សង្គមអន្តរជាតិ​
អន្តរជាតិ
សមាជិកបក្សប្រឆាំងម្នាក់ ជាប់ពន្ធនាគារ២ឆ្នាំ ពី​បទ​ប្រមាថ​ព្រះមហាក្សត្រថៃ
27, May 2024 , 9:59 pm        
រូបភាព
លោកស្រី Chonthicha Jaengraew ក្នុងព្រឹត្តិការណ៍មួយនៅ Pathum Thani  កាលពីខែមេសា ឆ្នាំ២០២៣។ រូបភាព ៖ Reuters។
លោកស្រី Chonthicha Jaengraew ក្នុងព្រឹត្តិការណ៍មួយនៅ Pathum Thani កាលពីខែមេសា ឆ្នាំ២០២៣។ រូបភាព ៖ Reuters។
សមាជិកសភាគណបក្សឆ្ពោះទៅមុខលោកស្រី Chonthicha Jaengraew ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ អំឡុងការការចូលរួមតវ៉ាដោះលែងអ្នកទោសនយោបាយកាលពីឆ្នាំ២០២១។

 
មេធាវីរបស់លោកស្រី Chonthicha Jaengraew បានបញ្ជាក់នៅថ្ងៃទី២៧ ខែឧសភា ថា តុលាការនៅ Thanyaburi ភាគខាងជើងទីក្រុងបាងកក បានសម្រេចកាត់ទោសលោកស្រី Chonthicha Jaengraew ពីបទបំពានច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ និងកាត់បន្ថយការជាប់ពន្ធនាគារពី ៣ឆ្នាំទៅ២ឆ្នាំ ដោយកិច្ចសហប្រតិបត្តិការរបស់លោកស្រី ។ បច្ចុប្បន្នសមាជិកសភា Chonthicha កំពុងស្ថិត​នៅ​ក្រៅ​ឃុំ​ដើម្បី​​ប្តឹង​ឧទ្ធរណ៍​ជាមួយ​នឹង​ចំនួន​ប្រាក់​ធានា​ចំនួន ៤០០០ដុល្លារ។
 
កាលពីឆ្នាំ២០២១ លោកស្រី Chonthicha Jaengraew បានចូលរួមក្នុងការតវ៉ា និងថ្លែងនៅមុខតុលាការ ដើម្បីទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយ។ កន្លងមក លោកស្រី​បញ្ជាក់​ថា ​គ្មាន​ចេតនា​ប្រមាថ​ព្រះមហាក្សត្រ​ទេ ប៉ុន្តែ​គ្រាន់តែ​ចង់​ចង្អុល​បង្ហាញ​ពី​បញ្ហា​នៃ​ការអនុវត្ត​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ក្រោម​ការដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ប្រាយុទ្ធ ចាន់អូចា​ ។
 
លោកស្រី Chonthicha Jaengraew ជាសមាជិកបក្សឆ្ពោះទៅមុខ ដែលជាគណបក្សទទួលបានអាសនៈសភាច្រើនជាងគេនៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំមុន ប៉ុន្តែមិនមានសិទ្ធិបង្កើតរដ្ឋាភិបាលទេ។ គណបក្ស​នេះ​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​អំឡុង​ពេល​បោះឆ្នោត​ដោយសារ​តែ​ប្តេជ្ញា​កែប្រែ​មាត្រា ១១២ នៃ​ក្រមព្រហ្មទណ្ឌ។
 
មាត្រា ១១២នៃក្រមព្រហ្មទណ្ឌថៃ គឺជាពាក់ព័ន្ធច្បាប់ប្រមាថព្រះមហាក្សត្រដែលចែងថា ជនណាដែលបង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថ ឬគំរាមកំហែងព្រះមហាក្សត្រ ព្រះមហាក្សត្រី អ្នកស្នងរាជ្យ រាជវង្សានុវង្ស នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ ទៅ១៥ឆ្នាំ។
 
កន្លងមក អ្នកតំណាងរាស្រ្តបក្សឆ្ពោះទៅមុខម្នាក់ទៀតគឺលោកស្រី Rukchanok Srinork ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំកាលពីចុងឆ្នាំមុន ពីបទប្រមាថព្រះរាជវង្សានុវង្សថៃ និងរំលោភលើអំពើឧក្រិដ្ឋកម្មកុំព្យូទ័រ។
 
គួរបញ្ជាក់ថា ​ថៃ​ជា​ប្រទេស​ដែល​មាន​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​តឹងរ៉ឹង​បំផុត​ក្នុង​ពិភពលោក។ បន្ទាប់​ពី​ចលនា​តវ៉ា​ឆ្នាំ ២០២០ ប្រទេស​នេះ​រឹត​បន្តឹង​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ និង​បង្កើន​និតិវិធី​ដោះស្រាយ​ចំពោះអ្នក​បំពានច្បាប់នេះ​៕ 

Tag:
 ថៃ
  បក្សឆ្ពោះទៅមុខ
© រក្សាសិទ្ធិដោយ thmeythmey.com