ជាតិ
ផែនដង្ហែព្រះបរមសព សម្ដេចព្រះសង្ឃរាជ ទេព វង្ស ក្នុងថ្ងៃថ្វាយព្រះភ្លើង
30, May 2024 , 10:30 am        
រូបភាព
(រូបពីហ្វេសប៊ុក វត្តឧណ្ណាលោម-Unnalom Pagoda)
(រូបពីហ្វេសប៊ុក វត្តឧណ្ណាលោម-Unnalom Pagoda)
ភ្នំពេញ៖ ក្បួនថ្មើរជើង ហែព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ វេលា​ម៉ោង ៦ ព្រឹក នឹងចេញដំណើរពីវត្តឧណ្ណាលោម ឆ្ពោះទៅព្រះមេរុ មុខវត្តបទុមវតីរាជវរារាម។ ក្បួនដង្ហែព្រះបរមសព បែងចែកជា៥ផែនធំៗ ដោយក្នុងមួយផែនៗ បែងចែកជាផែនតូចៗជាច្រើនទៀត។

 
ផែនធំទី១ បែងចែកជាផែនតូច២ផែន។ ផែនតូចទី១ ជាផែនកាន់ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ។ អ្នកកាន់ទង់ជាតិមាន៤រូប ទង់សាសនា៣រូប និងទង់ព្រះបរមរាជវាំង៣រូប។ សម្រាប់ផែនតូចទី២ ជាផែនរុញរទេះស្គរជ័យ គងជ័យ ដែលមានអ្នករុញ១០រូប។ ផែននេះមានស្គរជ័យ១ និងគងជ័យ២។ 

(រូបពីហ្វេសប៊ុក វត្តឧណ្ណាលោម-Unnalom Pagoda)
 
ចំពោះផែនធំទី២ បែងចែកជាផែនតូចៗចំនួន១១ផែន។ ផែនតូចទី១ ជាផែនត្រែទ័ព មានអ្នកផ្លុំ៥១រូប។ ផែនតូចទី២ ជាផែនកងទ័ពជើងគោក មានចំនួន៩៣រូប មានប៉ានដៃកាន់ទុក្ខ(កាន់ផ្កាឈូក)។ ផែនតូចទី៣ ជាផែនកងទ័ពជើងទឹក មានចំនួន៩៣រូប មានប៉ានដៃកាន់ទុក្ខ(កាន់ផ្កាឈូក)។ ផែនតូចទី៤ ជាផែនកងទ័ពជើងអាកាស មានចំនួន៩៣រូប មានប៉ានដៃកាន់ទុក្ខ(កាន់ផ្កាឈូក)។
 
ផែនតូចទី៥ ជាផែនកងរាជអាវុធហត្ថ មានចំនួន៩៣រូប មានប៉ានដៃកាន់ទុក្ខ (កាន់ផ្កាឈូក)។ ផែនតូចទី៦ ជាផែនកងអង្គរក្សនគរបាលជាតិ មានចំនួន៩៣រូប មានប៉ានដៃកាន់ទុក្ខ(កាន់ផ្កាឈូក)។ ផែនតូចទី៧ ជាផែនកងនគរបាលជាតិ មាន៩៣រូប មានប៉ានដៃកាន់ទុក្ខ(កាន់ផ្កាឈូក)។ 
 
ផែនតូចទី៨ ជាផែនសមាគមកាយរឹទ្ធិនារីកម្ពុជា មានចំនួន៩៣រូប មានបូកាន់ទុក្ខ(កាន់ផ្កាឈូក)។ ផែនតូចទី៩ ជាផែនសហភាពសហព័ន្ធយុវជនកម្ពុជា មាន៩៣រូប មានប៉ានដៃកាន់ទុក្ខ (កាន់កូរោនស្រស់៤៦កូរោន)។ ផែនតូចទី១០ ជាផែនយុវជនកាយរឹទ្ធិ មានចំនួន៩៣រូប មានប៉ានដៃកាន់ទុក្ខ (កាន់កូរោនក្រៀម ចំនួន៤៦កូរោន)។ ផែនតូចទី១១ ជាផែនយុវជនកាកបាទក្រហមកម្ពុជា មានចំនួន៩៣រូប មានប៉ានដៃកាន់ទុក្ខ (កាន់ទេយ្យទាន៩៣)។

(រូបពីហ្វេសប៊ុក វត្តឧណ្ណាលោម-Unnalom Pagoda)
 
