ជាតិ
ព្រះមហាក្សត្រ នរោត្តម សីហមុនី នឹងថ្វាយព្រះភ្លើង ដល់ព្រះសពសម្ដេច ទេព វង្ស
26, May 2024 , 3:59 pm        
រូបភាព
រូបពីហ្វេសប៊ុក វត្តឧណ្ណាលោម-Unnalom Pagoda
រូបពីហ្វេសប៊ុក វត្តឧណ្ណាលោម-Unnalom Pagoda
ភ្នំពេញ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ និងជាសម្ដេចព្រះចៅអធិការវត្តឧណ្ណាលោម រាជធានីភ្នំពេញ បានយាងចូលព្រះទិវង្គត នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥ និង៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះរោគាពាធ នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីថ្វាយព្រះភ្លើងរបស់សម្តេចសង្ឃ នឹងធ្វើនៅថ្ងៃទី៣មិថុនា  ដោយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ពីព្រះពន្លាជ័យ។

 
ព្រះរាជពិធីបុណ្យ ក្នុងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ត្រូវចាប់ផ្ដើមកម្មវិធី នៅវេលាម៉ោង៤ទៀបភ្លឺ ដោយជួបជុំព្រះសង្ឃសិស្សគណ ក្រុមញាតិ និងពុទ្ធបរិស័ទ នមស្ការព្រះរតនត្រ័យ សមាទាននិច្ចសីល វន្ទាខមាទោសព្រះបរមសព។ 
 
ម៉ោង៤០:៣០នាទីព្រឹក សម្ដេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ សម្ដេចព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយ សម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃចំនួន១៥អង្គ (គណៈធម្មយុត្តិកនិកាយ៣អង្គ) ព្រះរាជាគណៈថ្នាក់ឯក ៣អង្គ ព្រះរាជាគណៈថ្នាក់ទោ៦អង្គ ព្រះរាជាគណៈថ្នាក់ត្រី៦អង្គ ព្រះរាជាគណៈថ្នាក់ចត្វា២០អង្គ (មានផ្លិតយស) យាង និមន្តដល់ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម បង្សុកូលថ្វាយព្រះបរមសព។ នាវេលាម៉ោង៥:០០នាទីព្រឹក ពិធីរំកិលព្រះមញ្ជូសា តម្កល់លើព្រះទីនាំងនាគរាជ។ ម៉ោង៦:០០នាទីព្រឹក ពិធីដង្ហែព្រះបរមសព ចេញពីវត្តឧណ្ណាលោម ឆ្ពោះទៅកាន់ទីព្រះមេរុ មុខវត្តបទុមវតីរាជវរារាម។
 
និមន្តព្រះសង្ឃចំនួន៩៣អង្គ រង់ចាំនៅមុខវត្តភ្នំ បង្សុកូលថ្វាយព្រះរាជកុសលព្រះបរមសព ដឹកនាំដោយព្រះបវរមុនី ងិន ឃីម ព្រះគ្រូអនុគណខណ្ឌទួលគោក)។ និមន្តព្រះសង្ឃ៩៣អង្គ រង់ចាំបង្សុកូលថ្វាយព្រះរាជកុសលព្រះបរមសព នៅលើដងវិថីព្រះនរោត្តម ខាងមុខធនាគារស្ថាបនា ទិសបស្ចឹមវត្តសារាវ័នតេជោ (ដឹងនាំដោយព្រះញាណសំវរ ស៊ឹម សយ៉ុង ព្រះចៅអធិការវត្តសារាវ័នតេជោ)។ និមន្តព្រះសង្ឃ៩៣អង្គ បង្សុកូលថ្វាយព្រះរាជកុសលព្រះបរមសព នៅទិសបស្ចឹមវិមានឯករាជ្យ (ដឹកនាំដោយមន្ត្រីសង្ឃ សាលាអនុគណខណ្ឌបឹងកេងកង)។
 
ពិធីរំកិលព្រះមញ្ជូសា ឡើងលើព្រះមេរុ យាង និមន្តសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយកស្ដីទី សម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃ ព្រះរាជាគណៈថ្នាក់ឯក ថ្នាក់ទោ ថ្នាក់ត្រី និងថ្នាក់ចត្វា (មានផ្លិតយស) គង់អមព្រះមញ្ជូសា ឡើងលើព្រះមេរុ។
 
