ជាតិ
សេដ្ឋកិច្ច
កម្ពុជា ពិភាក្សាជាមួយចិន ដើម្បីពន្លឿនបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន​
28, May 2024 , 3:34 pm        
រូបភាព
កម្ពុជា បន្តកិច្ចពិភាក្សាជាមួយចិន ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ»។ ការពិភាក្សានេះត្រូវបានដឹកនាំលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(​CDC) ជាមួយលោកស្រី Jiang Fuhua នាយិកាមជ្ឈមណ្ឌលស្រាវជ្រាវរបស់គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មប្រឹក្សាវិស្វកម្មអន្តរជាតិ (CIECC )ចិន នាថ្ងៃទី២៧ឧសភា។

 
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្ដល់ព័ត៌មានលម្អិតនានា អំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនទៅគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃប្រទេសចិន ដើម្បីពិនិត្យត្រៀមរៀបចំអនុវត្តនីតិវិធីបន្ទាប់ ជំរុញការបើកការដ្ឋាននៃគម្រោងនេះ ឱ្យបានឆាប់រហ័ស។ នេះបើតាមចុះផ្សាយរបស់CDC។ 
 
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានពន្យល់លោកស្រី Zhang Jianhua អំពីគម្រោងព្រែកជីកហ្វូណន ដែលមានភូមិសាស្រ្តនៃតម្រាយខ្សែផ្លូវទឹកធម្មជាតិ។ លោកបានបញ្ជាក់ថា តម្រាយផ្លូវទឹកនេះ បានបន្សល់ទុកពីសម័យបុរាណ និងធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណន។ 
 
គម្រោងគ្រោងសាងសសង់សន្ទះផ្លូវទឹកចំនួន៣កន្លែង ដែលស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃ ទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ រួមទាំងអត្រានៃរំហូរទឹកសាប ត្រូវហូរចេញទៅសមុទ្របានផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីរូបនេះបានអះអាងជាថ្មីថា ៖ « គម្រោងនេះមិនអាចបង្កឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានឡើយ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះ នឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តនៅកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម»។ 
 


តាមការសិក្សាយ៉ាងលម្អិតនៃគម្រោងព្រែកជីកហ្វូណនបានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ៨០០០ម៉ែត្រគូបក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី(1400m3/s)។ ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកនោះត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទី(5m3/s)ប៉ុណ្ណោះ ឬប្រមាណ ០,០៥៣ភាគរយ។ 
 
កាលពីថ្ងៃទី១៦ឧសភា ឆ្នាំ២០២៤ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានជំរុញរដ្ឋាភិបាលបើកដ្ឋានសាងសង់«ព្រែកជីកហ្វូណន» ឱ្យបានលឿន គឺកាន់តែប្រសើរ​ ដើម្បីបញ្ចប់នូវការវាយប្រហារនានា ប្រឆាំងលើគម្រោងនេះ។​ « បើបើកការដ្ឋាន[សាងសង់ព្រែកជីកហ្វូណន]បានឆាប់​ គឺធ្វើទៅៗ។ កុំរង់ចាំអ្វីទៀត គឺធ្វើទៅ!»។ នេះជាការផ្តល់មតិរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ដែលមើលឃើញថា គម្រោងព្រែកជីកហ្វូណនប្រវែង១៨០គីឡូម៉ែត្រនេះ មិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមឡើយ។ ហេតុដូច្នេះ កម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។ 
 
តាមផែនការរបស់ក្រសួងសាធារណការ និងជញ្ជូន គម្រោងព្រែកជីកហ្វូណន នឹងត្រូវបើកដ្ឋានសាងសង់​នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២៤ ក្រោមទុនវិនិយោគ​ពីក្រុមហ៊ុនចិន១ ៧០០លានដុល្លារអាម៉េរិក។ ប៉ុន្តែគម្រោងនេះនឹងអាចបើកការដ្ឋានសាងសង់មុនពេលកំណត់។ បើតាមការសិក្សា បន្ទាប់ពីកម្ពុជាសាងសង់ព្រែកជីកហ្វូណនតេជោនេះរួចនឹងទទួលផលចំណេញពីការដឹកជញ្ជូនបានពី ៨៨ ទៅ ៥៧០លានដុល្លារក្នុងមួយឆ្នាំ៕

Tag:
 គម្រោងព្រែកជីកហ្វូណន​
© រក្សាសិទ្ធិដោយ thmeythmey.com