ជាតិ
លើវេទិកាទទួលពាននៅសិង្ហបុរី តារាសម្ដែង ស៊ីន យូប៊ីន ប្រាប់បរទេសកុំរំលងការវិនិយោគនៅកម្ពុជា
28, May 2024 , 5:59 pm        
រូបភាព
ភ្នំពេញ​៖ កញ្ញា ស៊ីន យូប៊ីន បានទទួលកិត្តិយសឡើងទទួលពានរង្វាន់ Inspirational Women  Hall of Fame ពីកម្មវិធី HOFS AWARDS 2024 (Hall of Fame in Singapore 2024) ដែលប្រារព្ធឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។ លើវេទិកា ដៃកំពុងកាន់ពាន ស៊ីន យូប៊ីន បានប្រាប់ភ្ញៀវក្នុងពិធី ដែលសុទ្ធសឹងជា អ្នកធុរកិច្ចល្បីៗមកពីបណ្តាប្រទេសផ្សេងៗ ថា កុំមើលរំលង ក្នុងការមកបណ្តាក់ទុន ក្នុងប្រទេសកម្ពុជា។

 
កម្មវិធី HOFS AWARDS 2024 (Hall of Fame in Singapore 2024) គឺជាកម្មវិធី ដែលផ្តល់ពានរង្វាន់ទៅកាន់បុគ្គល មានឥទ្ធិពលលើបណ្ដាញសង្គម ទាំងផ្នែកសិល្បៈ និងអ្នកជំនួញនៅអាសីអាគ្នេយ៌ ។ 
 
កញ្ញា ស៊ីន យូប៊ីន ជាតារាសម្ដែង ដែលកំពុងទទួលបានការទទួលស្គាល់ពីសមត្ថភាព ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ បានទទួលពាន់រង្វាន់ inspirational women hall of fame 2024 ពីកម្មវិធី HOFS AWARDS 2024 ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅ។ ពាននេះផ្តល់ជូនដល់បុគ្គល ដែលមានសម្ថភាពច្រើនផ្នែក និងមានស្នាដៃ ដែលមហាជនទទួលស្គាល់ច្រើនជាងគេ ព្រមទាំងជាបុគ្គលដែលមានការបំផុសគំនិតដល់អ្នកដទៃ។
 
ក្នុងកម្មវិធី តារាសម្ដែងទម្រង់មុខមូលពងក្រពើ ស្អាតដូចគំនូររូបនេះ បានលើកចំណុចល្អៗជាច្រើនពីកម្ពុជា ទាំងផ្នែកភូមិសាស្រ និងការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងវិស័យវិនិយោគ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ឱ្យមកវិនិយោគនៅកម្ពុជា។
 
កញ្ញា បាននិយាយទៅកាន់អ្នកវិនិយោគ ដែលនាងជួបផ្ទាល់៖«បើលោកអ្នក ចង់ពង្រីកមុខជំនួញ សូមកុំមើលរំលងប្រទេសកម្ពុជា។ ហេតុអ្វី? ព្រោះទោះកម្ពុជា ជាប្រទេសតូច តែយើងជាប្រទេស ដែលមានសក្ដានុពល។ មានបេះដូងធំ។ កម្ពុជាយើង មិនដែលខ្លាច ក្នុងការចូលរួម បោះជំហ៊ានទៅមុខទេ មិនថាស្ថិតក្នុងស្ថានភាពណាមួយឡើយ។ យើងបានបង្កើតពាក្យស្លោកមួយថា «ខ្មែរធ្វើបាន» ជាចំនុចដែលធានាថា ការវិនិយោគនៅកម្ពុជា ពិតជាទទួលបានលទ្ធផល ឈ្នះ-ឈ្នះជាក់ជាមិនខាន»។
 

 
សូមរំលឹកថា នេះមិនមែនជាលើកដំបូងឡើយ ដែលតារាសម្តែងស្រី ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ពីកម្មវិធី HOFS AWARDS 2024 ពោលតារាសម្ដែង សាច់សម៉ដ្ឋរលោងរូបនេះ ធ្លាប់ទទួលបានពានរង្វាន់នេះម្តងរួចមកហើយ កាលពីឆ្នាំ២០២៣កន្លងទៅ។ 
 
កាលឆ្នាំនោះ យូប៊ីន បានប្រើប្រាស់សម្លេងរបស់ខ្លួន ផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា ដោយបានលើកឡើងពីតំបន់ទេសចរណ៍ ភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ និងបានជំរុញលើកទឹកចិត្តភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅកម្ពុជា យ៉ាងហោចណាស់ម្តងក្នុងជីវិត។ 
 
