ជាតិ
សេដ្ឋកិច្ច
រដ្ឋ ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគ៧ ដែល​ពាក់ព័ន្ធអគារជាប់គាំងនៅ​ព្រះសីហនុ ​
30, May 2024 , 1:58 pm        
រូបភាព
ទិដ្ឋភាពរួមនៃទីរួមខេត្តព្រះសីហនុ
ទិដ្ឋភាពរួមនៃទីរួមខេត្តព្រះសីហនុ
គម្រោងវិនិយោគចំនួន១៤ទៀត ក្នុងនោះមាន៧គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល។ ចំណែកគម្រោង៦ទៀត មិនពាក់ព័ន្ធនឹងអគារជាប់គាំងនោះទេ ខណៈគម្រោង១ ​ទៀត គឺជាគម្រោងពង្រីកថ្មី។ គម្រោងទាំង១៤ ដែលទទួលបានការលើកទឹកចិត្តពិសេសនេះ មានដើមទុនវិនិយោគសរុបជាង ៧៣៣លានដុល្លារ។

 ​

 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគនៅខេត្តព្រះសីហនុនា ថ្ងៃទី២៩ឧសភា គម្រោងវិនិយោគទាំង១៤ខាងលើ ដែលបានការលើកទឹកចិត្តពិសេស ពី រដ្ឋាភិបាលនោះរួមមាន គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោង សណ្ឋាគារផ្កាយ៥ និងកាស៊ីណូ,គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុ មុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម ...ជាដើម។
 
«គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និងបរទេស និងមានទំហំតូច មធ្យម និងធំ»។ នេះជាការបញ្ជាក់របស់ក្រុមការងារ ជំរុញការវិនិយោគនៅខេត្ត
ព្រះសីហនុ ដែលចាប់តាំងពីសម្តេច ហ៊ុន ម៉ាណែត​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ​កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនាថ្ងៃទី៣១មករា ឆ្នាំ២០២៤ មកទល់ បច្ចុប្បន្ន គឺមានគម្រោងវិនិយោគចំនួន៤១ហើយដែលទទួលបានការលើកទឹកចិត្ត ពិសេស ពី​រដ្ឋាភិបាល។ 
 
សូមរំឭកថា ការផ្តល់ការលើកទឹកចិត្តពិសេសនេះមានវិសាលភាពចំពោះគម្រោង៣ប្រភេទដែលស្នើសុំ និង អនុវត្តក្នុងខេត្តព្រះសីហនុក្នុងឆ្នាំ២០២៤។ ក្នុងនោះ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង,  គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ២០២៤ និងការពង្រីកគម្រោង/សកម្មភាពធុរកិច្ច។ការលើកទឹកចិត្ត និងការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូ តូច និង មធ្យម ផងដែរ។
 
ជាមួយគ្នានេះ, សហគ្រាស ឬ គម្រោងដែលមានស្រាប់ក៏ទទួលបានការអនុគ្រោះ និងសម្រួលនីតិវិធីលើលិខិតអនុញ្ញាត អាជ្ញាបណ្ណ និងការតភ្ជាប់ទៅហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ជាអាទិ៍ ទឹក ភ្លើង ផ្លូវជាដើមតាមលក្ខណៈភូមិសាស្រ្ត និងលទ្ធភាពរបស់រដ្ឋ និង/ឬ វិស័យឯកជន៕
 

Tag:
 វិនិយោគ
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com