RFI
អន្តរជាតិ
តើចិន​បញ្ចេញឧស្ម័នកាបូនិកដល់កម្រិតកំពូលហើយឬក៏យ៉ាងណា?
29, May 2024 , 7:59 am        
រូបភាព
ទីតាំង​ផ្ទាំងស្រូបកំដៅព្រះអាទិត្យរបស់ចិន នៅ​ខេត្ត​ហ៊ូពេប្រទេសចិន AP - Ng Han Guan
ទីតាំង​ផ្ទាំងស្រូបកំដៅព្រះអាទិត្យរបស់ចិន នៅ​ខេត្ត​ហ៊ូពេប្រទេសចិន AP - Ng Han Guan
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា

ការបញ្ចេញ​ឧស្ម័នកាបូនិក​នៅ​មហាអំណាច​សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ថយចុះ​គួរ​ឲ្យកត់សំគាល់​នៅ​ខែ​មីនា។ យោងតាម​ការសិក្សា​ចេញផ្សាយ​វិបសៃតិ៍ជំនាញខាងវិទ្យាសាស្រ្ត Carbon Brief ការបញ្ចេញឧស្ម័នកាបូនិក​ធ្លាក់ថយចុះ​ជា​លើកទី១ នៅក្រោយ​ការចាប់ផ្តើម​សកម្ម​សេដ្ឋកិច្ច ក្រោយ​សម័យ​កូវីដយ៉ាងដូច្នេះ អាច​ធ្វើ​ឲ្យគេវាយតម្លៃថា ការបញ្ចេញ​ឧស្ម័នកាបូនិក​បាន​ឈាន​ដល់​កម្រិត​កំពូល ឬអាច​និយាយ​បាន​ម្យ៉ាងទៀតថា អំណើះតទៅ ការបញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់​នៅចិន​នឹង​ចាប់ធ្លាក់ថយចុះ ដែល​នេះជា​ដំណឹងដ៏ល្អ​សម្រាប់ពិភពលោក​ដែល​កំពុង​រួបរឹត​ដោយ​ការប្រែប្រួលអាកាសធាតុ ការឡើងកំដៅនៅលើ​ផែនដី។

 
ការសិក្សាថ្មី​ចុងក្រោយ​របស់​ក្រុមអ្នកជំនាញវិទ្យាសាស្រ្ត ប្រចាំ​វិបសៃតិ៍ Carbon Brief បង្ហាញថា ​​មហាអំណាច​សេដ្ឋកិច្ច​ចិនទំនង​ឈាន​ដល់​ចំណុចកំពូល អតិបរមានៃ​ការបញ្ចេញ​ឧស្ម័នកាបូនិក​​​។ អ្នកស្រាវជ្រាវរបស់​Carbon Briefដែលមានទីតាំង​នៅប្រទេស​អង់គ្លេស ហ៊ាន​វាយតម្លៃយ៉ាងដូច្នេះ ដោយ​យោងទៅលើ​ចំនួន​ឧស្ម័នកាបូនិក​ដែល​ចេញបាន​បញ្ចេញ​នៅ​៣ខែ​ដើម​ឆ្នាំនេះ។
 
យោង​តាម​ការសិក្សា​ខាងលើ ការបញ្ចេញ​ឧស្ម័ន​កាបូនិក​របស់ចិន​បានធ្លាក់ថយចុះ​ នៅ​ខែ​មីនា។ នេះជាលើកទី១ គិត​ចាប់តាំង​ពី​ចិនចាប់ផ្តើម​ជំរុញ​សេដ្ឋកិច្ច​ក្រោយវិបត្តិកូវីដ។ ​អ្នកជំនាញរបស់​​វិបសៃតិ៍ Carbon Briefបានពន្យល់​ថា ការបញ្ចេញឧស្ម័នកាបូនិក​នៅ​ចិន​ធ្លាក់ថយចុះគួរ​ឲ្យកត់សំគាល់ នៅ​ខែ មីនា ដោយ​មក​ពី​សមត្ថភាព​របស់​ចិន​នៅក្នុងការផលិត​ថាមពល​កកើតឡើងវិញ ដូចជា​ថាមពល​បានមកពីផ្ទាំងសូឡា និង​ថាមពល​វាយោ។
 
