RFI
អន្តរជាតិ
ប្រទេស​ G7 ចង់​យក​ទ្រព្យសម្បត្តិ​រុស្ស៊ី​ដែល​បង្កកនៅបស្ចិមលោក​​ ទៅ​ជួយអ៊ុយក្រែន
26, May 2024 , 7:59 pm        
រូបភាព
ដោយ៖ ហេង ឧត្តម/ FRI ខេមរភាសា
ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ខ្លាំងទាំង​៧ (G7) ប្រកាស​ឯកភាពគ្នា​ថា​​ចង់​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រុស្ស៊ី​ ដែល​បង្កកក្នុង​រង្វង់​ប្រទេស​G7 និងនៅ​បស្ចិមលោក​ យក​ទៅ​ជួយ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុនិង​សព្វាវុធ ដល់​ អ៊ុយក្រែន។ នេះបើតាម​ស្មារតី​​កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ នៃប្រទេស​G7 នៅក្នុង​ប្រទេស​អ៊ីតាលី នាថ្ងៃ​សៅរ៍​ ទី២៥ឧសភា។ ភ្លាមៗ ភាគី​រុស្ស៊ី ប្រតិកម្មថា នោះជាគម្រោង​ផែន​ការ​ខុស​ច្បាប់​សុទ្ធសាធ​។​​​ គួរ​រំឭកដែរថា ផែនការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រុស្ស៊ី​ដែល​បង្កក​នេះ ប្រទេស​សហភាព​អឺរ៉ុប​ ទាំង​២៧ បាន​សម្រេច​អនុវត្តវិធានការ​រួច​ទៅហើយ នៅក្នុង​ខែ​ឧសភា។​

 
ប្រទេស​​មាន​សេដ្ឋកិច្ច​ជឿនលឿន​ខ្លាំងទាំង​៧ បាន​បង្ក​ក​ទ្រព្យ​សម្បត្តិ​រុស្ស៊ី ចំនួន​​ ៣០០ ពាន់​លានដុល្លារ។​ នោះ​ជា​ហិរញ្ញវត្ថុ​របស់​ធនាគារ​កណ្តាល​រុស្ស៊ី​ ​ដែល​បង្កក​នៅ​ក្នុង​ប្រទេសG7 និង​នៅ​អឺរ៉ុប។ នេះ​ជា​ទណ្ឌកម្ម​ហិរញ្ញវត្ថុ ដាក់​ចំពោះ​វិមាន​ក្រេមឡាំង​ ព្រោះតែ​បញ្ឆេះ​​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន ពីដើម​ឆ្នាំ២០២២។ ​​ G7​ បញ្ជាក់ក្នុងសេចក្តី​ថ្លែងការណ៍ អំ​​ពី​ស្មារតីរួម​គ្នា​​ចង់​ប្រើប្រាស់​​ទ្រព្យសម្បតិ្ត​​រុស្ស៊ី​ទៅជួយ​អ៊ុយក្រែន ជួយ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ជួយ​បំពាក់​បំប៉ន់​គ្រឿង​សព្វាវុធ​។​ ក្នុងនាម​ជាម្ចាស់​ប្រធានផ្លាស់វេនG7 ​​រដ្ឋមន្ត្រី​សេដ្ឋកិច្ចអ៊ីតាលី  Giancarlo Giorgetti បាន​សារទស្មារតីនេះ​ និងថា​ជា​ការ​សម្រេច​ចិត្ត​នយោបាយ​ដ៏​ធំ​ ហើយ​និង​ជឿនលឿន​ទៅមុខ​។​
 
ខណៈ​នេះ រដ្ឋមន្ត្រី​ហិរញ្ញវត្តុសហរដ្ឋ​អាមេរិក លោកស្រី ចានែត យេលែន បានអះអាង​​​ថា មាន​ចំណុច​​ច្រើន​ កិច្ចការ​ច្រើន​ទៀត ដែល​ត្រូវ​គិត​គូរ​ពិចារណា មុន​នឹង​សម្រេច​​អនុវត្តវិធានការ​នោះ​បាន។ ជំហរ​អាមេរិក គឺ​ឲ្យ​ត្រូវ​ប្រយ័ត្ន​ប្រយែងខ្លាំង ព្រោះ​ចំណាត់​ការ​នេះ គ្រោះថ្នាក់​ខ្លាំង ហើយ​និង​ខ្លាច​ក្រែង​រុស្ស៊ី​វាយបក​យ៉ាងចាស់​ដៃ​ទៅវិញ​។ ទន្ទឹម​នឹង​គ្នានេះ ភាគី​បារាំង តាមរយៈ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​លោក Bruno Le Maire បាន​ឲ្យ​យោបល់​ថា ត្រូវ​គិត​ឲ្យ​ល្អិត​ល្អន់​ជាមុន​សិន​ពីវិធី​សាស្ត្រ​​គតិយុត្តិ។​ រឿង​គតិយុត្តិ​ផ្លូវ​ច្បាប់​នេះ រុស្ស៊ី​ម្ចាស់​ទ្រព្យ​សម្បត្តិ​ ក៏បាន​ស្រែក​ព្រមាន​ភ្លាមៗភ្លែតដែរ ​ថា វិមាន​ក្រេមឡាំង​នឹង​វាយបក​វិញឲ្យ​សក្តិសម​ ប្រសិន​បើ​ប្រទេស​G7 ហ៊ាន​ប្រើ​ទ្រព្យ​សម្បត្តិ​រុស្ស៊ី​ដោយ​ខុស​ច្បាប់​។​ នេះបើតាម​សម្តី​របស់​រដ្ឋមន្ត្រីរុស្ស៊ី Anton Silouanova ថ្លែងទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​ Tass។
 
ចំណែក រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Serguiï Martchenko ​ថា បំណង​របស់​ប្រទេសG7 ដើរ​មាគ៌ា​ត្រឹមត្រូវ​ល្អហើយ ហើយ​អ៊ុយក្រែន​​សង្ឃឹមថា ផែនការនេះ នឹង​ត្រូវ​អនុម័ត​សម្រេច​ជាស្ថាពរ​ ​ក្នុងខែមិថុនា។ ជាការ​ពិត ការ​សម្រេច​ចិត្ត​នយោបាយ​ចុងក្រោយ​បំផុត ឋិត​​នៅលើ​​ថ្នាក់​ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិ​បាល ដែលត្រូវ​ជួប​ប្រជុំ​កំពូល​ហ្សេ៧​ នៅ​​អ៊ីតាលី​ ​ពាក់កណ្តាល​ខែ​មិថុនា ខាង​មុខ​។ ទោះយ៉ាងនេះក្តី ដោយ​សំអាង​ទៅលើ​ប្រព័ន្ធ​ច្បាប់​របស់ខ្លួន​ ប្រទេស​G7ក៏​គ្មាន​បំណង​នឹងប្រគល់​​ទ្រព្យ​សម្បត្តិ​ទាំងនោះ ទៅឲ្យរុស្ស៊ី​វិញ​ដែរ ល្គឹកណា រុស្ស៊ី មិន​សង​ជួសជុល​ការ​ខូច​ខាត​ចំពោះ​ អ៊ុយក្រែន​​​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com