ជាតិ
សេដ្ឋកិច្ច
ភរិយានាយករដ្ឋមន្រ្តី ក្រសួងកសិកម្ម និងតារាចម្រៀង នាំគ្នាជំរុញការគាំទ្រកសិផលក្នុងស្រុក
27, May 2024 , 9:29 pm        
រូបភាព
 រូបភាព៖ ក្រសួងកសិកម្ម
រូបភាព៖ ក្រសួងកសិកម្ម
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមិថុនា ដោយមានការចូលរួមពី លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយានាយករដ្ឋមន្រ្តីកម្ពុជា ​និងតារាចម្រៀងល្បីៗ ដូចជា អ្នកនាង មាស សុខសោភា និងព្រះនាង នរោត្តម ជេនណា ផងដែរ។



ពិព័រណ៍ និងវេទិកាពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យ​បានកាន់តែខ្លាំងក្លាថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។ កម្មវិធីរយៈពេល ២ថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកទទួលទិញ ព្រមទាំងបំផុសការពិភាក្សាអំពីការប្រើប្រាស់កសិផលក្នុងស្រុក សម្រាប់ផ្គត់ផ្គង់នៅក្នុងពិធីបុណ្យផ្សេងៗ ផងដែរ។ 
 
ចូលរួមទស្សនាដោយសេរី នៅផ្សារទំនើបជីបម៉ុង ម៉េហ្គាម៉ល ២៧១។ ការចូលរួមរបស់សាធារណជន គឺជាការចូលរួមលើកទឹកចិត្តកសិករខ្មែរ គាំទ្រកសិផលក្នុងស្រុក កាត់បន្ថយការនាំចូល និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។ នេះបើតាមក្រសួងកសិកម្ម។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១ មេសា បានអំពាវនាវពលរដ្ឋជួយទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ឱ្យបានច្រើន ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម។
 
តាមរយៈសារលិខិតអបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផល​ខ្មែរ​ លើកទី៧ ​​ក្រោមប្រធានបទ «ផលិតផលនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១» សម្ដេច​ ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖«ជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវឱ្យពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និងលើកទឹកចិត្តប្រកបដោយភាពម៉ឺងម៉ាត់ ជួយទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម»។
 
ជាមួយគ្នានេះ សម្ដេច ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមបំផុសបំផុលចលនាដាំដុះ ចិញ្ចឹមសត្វ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិតបន្ថែមទៀត។ ពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុង និងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើកកម្ពស់កម្រិតជីវភាពពលរដ្ឋ៕ 
 

Tag:
 ក្រសួងកសិកម្ម
  ភូមិកសិផលខ្មែរ
  រសជាតិកសិផល
© រក្សាសិទ្ធិដោយ thmeythmey.com