បើតាម​ការសិក្សា​ខាងលើ ថាមពល​មិន​ចេះរីងស្ងួតរបស់​ចិន​បាន​ឆ្លើយតបទៅនឹង​តម្រូវការ​អគ្គិសនី​ នៅក្នុង​អំឡុង​ខែ​មីនា បូកផ្សំ​នឹង​ការធ្លាក់ថយចុះ​នៃគម្រោងសំណង់ថ្មី​នៅប្រទេស​ចិន។ ជាក់ស្តែង បើប្រៀបធៀប​នឹង​ឆ្នាំមុន ការផលិតដែកថយចុះ​អស់​៨% ចំណែកការផលិត​ស៊ីម៉ង់​ធ្លាក់ថយចុះ​២២%។
 
ការធ្លាក់ថយចុះ​នៃ​ការផលិតដែក និងស៊ីម៉ង់​ឆ្លុះបញ្ចាំង​ពី​និន្នាការនយោបាយ​របស់​រដ្ឋអំណាចចិន​នៅ​ក្នុងការកាត់បន្ថយ​សំណង់ថ្មី ដែល​នេះជា​បច្ច័យល្អ​ក្រៃដើម្បីចូលរួមចំណែកក្នុង​ការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិកនៅ​ក្នុង​វិស័យសំណង់។
 
​បញ្ចេញ​ឧស្ម័នកាបូនិក​ច្រើនជាងគេ​ក្នុង​ពិភពលោក ​(ប្រមាណ ២៩%)​ ចិន​បាន​វិនិយោគច្រើន​ទៅលើ​ថាមពល​កកើតឡើង​វិញ ដូចជា​ការសាងសង់​កង្ហារខ្យល់ ផ្ទាំង​ស្រូបកំដៅព្រះអាទិត្យ។

ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​ក្នុងការកាត់បន្ថយការបញ្ចេញ​​ឧស្ម័នកាបូនិក​យ៉ាងយូរបំផុត​នៅឆ្នាំ ២០៣០ ឬអព្យាក្រឹត​កាបូន​នៅ​ឆ្នាំ ២០៦០ ចិន​ប្រឹងប្រែង​ណាស់ដែរ​ដើម្បីប្រើប្រាស់​ថាមពល​ថ្មី​ដែល​មិនបញ្ចេញ​ឧស្ម័នកាបូនិក ដូចជា​ការជំរុញ​ឲ្យប្រើប្រាស់​រថយន្ត​អគ្គិសនី ដែល​តំណាង​ឲ្យ​១០%​នៃ​រថយន្ត​កំពុងចរាចរ​នៅ​ប្រទេស​ចិនជាដើម។ ទោះមាន​ឆន្ទៈ​​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក តាមរយៈ​ការបង្កើន​សមត្ថភាព​ផលិត​ថាមពល​ស្អាតស្អំ។ ប៉ុន្តែ ដោយសារតែ ថាមពល​បានមកពីផ្ទាំងសូឡា និង​កង្ហារយក្ស​អាចផលិត​អគ្គិសនីបាន​១៥%​នៃ​តម្រូវការ​សរុបក្នុងប្រទេស ជាពិសេស​នៅក្នុងកាលៈ​ទេសៈ​ដែល​តម្រូវ​ការអគ្គិសនី​កើនឡើង​ដោយសារការប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់ ចេះតែកើនឡើងលឿនស្លេវ ចិន​នៅតែបន្ត​សាងសង់​រោងចក្រ​អគ្គិសនីដើរដោយ​ថាមពលធ្យូងថ្ម បើទោះវា​ជាប្រភព​បញ្ចេញ​ឧស្ម័នកាបូនិក​ ឧស្ម័នផ្ទះកញ្ចក់។ ចិននៅតែ​​ត្រូវការ​ថាមពលធ្យូងថ្ម ដើម្បី​​ឆ្លើយតប​នឹងការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធថ្មី​ ដើម្បី​កំណើនសេដ្ឋកិច្ច​ដែលជាគោលដៅចំបងរបស់​មហាអំណាចចិន៕

© រក្សាសិទ្ធិដោយ thmeythmey.com