សៀមរាប៖ យ៉ាងហោចណាស់ម៉ូតូ៥០០គ្រឿង និងឡានប្រណាំង១០០គ្រឿង នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ «ជំនួបយានយន្ត ជំរុញទេសចរណ៍» ឬ«Car & Bike Festival»។ សាធារណជនអាចចូលរួមក្នុងព្រឹត្តិការណ៍នេះដោយសេរីនៅព្រលានយន្តហោះចាស់ ក្រុងសៀមរាប ចាប់ពីពីថ្ងៃ២៤-២៦ ខែឧសភាឆ្នាំ២០២៤។
ជំនួបយានយន្តលើទឹកដីអង្ករនេះ ជាព្រឹត្តិការណ៍ដំបូងបំផុតនៅប្រទេសកម្ពុជា។ លោក ម៉េង សុភ័ក្រ ប្រធានផ្នែកទីផ្សារក្រុមហ៊ុន RV Clip Media បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមថា Car & Bike Festival នេះនឹងក៏មានការចូលរួមពីម្ចាស់យានយន្តមួយផ្នែកតូច មកពីប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី។
ក្នុងព្រឹត្តិការណ៍នេះ នឹងមានការហែក្បួនយានយន្ត នៅតាមផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាប, ការដាក់បង្ហាញយានយន្ត, ការសម្ដែង Show យានយន្ត និងការប្រណាំងយានយន្ត បែបកីឡាផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក សុភ័ក្រ។
រូបភាពពីទំព័រហ្វេសប៊ុក Car and Bike Festival
ព្រឹត្តិការណ៍នេះ ត្រូវបានផ្ដួចផ្ដើមរៀបចំដោយក្រុមហ៊ុន RV Clip Media គាំទ្រដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប។ ជុំវិញព្រឹត្តិការណ៍នេះ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងនៃព្រឹត្តិការណ៍នេះ គឺចូលរួមជំរុញទេសចរណ៍ក្នុងស្រុក, បញ្ជ្រាបការយល់ដឹងពីទេសចរណ៍ និងបរិស្ថាន ទៅកាន់សាធារណជន និងយុវជន និងការបង្កើតប្រាក់ចំណូលដល់ពលរដ្ឋមូលដ្ឋានផងដែរ។
លោក ពន្យល់បន្ថែមដូច្នេះ៖ «ជិះម៉ូតូ និងរថយន្ត ដើម្បីជំរុញទេសចរណ៍ជាតិ ក៏ដូចជាទេសចរអន្តរជាតិ ឱ្យស្របយុទ្ធសាស្ត្ររបស់យើង ក៏ដូចជានិន្នាការថ្មីដែលជាផលិតផលទេសចរណ៍ថ្មីរបស់យើងគឺ វិស័យ Automotive មានន័យថាទាំងម៉ូតូ ទាំងយានយន្តទាំងអស់នេះ កម្ពុជាក៏មានផលិតផលទេសចរណ៍ថ្មី ក្នុងការប្រកួតប្រជែង បើប្រៀបធៀបនឹងប្រទេសជិតខាង។ យើងក៏មានការជំរុញជិះរថយន្តទូទាំងសហគមន៍អាស៊ានផងដែរ»។
លោក បញ្ញាសា រំពឹងថាព្រឹត្តិការណ៍ជំនួបយានយន្តលើទឹកដីអង្គរនេះ នឹងមានការគាំទ្រពីសាធារណជន។ លោករំពឹងថា កម្មវិធីនេះនឹងអាចទាកទាញអ្នកចូលរួម ៣ ០០០នាក់ ទៅ ៥ ០០០នាក់ ក្នុងមួយថ្ងៃ៕