ជាតិ
ផលិតករភាពយន្ត តួសម្ដែង និងអ្នកច្នៃម៉ូតខ្មែរកាន់តែច្រើន បង្ហាញខ្លួន ក្នុងមហោស្រពភាពយន្តទីក្រុងកាន
25, May 2024 , 10:19 pm        
រូបភាព
ភ្នំពេញ៖ ផលិតករភាពយន្តកម្ពុជា៤រូប រួមមានលោក ប៉ាន់ រិទ្ធី កញ្ញា សាន ដានិច កញ្ញា រិទ្ធី លំអរពេជ្រ និងលោក តែ ឡូយ ត្រូវបានមហោស្រព ភាពយន្តអន្តរជាតិទីក្រុងកាន លើកទី៧៧ (Festival du Cannes) អញ្ជើញ​ឱ្យ​ចូលរួម ដើម្បីធ្វើបទបង្ហាញស្នាដៃរបស់ខ្លួន។ ក្រៅពីផលិតករភាពយន្ត តួសម្ដែង និងអ្នកច្នៃម៉ូតសម្លៀកបំពាក់ ល្បីៗនៅកម្ពុជា ក៏ត្រូវបានអញ្ជើញឱ្យចូលរួម បង្ហាញស្នាដៃរបស់ខ្លួន ផងដែរ។

 

  (រូបពីហ្វេសប៊ុក Pok Borak)
បើតាមហ្វេសប៊ុករបស់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ធម៌ និងវិចិត្រសិល្បៈ ស្នាដៃភាពយន្តរឿង « ការណាត់ជួបជាមួយប៉ុលពត» (Rendezvous-Vous Avec Pol Pot) របស់ផលិតករភាពយន្ត លោក ប៉ាន់ រិទ្ធី ត្រូវបានជ្រើសរើសជាផ្លូវការ និងបានចាក់បញ្ចាំងក្នុងមហោស្រព ភាពយន្តអន្តរជាតិទីក្រុងកាន។ ភាពយន្តនេះ ត្រៀមចាក់បញ្ចាំង ក្នុងប្រទេសបារាំង នាខែមិថុនាខាងមុខ។ 
 

 លោក ប៉ាន់ រិទ្ធី ផលិតករខ្មែរ (រូបពីហ្វេសប៊ុក Pok Borak) 
ចំណែកកញ្ញា សាន ដានិច គឺជាផលិតករ មកពីផលិតកម្ម អេនធីអាខាយ (Anti Achieve) ក៏ត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងមហោស្រពខាងលើ ដើម្បីធ្វើបទបង្ហាញ ស្នាដៃភាពយន្តខ្នាតវែង លើកដំបូងរបស់នាង គឺរឿង «To Leave, To Stay» ក្នុងកម្មវិធី Pitching ផងដែរ។ បន្ថែមពីនោះកញ្ញា សាន ដានិច ក៏ត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងផ្នែកមួយ នៃកម្មវិធី Cinefondation scriptwriting residency នៅក្នុងទីក្រុងបារីស​ ដែរ។ 
 

 កញ្ញា សាន ដានិច ផលិតករវ័យក្មេង (រូបពីហ្វេសប៊ុក Pok Borak) 
សម្រាប់កញ្ញា រិទ្ធី លំអរពេជ្រ ត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងមហោស្រពភាពយន្តទីក្រុងកាន ក្នុងផ្នែកមួយនៃកម្មវិធី Director’s Factory Program របស់ហ្វីលីពីន។ ភាពយន្តខ្លីដែលនាង សហការដឹកនាំ ជាមួយអ្នកដឹកនាំរឿង ហ្វីលីពីន គឺរឿង “Silig” នឹងត្រូវចាក់បញ្ចាំងក្នុងមហោស្រពនេះ។ ជាមួយគ្នានេះ កញ្ញា រិទ្ធី លំអរពេជ្រ នឹងត្រូវចូលរួម ដើម្បីធ្វើបទបង្ហាញ គម្រោងស្នាដៃភាពយន្តខ្នាតវែង គឺរឿង រំដួល ដែលមានកញ្ញា ឡរ៉ាម៉មទេវី ជាផលិតករ នៅក្នុងកម្មវិធី Pitching ។
 

កញ្ញា រិទ្ធី លម្អពេជ្រ (ស្ដាំ)  (រូបពីហ្វេសប៊ុក Pok Borak) 
ចំណែកលោក តែ ឡូយ ជាផលិតករនៃផលិតកម្ម កងចក្រភីកឈ័រ ត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងនាមជា សហផលិតករ (associate producer) ក្នុងភាពយន្តរបស់វៀតណាម គឺរឿង “Viet and Nam”។ ភាពយន្តនេះ ត្រូវបានជ្រើសរើសជាភាពយន្ត សម្រាប់ការប្រកួតប្រជែង Un Certain Regard។ 
 
លើសពីនោះ ខ្សែភាពយន្តរឿង “អ្នកស្នងអាគារ” ( Tenement) ដែលផលិតដោយផលិតកម្មកងចក្រភីកឈ័រ នឹងត្រូវបង្ហាញក្នុងមហោស្រពជាច្រើន ជុំវិញពិភពលោក ដូចជានៅទីក្រុងរ៉ូស្ទឹដែម ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកផងដែរ។ ភាពយន្តខ្នាតធំមួយនេះ ក៏មានវត្តមាន នៅក្នុងមហោស្រព ភាពយន្តទីក្រុងកានផងដែរ។
 

 
ជាមួយនឹងភ្នាក់ងារចែកចាយភាពយន្ត នៃក្រុមហ៊ុន «Reel Suspects» បាននាំយកខ្សែភាពយន្ត «អ្នកស្នងអាគារ»នេះ ធ្វើកិច្ចព្រមព្រៀងជាច្រើន ដោយធានាបាន នូវការចាក់បញ្ចាំង នៅជុំវិញពិភពលោក។ ភាពយន្តនេះ មានគម្រោងចាក់ផ្សាយ នៅចុងឆ្នាំនេះ។ 
 
ក្រៅពីផលិតករភាពយន្ត ក៏មានតួសម្តែង និងអ្នកច្នៃម៉ូដសំលៀកបំពាក់កម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ មហោស្រពភាពយន្ត ទីក្រុងកានលើកទី៧៧នេះផងដែរ។ ក្នុងនោះអ្នកច្នៃម៉ូត ដែលកំពុងទទួលបានកាគាំទ្រច្រើនលើស្នាដៃខ្លួន គឺលោក ម៉ែន សីហា ហៅ Oliva Kong។ លោកបាននាំយកសម្លៀកបំពាក់ ឈុតផ្ការំដួល ឈុតអប្សរា ឈុតស្រមោលស្បែកធំ ឈុតកូរសមុទ្រទឹកដោះ ឈុតរយលានអត្ថន័យ និងឈុតសមរាត្រីជាដើម ទៅដើរលើកម្រាលព្រំក្រហម នៃមហោស្រពលំដាប់ពិភពលោកនេះ។ ឈុតទាំងអស់នេះ មានការគាំទ្រច្រើន ពីប្រជាជនខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដោយសារតែឈុតទាំងនោះ បានបង្ហាញពីសិល្បៈ វប្បធម៌ និងអរិយធម៌ខ្មែរ ដ៏ល្អផូរផង់៕ 
 


 ឈុតសមរាត្រី គ្រងដោយលោក Oliva kong

Tag:
 សិល្បៈ ភាពយន្ត
  មហោស្រព
  ទីក្រុងកាន
  អ្នកច្នៃម៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com