សេដ្ឋកិច្ច
អន្តរជាតិ
ម៉ាឡេស៊ីពិបាកលក់រថយន្តអគ្គិសនីព្រោះថ្លៃ និងខ្វះស្ថានីយសាកថ្ម
26, May 2024 , 8:39 am        
រូបភាព
រថយន្តនៅលើដងផ្លូវមួយកន្លែងនៅម៉ាឡេស៊ី ។ រូបភាព ៖ theedgemalaysia
រថយន្តនៅលើដងផ្លូវមួយកន្លែងនៅម៉ាឡេស៊ី ។ រូបភាព ៖ theedgemalaysia
ទីផ្សាររថយន្តអគ្គិសនីនៅម៉ាឡេស៊ីភាគច្រើនមានតម្លៃខ្ពស់ ធ្វើឲ្យអ្នកប្រើប្រាស់រុញរាក្នុងការសម្រេចចិត្តទិញរថយន្តប្រភេទនេះ។ ជាពិសេសកង្វះស្ថានីយសាកថ្មបានធ្វើឲ្យមានអតិថិជនមានការយឺតយ៉ាវក្នុងការប្តូរទៅប្រើរថយន្តអគ្គិសនីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

 
តម្រូវការរថយន្តអគ្គិសនីនៅម៉ាឡេស៊ី ត្រូវបានរំពឹងថានៅទ្រឹងក្នុងឆ្នាំក្រោយ ដោយសារអ្នកដែលមានប្រាក់ចំណូលខ្ពស់បានទិញរថយន្តថ្មី ខណៈប្រជាជនម៉ាឡេស៊ី រុញរាក្នុងការទិញរថយន្តតម្លៃខ្ពស់ ជាពិសេសបារម្ភអំពីកង្វះស្ថានីយសាកថ្មសម្រាប់រថយន្តអគ្គិសនី។ 
 
នៅឆ្នាំ ២០២៣ ទីផ្សាររថយន្តម៉ាឡេស៊ីបានកើនឡើងយ៉ាងខ្លាំង ដោយការលក់សរុបកើនឡើងជិត ១១ភាគរយបើធៀបនឹងឆ្នាំ២០២២។ យ៉ាងណាមិញ បើតាមទិន្នន័យពីសមាគមយានយន្តម៉ាឡេស៊ី (MAA) រថយន្តអគ្គិសនីមានត្រឹមតែ១០១៥៩គ្រឿងស្មើនឹង ១ភាគរយនៃរថយន្តថ្មីជិត ៨០០ពាន់គ្រឿង ដែលបានលក់នៅលើទីផ្សារកាលពីឆ្នាំ២០២៣។
 
«ការលក់រថយន្តអគ្គិសនីនៅទ្រឹង អ្វីដែលសំខាន់បំផុតសម្រាប់អ្នកប្រើប្រាស់ គឺរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ។ 
 
«មនុស្សជាច្រើននិយាយថាពួកគេនឹងទិញរថយន្តអគ្គិសនីប្រសិនបើវាស្ថិតក្នុងចន្លោះតម្លៃ ១៤៩០០-១៧០០០ដុល្លារ»។ លោក David Tiah វិស្វករជាន់ខ្ពស់នៅក្រុមហ៊ុន Smart Malaysia ដែលជាក្រុមហ៊ុនផលិតរថយន្តមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តរាប់សិបដែលមានវត្តមាននៅពិព័រណ៍ Malaysia Motor Show ឆ្នាំ២០២៤ បាននិយាយបែបនេះ។
 
អាជ្ញាធរម៉ាឡេស៊ីបានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការបំប្លែងរថយន្តចំនួន ១៥ភាគរយលើដងផ្លូវទៅជារថយន្តអគ្គិសនីនៅឆ្នាំ២០៣០ ដែលជាផ្នែកមួយនៃផែនការទាក់ទាញម៉ាករថយន្តអន្តរជាតិល្បីៗរួមទាំងក្រុមហ៊ុន Tesla ដែលកំពុងបង្កើតផលិតកម្មនៅប្រទេសនេះ។
 
លោក Tiah បានបន្តថា រថយន្តអគ្គិសនីភាគច្រើននៅក្នុងទីផ្សារម៉ាឡេស៊ីមានតម្លៃខ្ពស់ ប៉ុន្តែនេះជាពេលដែលរដ្ឋាភិបាលត្រូវពង្រឹងការបញ្ចុះបញ្ចូលប្រជាជនអំពីអត្ថប្រយោជន៍នៃការប្តូរមកប្រើរថយន្តអគ្គិសនី ដូចជាកាត់បន្ថយការបំពុលដើម្បីឲ្យរថយន្ត​ប្រភេទនេះ​អាចវាយលុកទីផ្សារបាន។ 
 
លើសពីនេះ ស្ថានីយសាកថ្មក៏ត្រូវដាក់ពង្រាយឱ្យកាន់តែច្រើន ដើម្បីដោះស្រាយកង្វល់ទូទៅរបស់ប្រជាជនថា នៅពេលមានរថយន្តអគ្គិសនីប្រើប្រាស់ ពួកគេមិនច្បាស់ថាតើយានជំនិះមានថាមពលគ្រប់គ្រាន់ដើម្បីនាំពួកគេទៅដល់គោលដៅឬអត់។ 
 
អ្នកជំនាញនៅក្នុងវិស័យរថយន្តមួយរូ​បបានប្រាប់សារព័ត៌មាន South China Morning Post (SCMP) ថា ៖« វាជាបញ្ហាមាន់ និងពងមាន់ មិនថាអ្នកចង់ដំឡើងស្ថានីយដោយផ្អែកលើតម្រូវការ ឬធ្វើវាដើម្បីជំរុញតម្រូវការ។ វាអាស្រ័យលើការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងការជំរុញជាច្រើនពីភាគីទាំងរដ្ឋាភិបាល និងវិស័យរថយន្ត»។
 
កាលពីឆ្នាំមុន រដ្ឋាភិបាលបានកំណត់គោលដៅសម្រាប់ក្រុមហ៊ុន Perodua ដែលជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដ៏ធំបំផុតរបស់ម៉ាឡេស៊ីតាមរយៈការលក់ និងម៉ាកក្នុងស្រុក Proton ដើម្បីចាប់ផ្តើមបញ្ចេញរថយន្តអគ្គិសនីនៅឆ្នាំ២០២៥ គោលបំណងចាប់យកចំណែកទីផ្សារ ១៥ភាគរយនៅឆ្នាំ ២០៣០៕ 
 
 
 

Tag:
 ម៉ាឡេស៊ី
  រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com