ជាតិ
រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ជំរុញឱ្យកម្ពុជា-វៀតណាម ដោះដូរបទពិសោធន៍គ្នាក្នុងវិស័យវប្បធម៌
22, May 2024 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញឱ្យ ​មន្ត្រី​​ជំនាញ​របស់​កម្ពុជា និងវៀតណាម បន្តកិច្ចសហការ​​និងពង្រីក​តំបន់សហការ​ជាមួយគ្នា ឱ្យកាត់តែទូលាយ ពិសេសគិតគូរដល់​ការដោះដូរបទពិសោធន៍ ក្នុង​វិស័យ​ឧស្សាហកម្ម​វប្បធម៌។ ​លោកស្រី ភឿង សកុណា មានប្រសាសន៍ដូច្នេះ​នៅក្នុងពិធីបើក​ព្រឹត្តិការណ៍​«សប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២៤» ដែលប្រារព្ធកាលពីល្ងាចថ្ងៃទី២១ ខែឧសភា។

 
សម្រាប់លោកស្រីរដ្ឋមន្ត្រី ​ ​វិស័យសិល្បៈវប្បធម៌ ជាវិស័យកំពុងតែមាន​សក្តា​នុពល ទាំង​ផ្នែកសេដ្ឋកិច្ច និងសង្គម ហើយក៏ជាយានរឹតចំណងមិត្តភាពរវាង​ប្រទេស​កម្ពុជា​និងវៀត​ណាម​។ លោកស្រី ភឿង សកុណា បន្ថែមថា អស់រយៈពេលជាង៥៧ឆ្នាំកន្លងទៅ នៃ​ទំនាក់​ទំនងការទូត ប្រទេសកម្ពុជា និងវៀតណាម តែងមានទំនាក់ទំនងល្អ ក្នុង​ស្មារតី​អ្នកជិតខាង​ល្អ សាមគ្គីភាព និងការយោគយល់គ្នាខ្ពស់។ 
 


កាលពីចុងឆ្នាំ២០២៣ គណៈប្រតិភូនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បាន​រៀបចំ​សប្ដាហ៍វប្បធម៌កម្ពុជា នៅប្រទេសវៀតណាម យ៉ាងអធិកអធម និងជោគជ័យ។ រដ្ឋមន្ត្រី វប្បធម៌កម្ពុជា លោកស្រី ភឿង សកុណា ថាដើម្បីជាការចូលរួមចំណែក ដល់ការរឹតបន្តឹង ចំណងមិត្តភាព ក្រសួងវប្បធម៌នៃប្រទេសទាំងពីរ បានបន្តចុះហត្ថលេខា និងអនុវត្ត​ន៍ កិច្ច​ព្រមព្រៀង ផែនការសហប្រតិបត្តិការ ស្ដីពីវប្បធម៌និងសិល្បៈ សម្រាប់ឆ្នាំ២០២៣-២០២៧។
 
កិច្ចព្រមព្រៀងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងលើ​វិស័យវប្បធម៌ រវាងប្រទេសទាំងពីរ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដោយលោកស្រី ភឿង សកុណា បន្ថែមថា ការរៀបចំព្រឹត្តិការណ៍សប្ដាហ៍វប្បធម៌លើកទី១៩នេះ មិនត្រឹមតែ​បង្ហាញឱ្យឃើញពីការប្រឹង​ប្រែងរួមគ្នានោះទេ ប៉ុន្តែជាវេទិការំឭក និងជំរុញប្រជាជននៃ​​​ប្រទេសទាំងពីរ ឱ្យ​ស្វែងយល់វប្បធម៌គ្នាទៅវិញទៅមក និងរួមចំណែក​ផ្សារភ្ជាប់កិច្ចសហ​ប្រតិបត្តិការមិត្តភាព ក្នុងនាមបងប្អូនភូមិផងរបងជាមួយគ្នា។ 



សូមបញ្ជាក់ថា សប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៤នេះ ដឹកនាំដោយលោក តា ក្វាងដូង (Ta Quang Dong) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។ ប្រ​ទេសទាំង២បានរៀបចំព្រឹត្តិការណ៍វប្បធម៌រួមរួមគ្នា លើទឹកដីកម្ពុជា ចាប់តាំងពីឆ្នាំ​២០០៦​មក។
 
