ជាតិ
តម្រាយផ្លូវ ក្បួនដង្ហែព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស
28, May 2024 , 4:10 pm        
រូបភាព
រូបពីហ្វេសប៊ុកវត្តឧណ្ណាលោម-Unnalom Pagoda
រូបពីហ្វេសប៊ុកវត្តឧណ្ណាលោម-Unnalom Pagoda
ភ្នំពេញ៖ ក្បួនដង្ហែព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃថ្វាយព្រះភ្លើង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នឹងធ្វើដំណើរចេញពីវត្តឧណ្ណាលោម ដើម្បីឆ្ពោះទៅព្រះមេរុ នៅខាងមុខវត្តបទុមវតី។



ក្បួនបង្ហែ ចាប់ផ្ដើមដង្ហែចេញពីវត្តឧណ្ណាលោម តាមបណ្ដោយផ្លូវ តីរវិថី ព្រះស៊ីសុវត្ថិ ឆ្ពោះទៅកាន់រមណីយដ្ឋានវត្តភ្នំ ដែលត្រូវបត់ឆ្វេង តាមវិថីបក្សីចាំក្រុង(ផ្លូវលេខ៩៤) បង្សុកូលលើកទី១ នៅមុខវត្តភ្នំ។ រួចហើយក្បួន ឆ្ពោះដំណើរបន្តទៅតាមបណ្ដោយផ្លូវ មហាវិថីព្រះនរោត្តម (ផ្លូវលេខ៤១) ដើម្បីបង្សុកូលលើកទី២ នៅមុខធនាគារស្ថាបនា ទិសបស្ចឹមវត្តសារាវ័នតេជោ។ 
 
បន្ទាប់មក ធ្វើដំណើរបន្តទៅវិមានឯករាជ្យ ដើម្បីបង្សុកូលលើកទី៣ នៅទិសបស្ចឹម នៃវិមានឯករាជ្យ។ ក្បួនបន្តធ្វើដំណើរតាមទីសួនមុខវត្តបទុមវតី ដើម្បីរៀបចំកម្មវិធី ថ្វាយព្រះភ្លើង ព្រះបរមសព តាមបណ្ដោយមហាវិថី ព្រះសីហនុ(ផ្លូវលេខ ២៧៤) រួចបត់ឆ្វេង តាមបណ្ដោយមហាវិថី សម្ដេច សុធារស (ផ្លូវលេខ៣) ឆ្ពោះទៅទីតាំងប្រារព្ធពិធី។
 
សូមបញ្ជាក់ថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ និងជាសម្ដេចព្រះចៅអធិការវត្តឧណ្ណាលោម រាជធានីភ្នំពេញ បានយាងចូលព្រះទិវង្គត នាថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥ និង៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះរោគាពាធ ។ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី នឹងថ្វាយព្រះភ្លើងព្រះបរមសព ពីព្រះពន្លាជ័យ៕
 

Tag:
 សាសនា
  ព្រះរាជពិធីបុណ្យ
  ព្រះសព
  ក្បួន
 ​ព្រះសង្ឃ
  សម្ដេច ទេព វង្ស
© រក្សាសិទ្ធិដោយ thmeythmey.com