RFI
អន្តរជាតិ
អង់គ្លេស៖ ជនអន្តោប្រវេសន៍​ខុសច្បាប់ កើនជាង១ម៉ឺននាក់ ត្រឹមតែ៥ខែ
28, May 2024 , 8:29 am        
រូបភាព
ក្រសួងមហាផ្ទៃអង់គ្លេស ប្រកាសថា ជនអន្តោប្រវេសន៍ខុសច្បាប់ មានចំនួន ១០ ១៧០ នាក់ បួករួមទាំងមនុស្សទើបតែឆ្លងសមុទ្រ La Manche ថ្មីៗនេះ ចំនួន​៥ទូក។ AP
ក្រសួងមហាផ្ទៃអង់គ្លេស ប្រកាសថា ជនអន្តោប្រវេសន៍ខុសច្បាប់ មានចំនួន ១០ ១៧០ នាក់ បួករួមទាំងមនុស្សទើបតែឆ្លងសមុទ្រ La Manche ថ្មីៗនេះ ចំនួន​៥ទូក។ AP
ដោយ៖ហេង ឧត្តម /RFI ខេមរភាសា
 
មិនដល់​៥ខែស្រួល​បួល​ផង ចំនួន​ជនអន្តោប្រវេសន៍ខុស​ច្បាប់ ឆ្លង​ចូល​ប្រទេស​អង់គ្លេស បាន​បំបែក​កំណត់ត្រា​ ច្រើន​ជាង ១ ម៉ឺន​នាក់​ បើគិត​ពី​ត្រឹមខែមករាដើមឆ្នាំរហូត​ទល់​ពេល​នេះ។ នេះបើតាម​ទិន្នន័យ​របស់​ក្រសួង​មហាផ្ទៃ​អង់គ្លេស ដោយ​បញ្ជាក់ថា នាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ ​នឹង​ចាត់វិធានការ​បន្ថែមជាបន្ទាន់​ ដើម្បី​បញ្ចូន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ ចេញពីប្រទេស​ឲ្យ​បាន​ឆាប់។​​ នៅអង់គ្លេស បញ្ហា​ជន​ភៀស​ខ្លួនជា​សំណុំ​រឿង​ក្តៅខ្លាំង​ និងក្លាយ​ជា​ប្រធានដ៏​ចម្បង១​សម្រាប់យុទ្ធនាការ​បោះឆ្នោតជាតិ ​​ដែលត្រូវ​ចាប់ផ្តើម​ ក្នុង​ពេល​ដ៏ខ្លី​ខាងមុខ​នេះ​។​​​

 
ក្រសួង​មហាផ្ទៃ​អង់គ្លេស ប្រកាសពី​តួលេខ​ជាក់លាក់ នៅ​ថ្ងៃទី​២៥ឧសភា ថា​  ជន​អន្តោ​ប្រវេសន៍​ខុស​​ច្បាប់ មាន​ចំនួន​​ ១០ ១៧០ នាក់ ​បួក​រួម​ទាំង​មនុស្ស​ទើបតែ​ឆ្លង​សមុទ្រ La Manche ថ្មីៗ​ គឺ​ឆ្លងសមុទ្រពី​បារាំង​ទៅអង់គ្លេស​​ដោយ​​ខុស​ច្បាប់​ តាមរយៈ​​ពោង​ទូក​ ចំនួន​​ ៥​ កាលពី​នៅថ្ងៃសុក្រ​ ទី​២៤ឧសភា​។ ទូក​ពោង ​៥ នោះ មា​នផ្ទុះ​មនុស្ស​ ២៨៨ នាក់​។​ ពួក​គេ​ទាំង​នោះ ភាគច្រើន​ភៀសខ្លួន មកពីប្រទេស​អាហ្វហ្កានីស្ថាន អ៊ីរ៉ង់ តួកគី​ ។ល។
 
