ដោយ៖ម៉ម ពិសី/ FRI ខេមរភាសា
លែងជារឿងសម្ងាត់ទៅហើយ ដែលកូរ៉េខាងជើងបានផ្គត់ផ្គង់នូវគ្រឿងសព្វាវុធ ទៅឲ្យរុស្ស៊ីដើម្បីយកទៅធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ កាលពីថ្ងៃសុក្រទី២៤ឧសភា រដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូង ទើបតែបានប្រកាសដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចំនួន១១ និងមនុស្សម្នាក់ ដែលបានចូលរួមនៅក្នុងសកម្មភាពនេះ។ ជាការសម្រេចដោយសហការជាមួយរដ្ឋបាលអាមេរិក ដែលកំពុងតែព្យាយាមរកផ្លូវកាត់ផ្តាច់ ស្តុកអាវុធរបស់រុស្ស៊ី។
ព្រឹកថ្ងៃសុក្រទី២៤ឧសភា លោក Yoshimasa Hayashi អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា គេបានសម្រេចដោយសហការជាមួយអាមេរិក ដាក់ទណ្ឌកម្មបង្កទ្រពសម្បត្តិនិងថវិកា របស់ក្រុមហ៊ុនចំនួន១១ ព្រមទាំងរបស់មនុស្សម្នាក់ទៀត ដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ ក្នុងការដឹកជញ្ជូនអាវុធពីកូរ៉េខាងជើង យកទៅផ្គត់ផ្គង់ឲ្យរុស្ស៊ី ដើម្បីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។ មន្ត្រីជប៉ុនរូបនេះ បានបញ្ជាក់ថា សកម្មភាពនេះគឺវាបំពាននឹងសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលហាមដាច់ខាតចំពោះការទិញលក់ និងផ្ទេរគ្រឿងសព្វាវុធរបស់កូរ៉េខាងជើង។
យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានជប៉ុន Asahi មនុស្ស១នាក់ និងក្រុមហ៊ុនចំនួន៩ ដែលជាប់ទណ្ឌកម្មនេះ គឺស្ថិតនៅរុស្ស៊ី។ ចំណែកក្រុមហ៊ុន២ទៀត គឺមានទីស្នាក់ការចុះបញ្ជីនៅក្នុងប្រទេសស៊ីប។ មនុស្សនិងក្រុមហ៊ុនទាំង១១នេះ គឺបានចូលរួមដោយផ្ទាល់ ក្នុងការបញ្ជូនគ្រឿងសព្វាវុធរបស់កូរ៉េខាងជើង យកទៅកាន់រុស្ស៊ី។
ដោយឡែក រដ្ឋាភិបាលកូរ៉េខាងត្បូងវិញបានឲ្យដឹងថា គេបានដាក់ទណ្ឌកម្មទៅលើមនុស្សជនជាតិកូរ៉េខាងជើង ចំនួន៧នាក់ និងនាវាដោតទង់ជាតិរុស្ស៊ីចំនួន២។ មនុស្សនិងនាវាទាំងនេះ គឺជាប់ចោទថាបានដឹកកុងទឺនឺរាប់សិបគ្រឿង ពីកូរ៉េខាងជើងទៅរុស្ស៊ី ហើយដែលកុងទឺនឺទាំងនោះ គឺមានផ្ទុកទៅដោយគ្រឿងសព្វាវុធ។ នេះបើផ្អែកតាមលិខិតប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង។ ប្រភពដដែលនេះ អះអាងថា ក្នុងចំណោមជនជាតិកូរ៉េខាងទាំងជើង៧នាក់ដែលរងទណ្ឌកម្ម គឺមាន១នាក់ជាអ្នកបានចរចាទាក់ទងដោយផ្ទាល់ ជាមួយក្រុមទាហានស៊ីឈ្នួលWagnerរបស់រុស្ស៊ី រវាងពីឆ្នាំ២០២២-២០២៣។ ចំណែក១នាក់ទៀត ជាប់ចោទថាបានដឹកជញ្ជូនប្រេងម៉ាស៊ូត ពីរុស្ស៊ីមកកូរ៉េខាងជើង។ ចំណែក៥នាក់ទៀត ដែលស្នាក់នៅដោយខុសច្បាប់នៅទីក្រុងVladivostok មានជាប់ពាក់ព័ន្ធនឹងសកម្មភាពប្រមូលប្រាក់ ទៅចិញ្ចឹមកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។
គួរបញ្ជាក់ថា ការប្រកាសដាក់ទណ្ឌកម្មពីសំណាក់ជប៉ុននិងកូរ៉េខាងត្បូងនាពេលនេះ គឺជួនចំពេលដែល ជំនួបកំពូលត្រីភាគី ជប៉ុន-ចិន-កូរ៉េខាងត្បូង ត្រូវចាប់ផ្តើមនៅទីក្រុងសេអ៊ូល នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ។ ចិនក៏ត្រូវបានគេដឹងថា មានចំណែកចូលរួមជួយរុស្ស៊ីដែរ នៅក្នុងការធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន។
កាលពីខែសីហាឆ្នាំទៅមិញ ក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ចុះនូវទណ្ឌកម្មប្រហាក់ប្រហែលគ្នានេះដែរ ដោយអះអាងថារុស្ស៊ីបានងាកទៅស្វែងរកសព្វាអាវុធ និងគ្រាប់កាំភ្លង ពីសម្ព័ន្ធមិត្តរបស់ខ្លួន ដែលមានជាអាទិ៍ គឺកូរ៉េខាងជើង ដើម្បីយកមកធ្វើសង្គ្រាមនៅអ៊ុយក្រែន។
យ៉ាងណាក៏ដោយ កាលពីសប្តាហ៍កន្លងទៅ របបផ្តាច់ការព្យុងយ៉ាង បានច្រានចោលរាល់ការចោទប្រកាន់ ដែលថាខ្លួនបានផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី។ កូរ៉េខាងជើងអះអាងថា ខ្លួនគ្មានបំណងណាមួយធ្វើឲ្យបែកសាចសមត្ថភាពបច្ចេកទេសអាវុធរបស់ខ្លួន ទៅដល់ប្រទេសដ៏ទៃនោះឡើយ។
គួរកត់សំគាល់ដែរថា កាលពីខែមីនា រុស្ស៊ីបានបោះឆ្នោតវេតូនៅក្រុមប្រឹក្សាសន្តិសុខ ដើម្បីប្រឆាំងទាស់នឹងគម្រោងសេចក្តីសម្រេចចិត្តរួម ដែលពន្យារថែម១ឆ្នាំទៀត នូវអាណត្តិរបស់គណៈកម្មាធិការជំនាញទទួលបន្ទុកឃ្លាំមើលការអនុវត្តទណ្ឌកម្មទៅលើកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៦៕