RFI
អន្តរជាតិ
អង្គការសហប្រជាជាតិបើកអង្កេតការចាប់ជម្លៀសជនរ៉ូហ៊ីងយ៉ាដោយបង្ខំ នៅភូមា
×
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
អ្នកអង្កេតអង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី ២៣ឧសភា២០២៤ តាមដានសកម្មភាពប្រយុទ្ធនៅក្នុងរដ្ឋរ៉ាឃីនភូមា និងកំពុងតាមស្វែងរកព័តមានជុំវិញការចាប់បង្ខំជនជាតិភាគតិចរ៉ូហ៊ីងយ៉ាឱ្យធ្វើបំលាស់ទី។ ក្រុមអង្កេតសង្ស័យថាអំពើហិង្សាប្រដាប់អាវុធ កំពុងធ្វើឱ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ធ្វើបំលាស់ទីដោយបង្ខំ។
អង្គការសហប្រជាជាតិបើកអង្កេតការចាប់ជម្លៀសជនរ៉ូហ៊ីងយ៉ាដោយបង្ខំ នៅរដ្ឋរ៉ាឃីនប្រទេសភូមា។ AFP
តើមានអ្វីកើតឡើងដោយពិតប្រាកដទៅក្នុងរដ្ឋរ៉ាឃីន (អតីតរដ្ឋអារ៉ាកាន)? ពិតជាមានការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមឬ? បង្កើតឡើងនៅឆ្នាំ២០១៨ ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស យន្តការអង្កេតឯករាជ្យអង្គការសហប្រជាជាតិនៅភូមា កំពុងតែតាមដានត្រួតពិនិត្យ ដើម្បីវាយតម្លៃហើយ។ នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ដោយអះអាងថា យន្តការបានទទួលសិទ្ធិអង្កេតលើបទឧក្រិដ្ឋនានានៅភូមាដែលកំពុងរងអំពើហិង្សាយ៉ាងសន្ធោសន្ធៅ។
អង្គការក្រៅរដ្ឋាភិបាលការពារសិទ្ធិជនជាតិរ៉ូហ៊ីងយ៉ាជាច្រើនបានចោទប្រកាន់ក្រុមប្រដាប់អាវុធជនជាតិពិន្ធុអារ៉ាកាន ថាបានបណ្តេញប្រជាពលរដ្ឋ ដុតបំផ្លាញលំនៅឋានរបស់ជនជាតិរ៉ូហ៊ីងយ៉ា ហើយចាប់បង្ខំឱ្យពួកគេរើទៅកាន់តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ។ នៅក្នុងសេចក្តីថ្លែងការណ៍ ពួកគេបានអំពាវនាវឱ្យបិទបញ្ចប់សកម្មភាពចាប់បង្ខំឱ្យធ្វើបំលាស់ទី និងសកម្មភាពរំលោភសិទ្ធិមនុស្សលើជនជាតិរ៉ូហ៊ីងយ៉ា ពីសំណាក់កងទ័ពរដ្ឋាភិបាលសឹកភូមាដែលយកពួកគេមកធ្វើជារនាំងចាំរងគ្រាប់។ ចំណែកអាមេរិកវិញ ក៏បានបង្ហាញភាពសង្ស័យកាលពីថ្ងៃអង្គារ ខ្លាចមានអំពើឃោរឃៅធ្វើបាបជនជាតិភាគតិចរ៉ូហ៊ីងយ៉ាថ្មីនៅក្នុងរដ្ឋរ៉ាឃីន។ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានព្រមានដូចគ្នា។
តាំងពីខែវិច្ឆិកា២០២៣មក ក្រុមប្រដាប់អាវុធអារ៉ាកាន បានបិទបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយរដ្ឋាភិបាលសឹកភូមា និងបានប្រកាសកាន់អាវុធឡើងវិញ ដើម្បីទាមទារស្វ័យភាពច្រើនជាងមុនឱ្យប្រជាពលរដ្ឋជាជនជាតិភាគតិចរ៉ាឃីនផង និងជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណជាង៦សែននាក់ក្នុងរដ្ឋរ៉ខាឃីនផង។ ក្រុមប្រដាប់អាវុធនេះ បានផ្ចាញ់កងកម្លាំងយោធារដ្ឋាភិបាលភូមា និងបានទទួលជោគជ័យ ដណ្តើមកាន់កាប់ទីតាំង ស្រុកភូមិក្នុងតំបន់ជាបន្តបន្ទាប់។ នៅសប្តាហ៍មុន កងប្រដាប់អាវុធអារ៉ាកាន ប្រកាសដណ្តើមស្រុកភូធិដូង ដោយគ្មានផ្តល់ព័ត៌មានលម្អិតអ្វីទាំងអស់ តែបានប្រាប់ពលរដ្ឋឱ្យចាកចេញនិងជួយគ្នារើទៅកាន់ទីមានសុវត្ថិភាព។
អំពើហិង្សានេះ ទំនងជាបានបង្កឱ្យពលរដ្ឋរាប់ពាន់នាក់ ជាពិសេសជនស៊ីវិលរ៉ូហ៊ីងយ៉ា ព្រមទាំងសហគមន៍រ៉ាឃីន និងហិណ្ឌូ ធ្វើបំលាស់ទី។ នេះបើតាមយន្តការអង្កេតអង្គការសហប្រជាជាតិសម្រាប់ភូមា ដែលអះអាងកំពុងសិក្សាពិនិត្យរបាយការណ៍ជាច្រើនទាក់ទងនឹងអំពើហិង្សាប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលនិងក្រុមប្រដាប់អាវុធអារ៉ាកាន។ ក្រុមអង្កេតអង្គការសហប្រជាជាតិមិនដែលបានទទួលការអនុញ្ញាតឱ្យធ្វើដំណើរទៅភូមាទេ ប៉ុន្តែអង្គការប្រមូលភស្តុតាង ជាឯកសារ ជារូបថត ជាវីដេអូ ជាសំណៅឯកសារពេទ្យ និងរូបភាពផ្កាយរណប ព្រមទាំងសំដីរបស់សាក្សី ទាក់ទងបទឧក្រិដ្ឋទាំងអស់ ទាំងនៅក្នុងរដ្ឋរ៉ាឃីន និងនៅទូទាំងប្រទេស តាមរយៈបណ្តាញសម្ងាត់និងមានសុវត្ថិភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com