RFI
អន្តរជាតិ
កុប្បកម្ម​ហិង្សា​នៅកោះនូវែលកាឡេដូនី ប៉ះពាល់អ្វីខ្លះដល់ឥទ្ធិពល​បារាំងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក?
25, May 2024 , 8:29 am        
រូបភាព
លោក​ប្រធានាធិបតីម៉ាក្រុង ស្តាប់និងកត់​ការលើកឡើងរបស់​ភាគីថ្នាក់​ដឹកនាំនយោបាយ​កោះនូវែលកាឡេដូនី ក្នុងពេលប្រជុំ។ AP
លោក​ប្រធានាធិបតីម៉ាក្រុង ស្តាប់និងកត់​ការលើកឡើងរបស់​ភាគីថ្នាក់​ដឹកនាំនយោបាយ​កោះនូវែលកាឡេដូនី ក្នុងពេលប្រជុំ។ AP
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
ក្នុងកម្មវត្ថុដើម្បី​ពន្លត់ភ្លើងកុប្បកម្មហិង្សា ដែល​បានផ្ទុះឡើង​នៅកោះនូវែល​កាឡេដូនី ដែនដីនាយសមុទ្ររបស់បារាំង លោក​ប្រធានាធិបតី​ម៉ាក្រុង បានធ្វើដំណើរទៅដល់​កោះនេះ ​កាលពីថ្ងៃព្រហស្បតិ៍​ ទី២៣ឧសភា។ អំពើកុប្បកម្មហិង្សារបស់ក្រុមជនជាតិដើមកាណាក់ បានស្ងប់ស្ងាត់បន្តិចវិញហើយ តែយ៉ាងណាវា​បាន​បង្ក​ឲ្យ​រដ្ឋបារាំង ត្រូវខូចកិត្តិយសមុខមាត់ ក្នុងនាមបារាំងដែលតែងតែអះអាងថាខ្លួន គឺជាមហាអំណាច​ធំមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​។

លោក​ម៉ាក្រុងបានធ្វើដំណើរទៅដល់ទី​ក្រុងនូម៉េអា លើកោះនូវែលកាឡេដូនី នៅថ្ងៃព្រហស្បតិ៍ទី២៣ឧសភា ដើម្បី​ពន្លឿន​​ដំណើរការស្តារសណ្តាប់ធ្នាប់សាធារណៈ នៅលើដែនដីបារាំងក្នុងមហាសាគរប៉ាស៊ីហ្វិកខាងត្បូង​។ ចាប់តាំងពីថ្ងៃទី​១៣ ឧសភា កោះនូវែលកាឡេដូនីទាំងមូល បានធ្លាក់ទៅក្នុងអំពើកុបកម្ម​ហិង្សា​ ដុតហាងទំនិញ ដុតបំផ្លាញអគារផ្ទះសំបែង បណ្តាល​ឲ្យស្លាប់​មនុស្សយ៉ាងហោច​៦នាក់ ដោយផ្ទាល់និងដោយ​ប្រយោល​។ ក្រុមជនជាតិដើមកាណាក់ បានធ្វើកុប្បកម្ម​ ប្រឆាំងនឹងការធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត ដែលគេអះអាងថានឹងធ្វើ​ឲ្យ​ឥទ្ធិពល​របស់​ប្រជាជនដើមម្ចាស់ស្រុក ត្រូវបាត់បង់។ អស់រយៈពេល​មួយសប្តាហ៍ ទំរាំអាជ្ញាធរបារាំង អាចបំបែក​​ក្រុមបាតុករហិង្សា​ ហើយចាប់ផ្តើមស្តារ​សណ្តាប់ធ្នាប់​បានមកវិញ ម្តងបន្តិចៗ​ នៅលើកោះនូវែលកាឡេដូនី​។
 
