណែងប្រធានាធិបតី វ៉ វ៉ាន់ធឿង និងប្រធានរដ្ឋសភា វឿង ឌិញហ្វេ។

 
បក្សកុម្មុយនីស្តវៀតណាម បានប្រកាសព័ត៌មានលាលែងពីតំណែងទាំងអស់របស់លោកស្រី ជឿង ធិម៉ៃ ស្របពេលដែលបក្សបើកកិច្ចប្រជុំដើម្បីបំពេញចន្លោះតំណែងដែលនៅទំនេរក្រោយការលាលែងជាបន្តបន្ទាប់។
 
យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការមជ្ឈិមបក្សនាថ្ងៃទី១៦ ខែឧសភា សន្និបាតមជ្ឈិមបក្សលើកទី៩ បានអនុម័តលើលាលែងតំណែងរបស់លោកស្រី ជឿង ធិម៉ៃ សមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣។
 
តាមគណៈកម្មាធិការប្រតិបត្តិមជ្ឈិម លោកស្រី ជឿង ធិម៉ៃ ជាថ្នាក់ដឹកនាំជាន់ខ្ពសរបស់បក្ស និងរដ្ឋដែលបានទទួលការបណ្តុះបណ្តាលចាប់ពីថ្នាក់មូលដ្ឋាន រហូតត្រូវបានចាត់តាំងឱ្យកាន់តំណែងដឹកនាំសំខាន់ៗជាច្រើននៅក្នុងជួរបក្ស និងរដ្ឋ។ ពេញមួយជីវិតការងារ និងតួនាទីជាអ្នកដឹកនាំ លោកស្រីតែងតែប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ សម្រេចបានជោគជ័យនូវភារកិច្ចដែលបានប្រគល់ជូន និងរួមចំណែកសំខាន់ៗជាច្រើនក្នុងការដឹកនាំ ទិសដៅ និងការគ្រប់គ្រង និងសកម្មភាពរបស់រដ្ឋសភា។
 
យ៉ាងណាមិញ យោងតាមរបាយការណ៍របស់គណៈកម្មាធិការអធិការកិច្ចមជ្ឈិមបក្ស ខណៈបម្រើការជាសមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណកម្មាធិការចលនាមហាជនមជ្ឈិម លោកស្រីបំពានគោលការណ៍បក្ស និងមានចំណុចខ្វះខាតមួយចំនួនក្នុងការអនុវត្តការងារ នៃបទប្បញ្ញត្តិស្តីពីអ្វីដែលសមាជិកបក្សហាមប្រាមស្តីពីការទទួលខុសត្រូវក្នុងការធ្វើជាគំរូដល់មន្ត្រី និងសមាជិកបក្ស ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បក្សកុម្មុយនិស្តមួយនេះ។
 
ដោយបានដឹងពីទំនួលខុសត្រូវលោកស្រីចំពោះបក្ស និងប្រជាជន លោកស្រី ជឿង ធិម៉ៃ បានដាក់ពាក្យសុំលាលែងពីមុខតំណែង ហើយឈប់សម្រាកពីការងារ។
 
ដោយឈរលើបទប្បញ្ញត្តិរបស់បក្ស និងរដ្ឋនាពេលនេះ ព្រមទាំងការពិចារណាចំពោះចង់បានរបស់លោកស្រី ជឿង ធិម៉ៃ គណៈកម្មាធិការមជ្ឈិមបក្សបានយល់ព្រមឲ្យលោកស្រីលាលែងពីមុខតំណែងជាសមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិមជ្ឈិមទី ១៣ គណៈកម្មាធិការកណ្តាល។
 
ស្ត្រីដែលមានវ័យ ៦៦ឆ្នាំរូបនេះមានស្រុកំណើតមកខេត្ត គ័ង ប៊ិញ ភាគកណ្តាលវៀតណាម គឺជាស្រមោលដ៏កម្រមួយក្នុងឆាកនយោបាយវៀតណាមដែលភាគច្រើនលើសលុបគ្រប់គ្រងដោយបុរស។
 
ពីមន្ត្រីសហភាពយុវជន លោកស្រីបានឈានទៅមុខបន្តិចម្តងៗតាមរយៈជួរនៃប្រព័ន្ធសហភាព និងបក្ស ដែលនៅទីបំផុតបានកាន់តំណែងខ្ពស់បំផុតមួយនៅក្នុងបក្សកុម្មុយនិស្តវៀតណាម។
 
លោកស្រី ជឿង ធិម៉ៃ ធ្លាប់ត្រូវបានចាត់ទុកថាជាអ្នកបន្តវេនដ៏សំខាន់មួយរូបរបស់រដ្ឋវៀតណាម បន្ទាប់ពីប្រធានាធិបតី វ៉ វ៉ាន់ធឿង និងប្រធានរដ្ឋសភា វឿង ឌិញហ្វេ បានបាត់បង់តំណែង។
 
យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ននេះ ​លោកស្រី​បាន​ចាក​ចេញ​ពី​មុខ​តំណែង​អចិន្ត្រៃយ៍​នៃ​លេខាធិការដ្ឋាន និង​សមាជិក​ការិយាល័យ​នយោបាយ។ ការវិវត្តបែបនេះ អាជីពនយោបាយរបស់លោកស្រីត្រូវបានបញ្ចប់ជាផ្លូវការ។
 
ជុំវិញការលាលែងតំណែង​លោកស្រី ជឿង ធិម៉ៃ នាពេលនេះបាន​លេច​ចេញ​ជា​ពាក្យចចាមអារ៉ាម​តាម​បណ្តាញ​សង្គម​​ថា លោកស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​នៅ​គម្រោងអភិវឌ្ឍន៍ ដាយនិញ ក្នុង​ខេត្ត ឡឹម ដុង ។
 
ដូចរាល់ដង សេចក្តីប្រកាសរបស់បក្សកុម្មុយនិស្តវៀតណាមអំពីការចាកចេញរបស់លោកស្រី ជឿង ធិម៉ៃ មិនបានបញ្ជាក់អំពីការរំលោភបំពានជាក់លាក់ណាមួយដែលលោកស្រីបានប្រព្រឹត្តនោះទេ ស្រដៀងទៅនឹងសេចក្តីប្រកាសនៅក្នុងករណីរបស់លោក វ៉ វ៉ាន់ធឿង និងលោក វឿង ឌិញហ្វេ ដែរ។
 
ក្រោយការចាកចេញរបស់លោកស្រី ជឿង ធិម៉ៃ អាសនៈអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានត្រូវបានប្រគល់ជូនឧត្តមសេនីយ៍ លឿង គឿង ។ មុនពេលក្លាយជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន ឧត្តមសេនីយ៍ លឿង គឿង ជាសមាជិកការិយាល័យនយោបាយ និងជាប្រធានស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។ 
 
គូរបញ្ជាក់ថា ដើម្បីបំពេញសសរស្តម្ភអំណាចទាំងបួន រដ្ឋសភាវៀតណាមនីតិកាលទី១៥ នឹងបើកសម័យប្រជុំលើកទី៧ នាថ្ងៃទី២០ ខែឧសភា ដើម្បីបំពេញអាសនៈចំនួន២ គឺប្រធានាធិបតី និងប្រធានរដ្ឋសភា៕ 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com