ជាតិ
អាជ្ញាធរខេត្តព្រះសីហនុ សង្គ្រោះជនជាតិឥណ្ឌាប្រមាណ៦០នាក់​ចេញពីការឆបោក
22, May 2024 , 7:59 pm        
រូបភាព
ជនជាតិឥណ្ឌា ដែលសមត្ថកិច្ចកម្ពុជាបានជួយសង្រ្គោះ។ រូបពី ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា
ជនជាតិឥណ្ឌា ដែលសមត្ថកិច្ចកម្ពុជាបានជួយសង្រ្គោះ។ រូបពី ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា
ភ្នំពេញ៖ ​ជនជាតិឥណ្ឌាប្រមាណ៦០នាក់ ដែលរងគ្រោះ​ដោយសារករណីឆបោកតាមអន ឡាញ ត្រូវ​បាន​អាជ្ញាធរខេត្តព្រះសីហនុរំដោះចេញពីទីតាងល្បែងមួយកន្លែង ឈ្មោះ «Jinbei-4​»។ ប្រត្តិបត្តិការសង្គ្រោះ ធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា។ នេះបើយោងតាម សេច​ក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចេញថ្ងៃទី២១ឧសភានេះ។

 
ប្រភពដដែល បានឱ្យដឹងថា ជនរងគ្រោះប្រមាណ៦០នោះ ត្រូវបញ្ជូនមកភ្នំពេញ ក្នុងថ្ងៃទី​២២​ឧសភា មុននឹងបញ្ជូនបន្តទៅប្រទេសឥណ្ឌាវិញ។ «ស្ថានទូតកំពុងទាក់ទងជាមួយ​អាជ្ញាធរកម្ពុជាជាប្រចាំ ហើយជំនួយចាំបាច់ត្រូវបានផ្តល់​ដល់ជនជាតិឥណ្ឌាទាំងនេះ ក្នុង​ដំណើរត្រឡប់ទៅប្រទេសឥណ្ឌាវិញ»។ ស្ថានទូតឥណ្ឌាបន្ថែមក្នុងសេចក្តីប្រកាសព៧ត៌មានដូច្នេះ។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យខេត្តព្រះ​សីហនុ លោក ឱ សារឿន សុំមិន​ពន្យល់បន្ថែម​ឡើយ ដោយលោកបានរុញឱ្យសារព័ត៌មានថ្មីៗ សាកសួរទៅអគ្គស្នងការ​នគរ​បាល​ជាតិ ដែល​ជាក្រុមប្រតិបត្តិការករណីនេះ។ លោក ឱ សារឿន បានអះអាងថា ស្នងការខេត្ត​ព្រះ​សីហនុ​ ​ត្រឹមជាអង្គភាពចូល​រួមសហការប៉ុណ្ណោះ។
 
គិតត្រឹមល្ងាចថ្ងៃទី២២ ឧសភានេះ សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបពី លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឡើយ។ 
 
ក្រោយមានករណីឆបោកលើជនជាតិខ្លួននៅកម្ពុជា ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏បាន​អំពាវនាវ​ឱ្យ​ជនជាតិឥណ្ឌា​ផ្សេងទៀត ដែលជួបការលំបាក ហើយចង់ត្រឡប់​ទៅប្រទេស​ឥណ្ឌាវិ​ញ ​ទាក់ទងទៅស្ថានទូត។ លើសពីនេះ ស្ថានទូតព្រមានពលរដ្ឋខ្លួន កុំឱ្យធ្លាក់ចូល​ទៅ​កាន់ប្រទេសណា ដោយគ្មានច្បាប់ត្រឹមត្រូវ រួមទាំងខុសពីគោលបំណងក្នុង Visa ដែល​រដ្ឋា​ភិបាលនៃម្ចាស់ផ្ទះផ្ដល់ឱ្យ។  
 
សូមជម្រាបថា គិតត្រឹមថ្ងៃនេះ២១ឧសភានេះ ជនជាតិឥណ្ឌា៣៦០នាក់ហើយ ត្រូវបានជួយ​សង្គ្រោះ​ តាមរយៈសមត្ថកិច្ចកម្ពុជា ហើយធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសឥណ្ឌា៕ 

Tag:
 ឆបោក
© រក្សាសិទ្ធិដោយ thmeythmey.com