ក្រៅពីព្រឹត្តការណ៍សប្ដាហ៍វប្បធម៌ ក្រសួងវប្បធម៌ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ របស់ប្រទេស​ទាំងពីរ បានខិតខំរួមគ្នា ពង្រឹងកិច្ចសហការទូទៅ ដោយរាប់បញ្ចូលទាំង ការផ្លាស់ប្ដូរបទ​ពិសោធ ជំនាញទាំងរូបី និងអរូបី ការគាំទ្របេក្ខភាពគ្នាទៅវិញទៅមក សម្រាប់ជាសមាជិក​នៃយន្តការ​​អន្តរជាតិ ក៏ដូចជាការគាំទ្រដល់ដំណើរការចុះបញ្ជីបេតិកភណ្ឌពិពភលោក។ និងការសិក្សាស្រាវជ្រាវ បណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់វិស័យវប្បធម៌ផងដែរ។ 



ទោះជាយ៉ាងណា លោកស្រី សកុណា ជំរុញឱ្យប្រទេសទាំងពីរ មានកម្មវិធីដោះដូរ បទពិសោធន៍​គ្នា​ទៅវិញទៅមក ក្នុងវិស័យឧស្សាហកម្មវប្បធម៌ ដ្បិតអីនេះ​ជាវិស័យ​កំពុងមានសក្តានុពល ទាំងទៅលើសេដ្ឋកិច្ច និងសង្គម។
 
លោកស្រី ពន្យល់បន្ថែម៖ «វប្បធម៌ជួយឱ្យប្រទេសនិងប្រទេស កាន់តែមានការសហ​ការគ្នា​ល្អ។ បច្ចុប្បន្ន ជាសម័យសកលភាវូបនីយកម្ម និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ គ្រ​ប់​ប្រទេស​​បានចាត់ទុកវិស័យសិល្បៈវប្បធម៌ ជាកាតាលីករ នៃការជំរុញសេដ្ឋកិច្ចសង្គម និង​ការពង្រឹងអត្តសញ្ញាណជាតិ។ កម្ពុជា គឺជាប្រទេសដែលឱ្យតម្លៃខ្ពស់លើវប្បធម៌»។
 
រដ្ឋមន្ត្រីវប្បធម៌ ដែលមានស្នាដៃច្រើនក្នុងការជំរុញឱ្យមានការដាក់សម្បត្តិជាតិ ស្នើចុះ​បញ្ជី​ក្នុងបេតិកភណ្ឌពិភពលោករូបនេះ បន្តថារាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុក វប្បធម៌​គឺជា​ព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពមិនចេះរីងស្ងួត សម្រាប់ជាមូលដ្ឋានគ្រឹះ ក្នុងការ​ពង្រឹងសេចក្ដីស្រឡាញ់ចំពោះជាតិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជំរុញការទទួលស្គាល់ របស់​ពិភព​​លោក​លើវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ជាតិ ជាពិសេសប្រភពនៃការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយចីរភាព។



លោកស្រី ភឿង សកុណា សង្កត់ធ្ងន់ថា ទស្សនទាន “អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បី​អភិរក្ស” បានក្លាយជាគោលការណ៍យុទ្ធសាស្ត្រដ៏ច្បាស់ សម្រាប់វិស័យវប្បធម៌នៅកម្ពុជា។ បន្ថែមលើអ្វីដែលវប្បធម៌ បានចូលរួមក្នុងការ ធ្វើឱ្យប្រជាជនផ្ទាល់របស់ប្រទេស កាន់តែ​មាន​លក្ខណៈសាមគ្គី និងការស្រឡាញ់ជាតិ រាជរដ្ឋាភិបាល បានចាត់ទុកវិស័យវប្បធម៌ គឺជាប្រភពមិនចេះរីងស្ងួត នៃចំណូលជាតិ។
 
«ក្រៅពីនោះ តាមរយៈទេសចរណ៍និងវប្បធម៌សេដ្ឋកិច្ច កម្ពុជាបាននឹងកំពុងចូលរួមយ៉ាង​សកម្ម ក្នុងយន្តការអន្តរជាតិ និងតំបន់ ក្នុងការពង្រឹងសាមគ្គីភាព និងសន្តិភាពដោយ​យក​វប្បធម៌ជាយាន។ ជាអាទិ៍ យន្តការក្នុងតំបន់ ក្នុងក្របខណ្ឌអាស៊ាន អាស៊ានបូក AMCA SOMCA និងវេទិកានៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ជាដើម សុទ្ធតែជាសកម្មភាព​ចូលរួម​ពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តការ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ដោយយកវិស័យ​វប្បធម៌ជាគោល»។ នេះជាការពន្យល់បន្ថែម របស់លោកស្រី ភឿង សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ៕
 



 

Tag:
 សិល្បៈ
  កម្ពុជា
  វៀតណាម
  មិត្តភាព​
© រក្សាសិទ្ធិដោយ thmeythmey.com