«គ្រប់គ្នានឹងទទួលបានបទពិសោធ ដ៏អស្ចារ្យជាមួយនឹងសិល្បៈ វប្បធម៌ អរិយធម៌ដ៏រស់រវើករបស់ខ្មែរ។លោកអ្នកនឹងដឹងថា ប្រទេសកម្ពុជា គឺពិតជាអស្ចារ្យ លើសពីអ្វីដែលអ្នកធ្លាប់បានដឹង និងធ្លាប់បានឮ»។ នេះជាអ្វីដែលកញ្ញា ធ្លាប់ផ្សព្វផ្សាយពីកម្ពុជា កាលពីឆ្នាំមុន នៅក្នុងកម្មវិធី HOFS AWARDS 2024។
 
ជាតារាសម្ដែង ដែលធ្លាប់ទទួលបានពាក្យមិនល្អ ពីសាធារណជនមួយចំនួន ស៊ីន យូប៊ីន បានតស៊ូជម្នះ រហូតទទួលបានការគាំទ្រ ទាំងលើឆាកអន្តរជាតិ។ នារីរូបនេះ បានក្លាយជាតួសម្ដែងដំបូងគេពីកម្ពុជា ដែលបានដើរលើកម្រាលព្រំក្រហម ក្នុងកម្មវិធី Cannes film festival ហើយឆ្នាំ២០២៤នេះ គឺជាលើកទី២របស់នាង ក្នុងកម្មវិធីនោះ។
 

 
ក្នុងកម្មវិធីលំដាប់ពិភពលោកនោះ យូប៊ីន សង្កេតឃើញថា បរទេសចាប់ផ្តើមស្គាល់ តារាសម្ដែងរបស់កម្ពុជាជាបណ្ដើរៗហើយ។ នាងសង្កត់ធ្ងន់ថា អ្វីដែលធ្វើឱ្យបរទេស ចាប់អារម្មណ៍ខ្លាំងលើតារាកម្ពុជា គឺការច្នៃបញ្ចូលក្បាច់សិល្បៈបុរាណ លើឈុតសម្លៀកបំពាក់ ដោយបង្ហាញពីវប្បធម៌របស់ខ្មែរ។
 
កញ្ញាបន្ថែម៖«ពួកគេកោតសរសើរ ថាប្លែកភ្នែកជាខ្លាំង។ នេះសបញ្ចាក់ ឱ្យឃើញយ៉ាងច្បាស់ថា វប្បធម៌ដ៏ចំណាស់របស់ខ្មែរ ពិតជាស្រស់ស្អាត និងទាក់ទាញបំផុត អាចធ្វើឱ្យពិភពលោក ចាប់អារម្មណ៍ចង់ដឹងចង់ឮ។ ការរំលេចទម្រង់ សិល្បៈបុរាណលាយសម័យ បង្កប់អត្ថសញ្ញាណជាតិ លើឈុតសម្លៀកបំពាក់ និងគ្រឿងអលង្ការ លម្អលើរូបរាងកាយជាដើម សុទ្ធសឹងបង្ហាញពីភាពជាខ្មែរ ទៅកាន់ពិភពលោក។ ហើយពួកយើងបានផ្សព្វផ្សាយពីកម្ពុជា តាមរយៈរឿងទាំងនេះ»។
 


ឆ្លៀតក្នុង​ឱកាសនេះ តារាសម្ដែង កំពុងតែឆក់យកបេះដូងប្រជាជនខ្មែរ ក៏ដូចជាសាធារណជនបរទេសរូបនេះ សំណូមពរដល់ប្រជាជនខ្មែរគ្រប់រូប រួមគ្នាជាធ្លុងមួយ ដើម្បីជួយផ្សព្វផ្សាយ និងលើកតម្កើងជាតិខ្លួន ទាំងអស់គ្នា។ 
 
«សូមកុំបង្ករជម្លោះឈាមឯង ក្នុងផ្ទះឯងធ្វើអី វានាំមកនូវកាវិនាស ក៏ដូចជានាំឱ្យអ្នកក្រៅ គេសើចយំនិងយើងបាន។ កូនខ្មែរគួរតែរស់នៅ ប្រកបដោយគុណធម៌ និងភាពថ្លៃថ្នូរបំផុត។

យើងគ្រប់គ្នាមិនអាចរើសកន្លែងកើត មិនអាចរើសប្រទេសកើត មិនអាចរើសសញ្ជាតិកើត តែយើងអាចរើសធ្វើជាមនុស្សល្អ ធ្វើជាប្រជាជនល្អ ដើម្បីសងគុណប្រទេសជាតិ ដែលយើងកើត។ តែបើមិនបានសងគុណ ក៏សូមកុំបំផ្លាញជាតិ រឹតតែកុំបំបាក់ទឹកចិត្ត អ្នកដែលគេខំធ្វើដើម្បីជាតិ»។ នេះជាការស្នើ និងទទូចរបស់ ស៊ីន យូប៊ិន៕
 

Tag:
 សិល្បៈ
  តារាសម្ដែង
 ​ពានរង្វាន់
  វិនិយោគ
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com