 
មកដល់ផែនធំទី៣ មានផែនតូចៗ ចំនួន៥ផែន។ ផែនតូចទី១ ជាផែនកងកិត្តិយស មាន៣រូប កាន់ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ។ ផែនតូចទី២ ជាផែនរថយន្តតម្កល់ព្រះបរមឆាយាល័ក្ខណ៍។ ផែននេះ មានអ្នកកាន់ក្លស់១រូប និងកងកិត្តិយសឈរអម២រូប ឈរនៅលើរថយន្ត ដោយមានកងដើរអមសងខាងរថយន្ត១០រូប(កងទ័ព)។ 
 
ផែនតូចទី៣ ជាផែនអ្នកកាន់ផ្លិតយសពិសេស មាន១រូប កាន់បាត្រ១រូប កាន់រណ្ដាប់១រូប។ និងកងកិត្តិយស កាន់គ្រឿងឥស្សរិយយស៥រូប។ ផែនតូចទី៤ ជាផែនរុញភ្លេងពិណពាទ្យ មានចំនួន១០រូប(កងទ័ព) អ្នកប្រគំភ្លេងពិណពាទ្យ មានចំនួន១០រូប​។ ផែនតូចទី៥ ជាផែនទីនាំងរាជហង្សបុស្សុក តម្ដល់ព្រះពុទ្ធរូប និងព្រះត្រៃបិដក។
 
ចំពោះផែនធំទី៤ មានផែនតូចៗចំនួន១០ផែន។ ផែនតូចទី១ ជាផែនភ្លេងឆៃយ៉ាំ ឬហៅថា (ភ្លេងស្គរវែង ឬភ្លេងក្លងយ៉ាវ) ដែលមានតន្ត្រីករ១៤រូប។ ផែនតូចទី២ ជាផែនក្បួនមន្ត្រីក្រុមប្រឹក្សាធម្មនុញ្ញ ដែលមាន៣០រូប មានប៉ានដៃកាន់ទុក្ខ(កាន់ផ្កាឈូក)។ ផែនតូចទី៣ ជាផែនក្បួនមន្ត្រីព្រឹទ្ធសភា មានចំនួន៩៣រូប មានប៉ានដៃកាន់ទុក្ខ(កាន់ផ្កាឈូក)។ ផែនតូចទី៤ ជាផែនក្បួនមន្ត្រីរដ្ឋសភា ដែលមាន៩៣រូប មានប៉ានដៃកាន់ទុក្ខ(កាន់ផ្កាឈូក)។ ផែនតូចទី៥ ជាផែនក្បួនមន្ត្រីសាលារាជធានីភ្នំពេញ មានចំនួន៩៣រូប មានប៉ានដៃកាន់ទុក្ខ (កាន់ផ្កាឈូក)។

(រូបពីហ្វេសប៊ុក វត្តឧណ្ណាលោម-Unnalom Pagoda)
 
 
ផែនតូចទី៦ ជាផែនក្បួនមន្ត្រីក្រសួងធម្មការ និងសាសនា មានចំនួន៩៣រូប មានប៉ានដៃកាន់ទុក្ខ (កាន់ផ្កាឈូក)។ ផែនតូចទី៧ ជាផែនក្បួនព្រះសង្ឃបរទេសនានា ដែលមាន៩៣រូប។

ផែនតូចទី៨ ជាផែនក្បួនឥស្លាមសាសនា មានចំនួន៩៣រូប។ ផែនតូចទី៩ ជាផែនក្បួនគ្រិស្ដសាសនា មានចំនួន៩៣រូប។ 
 
ចំណែកផែនធំទី៥ ជាផែនចុងក្រោយគេ ហើយក៏ជាផែនដែលវិសេសជាងគេដែរ ដោយមានផែនតូចៗ ចំនួន១៤ផែន។ ចាប់ពីផែនតូចទី១ រហូតដល់ផែនតូចទី១០ ដែលនៅក្នុងផែនធំទី៥នេះ មានពលកាន់ខ្សែពួរ អមសងខាងក្បួនដង្ហែ រហូតដល់១៥០ម៉ែត្រ កាន់ទង់នាគ ទង់ម្ករ ទង់ក្អែប និងទង់ហង្ស ដោយមួយចំហៀង មាន៦០រូប (កងទ័ព)។
 
ផែនតូចទី១ ជាផែនព្រះទីនាំងព្រះសង្ឃអភិធម្ម២អង្គ គឺសម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី (មានផ្លិតយស)។ មួយព្រះអង្គទៀត គឺសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង(មានផ្លិតយស)។ ផែននេះ មានអ្នកកាន់ក្លស់២រូប និងអ្នកទប់ផ្លិតយស២រូប។ 