​នៅអង់គ្លេស ចំនួន​អ្នក​សុំ​សិទ្ធិ​ជ្រកកោននិងជនអន្តោប្រវេសន៍ខុស​ច្បាប់ ជាង១ម៉ឺននាក់ ជា​ចំនួន​ច្រើន​បំបែក​កំណត់ត្រា​ ឆ្នាំ២០២៣។ ពោល​គឺមាន​ចំនួន​ច្រើន​ជាង​ឆ្នាំទៅមិញ ប្រមាណ​ជាង ៣ ០០០ នាក់ បើ​ធៀប​ក្នុងរយៈពេល​ដូចគ្នា។​
 
ពេលនេះ បញ្ហាជនភៀសខ្លួនជាប្រធានដ៏ចម្បងក្នុង​​យុទ្ធនាការបោះឆ្នោតជាតិ។ ក្នុង​បណ្តាញ​សង្គម​X លោក​​​​ James Cleverly ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អង់គ្លេស សរសេរ​​ថា លោក​នាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ ​នឹង​ចាត់វិធានការ​​ ដើម្បី​បញ្ឈប់​ទូក​របស់​ជនអន្តោប្រវេសន៍ខុស​ច្បាប់ មិន​​ឲ្យ​ចូល​អង់គ្លេស​ទៀតទេ។ ការ​«បញ្ចប់​ទូក​»ជា​ពាក្យ​ស្លោក​របស់​គណបក្ស​អភិរក្ស​និយម របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស ដើម្បី​​ជា​សារនយោបាយ​ទាក់ចិត្ត​ម្ចាស់​ឆ្នោត ក្នុង​ឱកាស​បោះឆ្នោត​ជាតិ នៅថ្ងៃទី​៤ កក្កដា​។​ ថ្នាក់ដឹកនាំរដ្ឋាភិបាល​អង់គ្លេស ក៏​ចង់​ពន្លឿន​វិធានការ​បញ្ជូន​ជនអន្តោប្រវេសន៍ខុស​ច្បាប់ ចេញពីប្រទេស​ឲ្យ​បាន​ឆាប់ មុន​ពេល​ការបោះឆ្នោត​ចូលមកដល់ ក៏​ប៉ុន្តែ ទំនងជាលំបាក​នឹង​ទៅរួច​នោះទេ។
 
ប្រមុខ​បក្ស​ប្រឆាំង លោក Keir Starmer ដែល​ជាបេក្ខជន​នាយករដ្ឋមន្ត្រី​របស់​បក្ស​ពលករ​ បាន​រិះគន់​នយោបាយ​របស់បក្សកាន់អំណាច​ ថា រដ្ឋាភិបា​លអង់គ្លេសសព្វថ្ងៃ បាត់បង់ភាព​​ម្ចាស់​ការ គ្មាន​សមត្ថភាព​គ្រប់គ្រង​ព្រំដែន​សោះ​។ អ្នកនយោបាយ​ប្រឆាំងរូបនេះ​​ សន្យាថា​ បើគណ​​បក្ស​ពលករ​​​ឈ្នះ​ឆ្នោត​ គឺ​នឹង​លុប​ចោល​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ស្តីពីការ​បញ្ជូន​ជនអន្តោប្រវេសន៍ខុស​ច្បាប់តាម​យន្តហោះ​នោះ ​​និង​បង្កើត​គម្រោង​វិធានការ​ថ្មី​ដែល​មាន​ប្រសិទ្ធិភាព ក្នុង​ការ​​ត្រួត​ពិនិត្យ​សន្តិសុខ​ព្រំដែន​។ បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​បក្ស​ពលករ​ ក៏​សន្យា​ប្រមូល​ផ្តុំ​កម្លាំង​នគរបាល ក្រុម​ប៉ូលិស​ស៊ើបការ​សម្ងាត់ និង​ព្រះរាជអាជ្ញា​ ហើយនិង​សហការជាមួយ​ភ្នាក់ងារ​អន្តរជាតិ ដើម្បី​បង្ក្រាប​បណ្តាញ​ជួញដូរ​មនុស្ស និង​បណ្តាញ​ស៊ីឈ្នួល​នាំមនុស្ស​ឆ្លងដែន​៕​

© រក្សាសិទ្ធិដោយ thmeythmey.com