ជាតិ
ព្រឹកនេះ សម្ដេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំព្រឹទ្ធសភា ដើម្បីសម្រេចលើរបៀបវារៈសំខាន់៣
31, May 2024 , 7:59 am        
រូបភាព
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ រូបពី ព្រឹទ្ធសភា
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ រូបពី ព្រឹទ្ធសភា
ភ្នំពេញ៖ នៅថ្ងៃទី៣១ឧសភានេះ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា រវាងព្រឹទ្ធសភាភាកម្ពុជា​ និងព្រឹទ្ធសភា-រដ្ឋសភានៃបណ្ដាប្រទេសប្រជាមិត្ត។

 
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំលើកទី២ ដែលដឹកនាំដោយសម្ដេច ហ៊ុន សែន។ បើតាមការជូនដំណឹងរបស់ ព្រឹទ្ធសភា ការប្រជុំនេះ សម្ដេចនឹងពិនិត្យ ហើយសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត។ 
 
ជាមួយគ្នាដែរ កិច្ចប្រជុំ នឹងពិនិត្យ ហើយសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភា។ ប្រធានព្រឹទ្ធសភា នឹងពិនិត្យ ហើយសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា សម្រាប់ត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការ
អន្តរសភាផងដែរ។
 
សូមជម្រាបថា កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលដឹកនាំដោយ សម្ដេចកាលពីលើកទីមួយ គឺធ្វើឡើងកាលពីថ្ងៃទី៩ឧសភា។ កិច្ចប្រជុំនេះ សម្ដេច បានចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ, ចាត់តាំងក្រុមសមាជិកាព្រឹទ្ធសភា, ចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា និងចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា៕ 

Tag:
 ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com