ចង់មិនចង់ អំពើហិង្សា​ចលាចល យ៉ាងអនាធិបតេយ្យ ប្រមាណ​ជាង​១សប្តាហ៍​មកនេះ បាន​ធ្វើឲ្យ​គេឃើញ​ពី​កម្សោយនៃអំណាចរដ្ឋបាល​សាធារណៈបារាំង នៅលើកោះនូវែលកាឡេដូនី​។ ជាងនេះទៀត វាបានធ្វើ​ឲ្យគេចោទសួរ អំពី​ភាពរឹងមាំ​នៃអំណាចរដ្ឋបារាំង ដែលគ្រប់គ្រង​ដែនដីកោះនេះ​ ក្នុងនាមបារាំងដែលតែងតែប្រកាសក្តែងៗ អួតអំពីមហិច្ឆតាខ្លួនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​។ ក្នុងនាម​ជាសម្ព័ន្ធមិត្តជាមួយបារាំង អូស្ត្រាលី នូវែលសេឡង់ ដែលស្ថិតនៅមិនឆ្ងាយ​ប៉ុន្មានពីកោះនូវែលកាឡេដូនី បាន​តាមដាន​យ៉ាងយកចិត្ត​ទុកដាក់ និងដោយ​ក្តីព្រួយបារម្ភបំផុត អំពីស្ថានការណ៍​ចលនាចលនេះ​។
 
លោកស្រី Isabelle Saint-Mézard អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថាន​ទំនាក់ទំនងអន្តរជាតិ Ifri បាន​ពន្យល់ថា ជានិច្ចជាកាល បារាំងតែងតែប្រកាសសារ ថាបារាំងគឺជាមហាអំណាចមួយ​ដ៏ស្របច្បាប់​នៅឥណ្ឌូប៉ាស៊ីហ្វិក ព្រោះថាបារាំង​មានដែនដី​របស់ខ្លួននៅទីនោះ។ តែអំពើកុប្បកម្មហិង្សាប្រឆាំងនឹងរដ្ឋបារាំង នៅលើកោះនូវែលកាឡេដូនី បាន​ធ្វើ​ឲ្យ​គេចោទសួរថា តើ​រដ្ឋបារាំងពិតជាសក្តិសមជាមហាអំណាចមួយនៅអាស៊ីប៉ាស៊ីហ្វិក​មែនឬ បើគ្រាន់​តែ​​សមត្ថភាព​មធ្យោបាយ និងកម្លាំង​សមត្ថកិច្ច ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់​នៅកោះនូវែលកាឡេដូនី ក៏បារាំងគ្មាន​ផងនោះ​? អូស្ត្រាលីនិងនូវែលសេឡង់ បាន​ប្រញេបប្រញាប់​ ជម្លៀសប្រជាជនគេចេញពីកោះនូវែល​កាឡេដូនី ជាបន្ទាន់ ដោយសារតែបញ្ហាសន្តិសុខ​។
 
ជាងនេះទៀត​ កាលពីឆ្នាំ​មុន សមាជិក​ព្រឹទ្ធសភាបារាំង បាន​ចេញរបាយការណ៍មួយ ដោយ​លើកឡើងថា រដ្ឋបារាំងមានមហិច្ឆតាធំណាស់ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក តែផ្ទុយទៅវិញគ្មានមធ្យោបាយ​ឲ្យ​សក្តិសមនឹងមហិច្ឆតានេះទេ​។ ជាសរុប ដែនដីនាយ​សមុទ្ររបស់បារាំង មានចំណែកចូលរួមស្មើនឹង​៩០% នៃដែនសមុទ្រសេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង។ ពោលគឺបារាំងជាប្រទេសធំជាងគេ​ទី​២។ បារាំងដែល​មានដែនដី ទាំងនៅ​ក្នុងតំបន់ក្បែរអាហ្វ្រិក ក្នុងមហាសមុទ្រឥណ្ឌា និង​ក្នុងមហាសាគរ ប៉ាស៊ីហ្វិក តែធាតុពិត បារាំងមានកម្លាំងទាហានតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ ដែល​ឈរជើងនៅក្នុងលំហ​ដ៏ធំធេងនេះ​។ ពោលគឺ បើប្រៀបធៀបទៅ​ចិន និងអាមេរិក គឺ​បារាំងខ្សោយ​ខ្លាំងសម្បើមណាស់​។
 
