ជាតិ
អូស្រា្តលី គ្រោងបង្កើតកសិ-ពាណិជ្ជកម្មខ្នាតធំដំបូងនៅកម្ពុជា លើផ្ទៃដី ១ ០០០ហិកតា
27, May 2024 , 10:12 am        
រូបភាព
រូបពីហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពីហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី ស្ដីពីគម្រោង និងឱកាសអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា ប្រកបដោយនិរន្តភាព។ តាមរយៈជំនួបនេះ ភាគីទាំងពីរក៏បានលើកពីគម្រោងបង្កើតកសិ-ពាណិជ្ជកម្មខ្នាតធំដំបូង ដោយធ្វើកសិកម្មឆ្លាតវៃ និងទំនើប ដើម្បីជំរុញកំណើនផលិតភាព របស់ក្រុម Agribusiness Asian Group (AAG) ដែលមានស្ថាបនិកជាជនជាតិអូស្រា្តលី នៅក្នុងខេត្តសៀមរាប។

 
គម្រោងនេះ នឹងអនុវត្តលើផ្ទៃដីប្រហែល ១ ០០០ ហិកតា ក្នុងរយៈពេល ៥ឆ្នាំ ដោយដាំដុះដំណាំពោត និងកែច្នៃកាកសំណល់កសិកម្មរបស់ខ្លួន (ចង្រ្កានពោត) ទៅជាជីវធ្យូង ដើម្បីរក្សាទុកកាបូន។ AAG បានប្តេជ្ញាចិត្តក្នុងការស្រាវជ្រាវ និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីប្រែក្លាយកាកសំណល់កសិកម្ម ដែលមិនត្រូវបានដុត ទៅជាជីវឧស្ម័ន សំណល់ដំណាំ (ជីវម៉ាស)។ 
 
ជីវម៉ាសត្រូវបានដុត នៅសីតុណ្ហភាព ៦០០ អង្សាសេ ដើម្បីឈានដល់ជីវម៉ាសកម្រិតខ្ពស់ ហើយជីវឧស្ម័នទាំងនោះ នឹងចាប់យក និងរក្សាទុកកាបូនបានរហូតដល់ ១ ០០០ឆ្នាំ។ ជីវម៉ាសចុងក្រោយ ដែលទទួលបាន នឹងយកទៅប្រើលើដី ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពដី ដោយមានការបង្កើន pH ដី បរិយាកាសដី សមត្ថភាពផ្ទុកសារធាតុចិញ្ចឹម និងសកម្មភាពអតិសុខុមប្រាណក្នុងដី។
 
ជាការឆ្លើយតប លោក ប្រាក់ ដាវីដ បានស្នើឱ្យ AAG សិក្សាបន្ថែមលើការ ប្រែក្លាយកាកសំណល់កសិកម្មលើដំណាំស្រូវ (ជាពិសេសចំបើង) និងដំណាំដទៃទៀត ដែលអាចជា Bio Recycle។ តាមរយៈការអនុវត្តលើដី ១ ០០០ហិកតា ក្នុងដំណាក់កាលដំបូង AAG អាចពិចារណាពង្រីក ឱ្យកាន់តែធំជាងនេះបន្ថែមទៀត ករណីមានការសិក្សា លើសេដ្ឋកិច្ចច្បាស់លាស់ លើដំណាំពោតដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ជាងដំណាំផ្សេងៗ។ 
 
បើតាមលោក ប្រាក់ ដាវីដ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងពិចារណាសហការគ្នា ដោយផ្អែកលើគោលនយោបាយរបស់ក្រសួង ដើម្បីបង្កើតនូវគំរូអាជីវកម្មថ្មី ដើម្បីជួយដល់កសិកម្ម និងកសិកម្មបែបទំនើប និងកំណត់យកទីផ្សារឱ្យច្បាស់ ទាញនូវផលចំណេញសេដ្ឋកិច្ច សម្រាប់អនុវត្តគម្រោងខាងលើ៕

Tag:
 កសិកម្ម
  សង្គម
 
© រក្សាសិទ្ធិដោយ thmeythmey.com