ជាតិ
សម្តេច ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចសហការនឹងវៀតណាម រកអ្នកជេរសម្តេចនៅលើតិកតុក
19, May 2024 , 11:01 pm        
រូបភាព
សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា
សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា
យប់ថ្ងៃទី១៩ឧសភានេះ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយវៀតណាម ស្រាវជ្រាវរកអ្នកដែលជេរសម្តេច នៅលើបណ្តាញសង្គមតិកតុក(Tik Tok)។ សម្តេចសង្កេតឃើញថា ក្រុមដែលជេរនេះ គឺលេចឡើងក្រោយសម្តេចបាននិយាយពាក់ព័ន្ធទៅនឹងគម្រោងព្រែកជីកហ្វូណន។



«ខ្ញុំពិតជាមានភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះឃើញរាប់សិបនាក់ចូលមកជេរ។ កាលឆ្នាំ២០១៦-២០១៧ មានជាង ២០០០នាក់ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ ជាលេខាបក្សស្រុក ផង»។ រឿងនេះក្រោយសម្តេចប្រាប់ទៅអគ្គលេខាបក្ស ងៀង ហ្វូចុងរៀង ក៏ស្ងាត់ទៅវិញ។

អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅចាំថា ក្រុមដែលជេរសម្តេចនាពេលនោះ គឺពាក់ព័ន្ធរឿងសមុទ្រចិនខាងត្បូង។ «ពេលនេះពួកគេចូលមកជេរតាម Tik Tokម្តង ប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ»។ សម្តេច បានសរសេររៀបរាប់បែបនេះនៅលើបណ្តាញសង្គម នាយប់ថ្ងៃទី១៩ឧសភា។   
អត្ថបទទាក់ទង
 
យ៉ាងណាមិញ សម្តេច ហ៊ុន សែន មិនប្រាកដថាជនជាតិវៀតណាមដែលជេរសម្តេច គឺជាអ្នកណាទេ? ជាវៀតណាមនៅក្នុងប្រទេសវៀតណាម ឬជាវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាល វៀតណាម ឬអណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនីTik Tok ដែលចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង។ 

ដោយមានការសង្ស័យ និងភាពមិនច្បាស់លាស់បែបនេះ សម្តេចបានលើកឡើងថា គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលអាចរកឃើញក្រុមដែលជេរនោះ។ « ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា?»។

សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថា ប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេ។ ដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីចៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់»៕

© រក្សាសិទ្ធិដោយ thmeythmey.com