ជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ឱ្យស៊ើបអង្កេតលើករណីឧត្តមសេនីយ៍ម្នាក់ ដែលយកថវិកាឃុំ១លានរៀល
21, May 2024 , 2:42 pm        
រូបភាព
(អាវខៀវ) លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ ផ្ដល់ចម្លើយពាក់ព័ន្ធនឹងការយកថវិកា ចំនួន១លានរៀល ពីឃុំចំនួន១០ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ឧសភា នាទីស្តីការក្រសួងមហាផ្ទៃ។
(អាវខៀវ) លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ ផ្ដល់ចម្លើយពាក់ព័ន្ធនឹងការយកថវិកា ចំនួន១លានរៀល ពីឃុំចំនួន១០ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២១ ឧសភា នាទីស្តីការក្រសួងមហាផ្ទៃ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បញ្ជាឱ្យស៊ើបអង្កេតលើលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកា ចំនួន១លានរៀល ពីឃុំចំនួន១០ នៅខេត្តកំពង់ស្ពឺ។



ការស៊ើបអង្កេតស្រាវជ្រាវលើលោក កែវ សារ៉ាវុធ ធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមថា បុគ្គលរូបនេះ ប្រមូលយកថវិកា ក្នុងមួយឃុំចំនួន១លានរៀល នាអំឡុងពេលចុះបេសកកម្មធ្វើសវនកម្មផ្ទៃក្នុង ។
 
ក្នុងចម្លើយសាកសួរលោក កែវ សារ៉ាវុធ នាព្រឹកថ្ងៃទី២១ ឧសភានេះ លោកបានទទួលស្គាល់ថា ពិតជាប្រព្រឹត្តករណីបែបនេះមែន។ លោក សារ៉ាវុធ បានដឹកនាំក្រុមការងារ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយប្រើមធ្យោបាយធ្វើដំណើររថយន្តផ្ទាល់ខ្លួនចំនួន២គ្រឿង ហើយទើបតែធ្វើសវនកម្ម បានចំនួន៤ស្រុកប៉ុណ្ណោះ។
 
«ជានីតិវិធីបន្ត ក្រសួងមហាផ្ទៃ នឹងពិនិត្យលើករណីនេះបន្ថែមទៀត ដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលើវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា»។ នេះបើតាមក្រសួងមហាផ្ទៃ ដោយបានបន្ថែមថា ការផ្ដល់មតិ និងការផ្សព្វផ្សាយព័ត៌មានពិត ពិតជាសំខាន់ណាស់ សម្រាប់ប្រសិទ្ធភាពនៃការងារកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងទស្សនៈដឹកនាំ«សម្អាតផ្ទះយើង»។
 
ក្រសួងមហាផ្ទៃ លើកទឹកចិត្តឱ្យសាធារណជន ផ្ដល់ព័ត៌មានអំពីករណីមិនប្រក្រតីនៃការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ គ្រប់ថ្នាក់ ក៏ដូចជាសំណើរ សំណូមពរ និងមតិយោបល់នានា។ «ជាមួយគ្នានេះ យើងក៏មានភាពចាំបាច់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងរាល់ព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយទាំងឡាយដែលគ្មានវិជ្ជាជីវៈ និងមានចេតនាអវិជ្ជមានផងដែរ»។ ក្រសួងមហាផ្ទៃ បន្ថែម៕

Tag:
 ស សុខា
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com