នៅក្នុងបរិបទនៃការប្រកួតប្រជែងគ្នាខ្លាំងឡើង នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រវាង​ចិននិងអាមេរិក បារាំងក្រោមការដឹកនាំរបស់​លោក​ម៉ាក្រុង ធ្លាប់​បានបង្ហាញយុទ្ធសាស្ត្រប្រកបដោយ​មហិច្ឆតា ថាខ្លួន​គឺជាមហាអំណាចមួយដែរ។ មានដែនដីធំល្វឹងល្វើយ នៅកណ្តាល​មហាសាគរប៉ាស៊ីហ្វិក បារាំងបាន​តាំងខ្លួនជាជម្រើសទី៣ សម្រាប់អ្នកណាដែលមិនចង់រើសយកចិន ឬរើសយកអាមេរិក​។
 
ក៏ប៉ុន្តែ អំពើហិង្សាដែលបានផ្ទុះឡើងនៅកោះនូវែលកាឡេដូនី បាន​បង្ហាញថា វត្តមានរបស់បារាំងនៅលើកោះនេះ គឺជាកម្អែល​​នៃ​ការដាក់អាណានិគម ដែល​មិនគួរមានតទៅទៀតទេ។ យ៉ាងណាមិញ អង្គការសហប្រជាជាតិ បានចាត់ទុកដែនដីកោះនូវែលកាឡេដូនី ស្ថិតក្នុងចំណោម​ដែនដី​ទាំង​១៧ ដែលគ្មានអធិបតេយ្យភាព ពោលគឺប្រជាជនដើមម្ចាស់ស្រុក គ្មានសិទ្ធិសម្រេច​និងគ្រប់គ្រងដោយ​ខ្លួន​ឯង។ ដែនដីសឹងតែទាំងអស់នៅ​តំបន់​ប៉ាស៊ីហ្វិក គេបានឯករាជអស់ហើយ នៅឡើយតែ​តំបន់នូវែលកាឡេដូនីប៉ុណ្ណោះ។
 
លោកស្រី Marianne Péron Doise អ្នកស្រាវជ្រាវនៅ​វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ​ បានលើកឡើងថា កោះផ្សេងៗទៀត ដូចជាកោះហ្វីជី កោះវ៉ានូអាទូ ជាដើម គេយល់ថាបញ្ហា​ចលាចលអស្ថិរភាពនៅនូវែលកាឡេដូនី វាគីជាកំហុសរបស់រដ្ឋបារាំងទាំងស្រុង។ ចំណែកប្រជាជននៅនូវែលកាឡេដូនីវិញ មួយចំនួនធំ គេយល់ថាគេត្រូវបាន​រដ្ឋបារាំងប្រើប្រាស់ជាឧបករណ៍ ដើម្បីបំពេញ​មហិច្ឆតាភូមិសាស្ត្រនយោបាយ​ អួតថាជាមហាអំណាច តែការពិតជាក់ស្តែង រដ្ឋបារាំងមិន​ផ្តល់អាទិភាព​ដល់​ការរីកចម្រើនរបស់ពួកគេ។​
 
ចាប់ពីពេលនេះទៅ អ្វីៗស្ថិតនៅក្នុងដៃរបស់លោកម៉ាក្រុង ដើម្បីធ្វើ​ឲ្យស្ថានការនៅនូវែលកាឡេដូនី ត្រលប់មករក​ស្ថិរភាពសន្តិសុខ។ ចិនដែល​សំឡឹងឃើញ​រ៉ែនីកែលដ៏ច្រើន​មហាសាលនៅលើកោះនេះ កំពុងតែស្រក់ទឹកមាត់ រងចាំតែឱកាសតែប៉ុណ្ណោះ ប្រសិនបើបារាំងធ្វេសប្រហែស។ ក្រញ៉ាំឥទ្ធិពលរបស់​ចិននៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង គឺជាអ្វីដែល​អូស្ត្រាលី នូវែលសេឡង់ អាមេរិក និងប្រទេសអាស៊ានខ្លះព្រួយបារម្ភណាស់។ ដូច្នេះ​គ្មាននរណាម្នាក់ ចង់ឃើញ​បារាំង របូត​កោះនូវែលកាឡេដូនីពីដៃទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com