(រូបពីហ្វេសប៊ុក វត្តឧណ្ណាលោម-Unnalom Pagoda)
 

ផែនតូចទី២ ជាផែនកិត្តិយសកាន់ទង់ ចំនួន៤រូប ដែលមានកាន់ទង់ជាតិ២រូប ទង់សាសនា១រូប និងកាន់ទង់ព្រះមហាក្សត្រ១រូប។ ផែនតូចទី៣ ជាផែនភ្លេងស្គរឈ្នះ ឬហៅថា (ភ្លេងខ្លងខែក ឬភ្លេងក្លងឆ្នៈ) មានតន្ត្រីករ១៤រូប។ ផែនតូចទី៤ ជាផែនអាចារ្យកាន់ទង់ព្រលឹង ១រូប អ្នកអម៤រូប។ ផែនតូចទី៥ ជាផែនអ្នកកាន់ជើងធូប១រូប អ្នកអម៤រូប។ ផែនតូចទី៦ ជាផែនអ្នកបួសមុខភ្លើង មានចំនួន៥៤រូប។ 
 
ផែនតូចទី៧ ជាផែនអ្នកប្រាយលាជ មានចំនួន១០រូប។ ផែនតូចទី៨ ជាផែនអ្នកកាន់ផាយោង១រូប អ្នកអម៨រូប។ ផែននេះមានកងកិត្តិយស អូសខ្សែពួរសងខាង ចំនួន១៤រូប។ ផែនតូចទី៩ ជាផែនព្រះទីនាំងនាគរាជ តម្កល់មញ្ជូសា។ ផែននេះមាន សម្ដេចព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃ១០អង្គ គង់ជាព្រះមាតិកាអមមញ្ជូសា(ធម្មយុត្តិកនិកាយ២អង្គ)។ មានពលកាន់ផ្លិតបៃមន់ ផ្លិតចាមរ ផ្លិតបាំងសែង ផ្លិតភូតាន ផ្លិតសែនត្វ័ន ចំនួន១០រូបដើរអមសងខាង។ មានអ្នកកាន់ក្លស់១រូប។ 
 
ផែនតូចទី១០ ជាផែនក្រុមព្រះញាតិព្រះបរមសព ចូលរួមដង្ហែចំនួន៨៨រូប។ អ្នកទូលស្រូវពន្លៃ៥រូប។ ព្រះសង្ឃ ១ ០០០អង្គ ឃ្លុំស្បង់ចីវរ មានកាន់ផ្លិតយស(សូត្រធម៌)។ ផែនតូចទី១១ ជារថយន្តតម្កល់ឧសខ្លឹមចន្ទន៍។ ផែនបន្ទាប់ ជាផែនយាយជី មានចំនួន៩៣រូប មានបូកាន់ទុក្ខ(កាន់ផ្កាឈូក)។ ហើយផែនបន្ទាប់ទៀត ជាផែនតាជី មានចំនួន៩៣រូប មានបូកាន់ទុក្ខ (កាន់ផ្កាឈូក)។ 

(រូបពីហ្វេសប៊ុក វត្តឧណ្ណាលោម-Unnalom Pagoda)
 

ផែនតូចទី១២ ជាផែនពុទ្ធបរិស័ទ មានចំនួន៩៣រូប មានបូកាន់ទុក្ខ (កាន់ផ្កាឈូក)។ ផែនតូចទី១៣ ជាផែនកងការពារសុវត្ថិភាព សន្តិសុខក្បួន ចំនួន៥០រូប មានប៉ានដៃកាន់ទុក្ខ (បញ្ជាការដ្ឋានអង្គរក្ស)។ ចុងបញ្ចប់ជាផែនតូចទី១៤ គឺជារថយន្តពេទ្យ។
 
សូមបញ្ជាក់ថា ព្រះរាជពិធីថ្វាយព្រះភ្លើង ​ព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅព្រះមេរុ នៅខាងមុខវត្តបទុមវតី៕
 
(រូបពីហ្វេសប៊ុក វត្តឧណ្ណាលោម-Unnalom Pagoda)
 

Tag:
 សម្ដេច
  ព្រះសង្ឃ
  ព្រះសព
  ក្បួនដង្ហែ
  សម្ដេច ទេព វង្ស
© រក្សាសិទ្ធិដោយ thmeythmey.com