ជាតិ
​​​ន​យោ​បាយ​ជាតិ​
ត្រឹមម៉ោង១១ព្រឹក! ភ្នំពេញ សល់អ្នកបោះឆ្នោតតែ៧នាក់ទៀត ប៉ុណ្ណោះ
26, May 2024 , 11:50 am        
រូបភាព
សមាជិកក្រុមប្រឹក្សាសង្កាត់រាជធានីភ្នំពេញ ទៅបោះឆ្នោតថ្ងៃទី២៦ឧសភា ឆ្នាំ២០២៤។
សមាជិកក្រុមប្រឹក្សាសង្កាត់រាជធានីភ្នំពេញ ទៅបោះឆ្នោតថ្ងៃទី២៦ឧសភា ឆ្នាំ២០២៤។
 ភ្នំពេញ៖  តាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលសារព័ត៌មានថ្មីៗទទួលបានពី លោក ស៊ីម ដូនី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នៅការិយាល័យបោះឆ្នោតរាជធានីភ្នំពេញ នៅសល់អ្នកបោះឆ្នោតត្រឹមតែ៧រូបទៀតប៉ុណ្ណោះ ខណៈអ្នកបោះឆ្នោត៨៩២រូបហើយបានបោះរួចរាល់។



នៅរាជធានីភ្នំពេញមានការិយាល័យបោះឆ្នោតចំនួន១៤ ហើយមានអ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន៨៩៩នាក់។ គិតត្រឹមម៉ោង១១ព្រឹកនេះ មានការិយាល័យបោះឆ្នោតចំនួន១១ហើយ ដែលបានបោះឆ្នោតរួចរាល់។

ចំណែក ការិយាល័យដែលនៅសល់មាន ការិយាល័យវិទ្យាល័យបាក់ទូ នៅសល់អ្នកបោះឆ្នោត១រូប, ការិយាល័យបឋមសិក្សា ហ៊ុន​ សែន ចាក់អង្រែ នៅសល់អ្នកបោះឆ្នោត២រូប និងការិយាល័យសាលាបឋមសិក្សាច្បារអំពៅទី១ នៅសល់អ្នកបោះឆ្នោត៤រូបទៀត។ ដំណើរការបោះឆ្នោតបានបើកចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។

យ៉ាងណាក៏ដោយ បើអ្នកបោះឆ្នោតបានបោះរួចរាល់ ក្រុមការងារ គ.ជ.ប នឹងបិតដំណើរ។ ប៉ុន្តែ បើនៅសល់អ្នកបោះឆ្នោត ក្រុមការងារ គ.ជ.ប នឹងបន្តរង់ចាំរហូតដល់ម៉ោង៣រសៀល។ នេះជានីតិវិធីរបស់ គ.ជ.ប។

សូមជម្រាបថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សានេះ គណបក្ស៥ចូលប្រកួតប្រជែង គឺមានគណបក្សប្រជាជនកម្ពុជា គណបក្សបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ មានអ្នកបោះឆ្នោត មានសរុប១១ ៦២២នាក់ និងការិយាល័យបោះឆ្នោត ចំនួន២០៩ នៅទូទាំង២៥រាជធានី-ខេត្ត៕

© រក្សាសិទ្ធិដោយ thmeythmey.com