ជាតិ
ខួប​៦៥​ឆ្នាំនៃ​ទំនាក់ទំនងការទូត៖ ​ទូតឥណ្ឌូណេស៊ី ផ្តល់ការពិនិត្យសុខភាព​ឥតគិតថ្លៃ ​ជូនអ្នក​ខេត្តព្រះ​សីហនុ
20, May 2024 , 4:59 pm        
រូបភាព
លោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។
លោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។
ស្ថានទូតឥណ្ឌូណេស៊ី នឹងផ្តល់ការពិនិត្យសុខភាព​ដោយឥតគិតថ្លៃ ដល់​សាធារណជន នៅ​ខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៨​-​៩ ខែ​មិ​ថុនា ខាងមុខ​។ កម្មវិធីនេះ ធ្វើឡើងក្នុង​ឱកាស​អបអរខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនង​កម្ពុជា​-ឥណ្ឌូណេស៊ី និងដើម្បីឱ្យពលរដ្ឋ​នៃ​ប្រ​ទេសទាំង២​ គិតគូរពីសុខភាពជាចម្បង។ នេះ​បើ​តាម លោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេ​ស៊ី​ប្រចាំ​កម្ពុជា ថ្លែងក្នុងជំនួបជាមួយអ្នក​សារព័ត៌មា​ន នៅព្រឹកថ្ងៃទី២០ឧសភានេះ។

 
បើតាមលោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា ក្រៅពីកម្មវិធីពិនិត្យសុខភាពនេះ នៅមានកម្មវិធីចំនួន២ទៀត ដែលត្រូវរៀបចំឡើង ដើម្បីអបអរខួបលើកទី៦៥ឆ្នាំ នៃ​ទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌូណេស៊ី នៅ​ឆ្នាំ២០២៤នេះ។ កម្មវិធីទាំង២នោះ គឺ​ ការជួយ​ឧបត្ថម្ភសាលាក្នុងខេត្តព្រៃវែង និងសួស្ដីឥណ្ឌូណេស៊ីនៅភ្នំពេញ។  
 
ចំពោះការពិនិត្យសុខភាព​ឥតគិតថ្លៃ នៅខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យ នឹងពិនិត្យ​ឈាម រកជាតិស្ករ កូលេស្តេរ៉ុល និងអាស៊ីត ដោយ​ចំណាយ​​ពេលតែ១០ ទៅ១៥​នាទី​ប៉ុណ្ណោះ។ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ បានលើកឡើងបែបនេះ ហើយបន្ថែមថា៖ «ការជ្រើស​រើស​ខេត្ត​ព្រះសីហនុ ជាខេត្តគោលដៅពិនិត្យសុខភាព និងលើកទឹកចិត្តឱ្យមានរបៀបរស់នៅ​ប្រកបដោយសុខភាពល្អ ក្នុងចំណោមពលរដ្ឋកម្ពុជា និងឥណ្ឌូនេស៊ី ដែលរស់នៅក្នុងប្រ​ទេសកម្ពុជា ហើយមន្ត្រីក្នុងខេត្តក៏មានការជួយជំរុញសកម្មភាពនេះ។ ហេតុផលមួយទៀត គឺពលរដ្ឋឥណ្ឌូណេស៊ី រស់នៅក្នុងខេត្តព្រះសីហនុច្រើន ប្រមាណ១ម៉ឺននាក់»។
 
ក្រៅពីផ្តល់ការពិនិត្យសុខភាព ស្ថានទូត​ នឹងផ្សព្វផ្សាយផលិតផលសុខភាព និងឱសថ​របស់​ប្រទេសឥណ្ឌូណេស៊ី ដែលមានវត្តមាននៅទីផ្សារកម្ពុជាដែរ។
 
សម្រាប់សកម្មភាព២ទៀត ត្រូវបានលោក សាន់តូ ដាម៉ូស៊ូម៉ាតូ បញ្ជាក់ថា ក្រុមការងារ ស្ថាន​ទូត នឹង​ចុះសាលារៀនមួយក្នុងនៅខេត្តព្រៃវែង ដែលជាសាលាមិត្តភាពឥណ្ឌូណេស៊ី-កម្ពុជា ខេត្តព្រៃវែង ​ដើម្បីជួយជួសជុលបរិក្ខាមួយចំនួន ដូចជា តុ កៅអី បង្គន់ជាដើម។ ​
 
ចំណែក ពិព័រណ៍ សួស្ដីឥណ្ឌូណេស៊ី (Sousdey Indonesia) នឹង​រៀបចំឡើងពីថ្ងៃទី​១ ៣​-​១៤​កញ្ញា នៅកោះពេជ្រ ដោយនឹងមានស្តង់​ចំនួន​១០០ សម្រាប់ក្រុមហ៊ុនឥណ្ឌូណេស៊ី និង​អ្នកចែកចាយកម្ពុជា ដែលនាំចូលផលិតផល​ឥណ្ឌូណេស៊ី​មកកម្ពុជា។ ក្នុងគោលបំណង​នៃ​ពិព័រណ៍នេះ គឺដើម្បី​លើកកម្ពស់​ពាណិជ្ជ​កម្ម ការវិនិយោគ ទេសចរណ៍ ​​អប់រំ សិល្បៈ ម្ហូបអាហារ និងវប្បធម៌ជាដើម៕

Tag:
 កម្ពុជា-ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com