ជាតិ
«មហាវិថី ស៊ី ជីនពីង» កំណាត់​ផ្លូវក្រវាត់ក្រុងទី៣ ដែលតភ្ជាប់ពីផ្លូវជាតិ​លេខ៤ដល់លេខ១
29, May 2024 , 9:03 am        
រូបភាព
ដោយ: រួបរួម
ឈ្មោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបាន​ប្រសិទ្ធនាមសម្រាប់កំណាត់​ផ្លូវក្រវាត់​ក្រុង​ទី៣ ប្រវែងជិត​៥៣គីឡូម៉ែត្រ ដែលភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ដល់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្ររាជធានីភ្នំពេញ និង​ខេត្តកណ្តាល។ ពិធី​សម្ពោធជានិមិត្តរូបប្រសិទ្ធនាម «មហាវិថី ស៊ី ជីនពីង» ត្រូវបាន​រៀបចំឡើង​នៅ​វិមាន​សន្តិភាព​ កាលពីល្ងាច​ថ្ងៃទី​២៨ ខែឧសភា ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ឯកអគ្គ​រដ្ឋទូតចិន វ៉ាង វិនធាន។

 
ជាផ្នែកមួយនៃការ​រឹតចំណង​មិត្តភាពដែក​ថែប​កម្ពុជា-ចិន កំណាត់​ផ្លូវ​ខ្សែក្រវាត់ក្រុង​ទី៣ ត្រូវ​បាន​បញ្ចប់ការ​សាងសង់​ជា​ស្ថាពរ កាលពី​ខែមិថុនា ឆ្នាំ២០២៣ ក្រោយចំណាយពេល​អស់​ចំនួន​៥២ខែ។ ផ្លូវ​ដែល​ចំណាយ​ថវិកា​សាងសង់​ជាង ​២៧៣លាន​ដុល្លារអាម៉េរិក ក្រោម​ជំនួយ​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាលចិន រួមជាមួយ​ថវិកា​បដិភាគ​របស់រដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ដាក់ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៣។
 
ការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ជា «មហាវិថី ស៊ី ជីនពីង» មានអត្ថន័យធំធេងសម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ នេះបើតាម​ការ​បញ្ជាក់នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ​បាន​រំលេច​ផងដែរថា កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ រួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ក្នុង​គម្រោងធំៗត្រូវបានបង្កើតឡើង រួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត។ រហូតមកដល់ពេលនេះ ចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤ ០០០ គីឡូម៉ែត្រនៅកម្ពុជា។ 
 


«មហាវិថី ស៊ី ជិនពីង» ដែលមានប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦។ 
 
ផ្លូវនេះ ឆ្លងកាត់ផ្លូវជាតិលេខ៤ ,ផ្លូវជាតិលេខ៣ , ផ្លូវជាតិលេខ២ ,ផ្លូវជាតិលេខ២១ ,ផ្លូវជាតិលេខ២១A ,ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋ កោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 
 
«មហាវិថី ស៊ី ជិនពីង» តភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១ (AH-1) និងផ្លូវអាស៊ានហាយវេលេខ១១ (AH-11) និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួមចំណែកសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដោយជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់៕ 


Tag:
 ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com