ម៉ោង៨កន្លះ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងដល់។ យាង និមន្ត សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយកស្ដីទី សម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃ ព្រះរាជាគណៈថ្នាក់ឯក ថ្នាក់ទោ ថ្នាក់ត្រី ថ្នាក់ចត្វា និងព្រះរាជាគណៈសរុបចំនួន៩៣អង្គ (មានផ្លិតយស) ឈរព័​ទ្ធជុំវិញព្រះមេរុ វៀរលែងតែពីទិសត្បូង ចំពីមុខវេទិកាគណៈអធិបតី បង្សុកូលថ្វាយព្រះបរមសព (ព្រះសង្ឃទាំង១ពាន់អង្គ បង្សុកូលពីមហារោងទិសខាងលិច)។ 
 
ពិធីដង្ហែប្រទក្សិណព្រះបរមសព បីជុំព្រះមេរុ ជាឧត្តរាព័ត៌ ដោយញាតិនៃព្រះបរមសព(២៦អង្គ/​នាក់)។ និមន្តសម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា ព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ ស្រះចក អានព្រះវិយោគកថា និងព្រះជីវប្រវត្តិ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
 
និមន្តព្រះសង្ឃមាតិកា៤អង្គ គង់ក្នុងបុស្បុក៤ទិស។ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយផ្កាខ្លឹមចន្ទន៍ ចំពោះព្រះបរមសពជាកិច្ចបច្ឆាមរណៈ។ ពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ប្រធានគណៈកម្មការ គ្រប់គ្រងវត្តឧណ្ណាលោម និមន្តសុំព្រះភ្លើង ពីសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយកស្ដីទី រួចនាំយកព្រះភ្លើងថ្វាយ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ 
 
ព្រះករុណាព្រះបាទសម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ថ្វាយព្រះភ្លើងពីព្រះពន្លាជ័យ។ បន្ទាប់មកសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ តំណាងព្រះញាតិព្រះបរមសព ថ្លៃងអំណរព្រះគុណ និងអំណរគុណ។ 
 
ក្រោយថ្វាយព្រះភ្លើងរួច ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សំណេះសំណាលលាព្រះញាតិ ព្រះបរមសព ស្ដេចយាងនិវត្តន៍។ ក្រុមញាតិព្រះបរមសព ថ្វាយ ប្រគេន ទេយ្យទានចំពោះសម្ដេច ព្រះរាជាគណៈទាំង៩៣ព្រះអង្គ។ កម្មវិធីបន្ទាប់ គឺកម្មវិធីបំបួសនាគ៥៤រូប (សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកស្ដីទី ជាព្រះឧបជ្ឈាយ៍)។ ប្រគេនចង្ហាន់ព្រះសង្ឃ ចំនួន១ពាន់អង្គ នៅសាលាធម្មសភា វត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
 
នាពេលរសៀលម៉ោង ២:៤៥នាទី ប្រារព្ធពិធីរើសព្រះបរមអដ្ឋិ និងដង្ហែព្រះអង្គារទៅបំផ្លែងនៅក្នុងគង្គា។ ម៉ោង៤:១៥នាទី យាង និមន្ត សម្ដេចព្រះសង្ឃនាយកស្ដីទី ព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ និងព្រះអនុគណ ចំនួន៩៣អង្គ ស្វាធ្យាយព្រះបរិត្ត។ ម៉ោង៤:៣០នាទីល្ងាច និមន្តសម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ សម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក និងសម្ដេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា ប្រទានព្រះធម្មវិសេសទេសនាគ្រែ៣ ដោយមាននិមន្តព្រះមហាថេរ ៨អង្គស្មូតអានត្រៃ។
 
ម៉ោង៨:៣០នាទីយប់ យាង និមន្ត សម្ដេចព្រះសង្ឃនាយកស្ដីទី សម្ដេចព្រះសង្ឃនាយករង សម្ដេច ព្រះសង្ឃ និងព្រះរាជាគណៈ ចំនួន៩៣អង្គ អភិសេកព្រះបរមអដ្ឋិ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មកនិមន្តព្រះសង្ឃ៨អង្គ សូត្រយ៉ោក រហូតទល់ភ្លឺ។ កម្មវិធីនេះ ដឹកនាំដោយសម្ដេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ អនុប្រធានថេរសភា នៃព្រះរាជាណាចក្រកម្ពុជា៕
 

Tag:
 ព្រះសព
  ព្រះភ្លើង
  សម្ដេច
  សម្ដេច ទេព វង្ស
  ព្រះសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com